កាលពីពេលថ្មីៗនេះតារាចម្រៀង នីកូ បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាច្រើនបន្ទាប់ពីតុបតែងខ្លួនជាអ្នកប្រុសទី៥ ដែលសម្តែងដោយតារាប្រុស Cheng Lei នៅក្នុងរឿង «The Lament of Autumn»។ អ្វីកាន់តែធ្វើឱ្យអ្នកតាមដានមានការចាប់អារម្មណ៍បន្ថែមទៀតលោកបាន Cover បទចម្រៀងក្នុងរឿងនេះជា Version ភាសាខ្មែរទៀតផងជាហេតុជំរុញឱ្យអ្នកគាំទ្របញ្ចេញមតិព្រោងព្រាត។

ភាពល្បីល្បាញនៃរឿង «The Lament of Autumn» ពីតារាសម្តែង Cheng Lei និង Xu Ruohan បានទាក់ទាញការចាប់អារម្មណ៍អ្នកគាំទ្រកម្ពុជាយ៉ាងច្រើនខណៈរឿងនេះទើបតែបានបញ្ចប់ការចាក់ផ្សាយហើយទស្សនិកជននៅតែដក់ជាប់នូវអារម្មណ៍សោកសៅដោយសារតែភាគបញ្ចប់មិនរីករាយឡើយ។ 
ទន្ទឹមនឹងស្នាដៃលេចធ្លោនៃខ្សែភាពយន្តខាងលើនេះគេបានឃើញតារាចម្រៀង នីកូ បានតុបតែងខ្លួនយ៉ាងស្រស់សង្ហាជាអ្នកប្រុសទី៥ ក្នុងសម័យសាធារណៈរដ្ឋចិន។ រូបរាងរបស់ នីកូ បានធ្វើឱ្យអ្នកគាំទ្រដែលនិយមតាមដានរឿងភាគនេះចាប់អារម្មណ៍ជាច្រើន។ លើសពីនេះទៅទៀត អ្នកគាំទ្រស្រាប់តែឃើញតារាចម្រៀងរូបនេះបានទម្លាក់ Cover ជាទម្រង់ភាសាខ្មែរពីបទចម្រៀងនៅក្នុងរឿងភាគដ៏ល្បីនេះ។

បទចម្រៀងក្នុងរឿង «The Lament of Autumn» មានចំណងជើងជាភាសាអង់គ្លេសថា «Fall in Love» ដែលបកស្រាយដោយតារាប្រុស Liu Yuning។ នៅក្នុងបទ Cover របស់ នីកូ គឺជាស្នាដៃសរសេររបស់ Roti ។

បន្ទាប់ពីទម្លាក់បទ Cover កាលពីល្ងាចថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០២៦ តារាចម្រៀង នីកូ ទទួលបានមតិប្រតិកម្មវិជ្ជមានពីអ្នកគាំទ្រ ក្នុងនោះបណ្តាផេកដែលបង្ហោះពីតារាចិនក៏បានចែករំលែកវីដេអូចម្រៀងរបស់លោកផងដែរ។ ជាងនេះទៅទៀត អ្នកគាំទ្រខ្លះបានចំអន់លេងសើចថាតារាចម្រៀងរូបនេះជាអ្នកប្រុសទី៦នៃត្រកូល យូ ដោយបានហៅលោកថា យូ នីកូ អ្នកខ្លះក៏ហៅលោកថាជាអ្នកប្រុសទី៥ សាខាកម្ពុជាជាដើមរួមទាំងមតិយោបល់ជាច្រើនទៀត៕










