អ៊ិន លក្ខិណា Miss world Cambodia 2026 បានចែករំលែកវីដេអូមួយដែលបង្ហាញពីចំណងមិត្តភាពដ៏ស្និទ្ធស្នាលជាមួយនឹង Taanusiya Chetty ដែលជា Miss World Asia 2026។ នៅពេលឃើញទំនាក់ទំនងល្អបវរកញ្ញាឆ្លងប្រទេសទាំងពីររូបដូចនេះបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ និងសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងនេះ។
.png)
នៅថ្ងៃទី៣ វិច្ឆិកា អ៊ិន លក្ខិណា បានបង្ហោះវីដេអូមួយដែលរូបនាងកំពុងស្ថិតនៅប្រទេសម៉ាឡេស៊ីជាមួយនឹងបវរកញ្ញា Taanusiya។ បវរកញ្ញាកម្ពុជារូបនេះបានសារភាពថារូបនាងមានសំណាងខ្លាំងណាស់ដែលនាងទទួលបានមិត្តភក្តិល្អៗជាច្រើននៅស្រុកក្រៅនិងបង្ហាញការយកចិត្តទុកដាក់នៅពលដែលឮថានាងត្រៀមចេញទៅក្រៅប្រទេសគឺព្យាយាមណាត់ជួបគ្នាតែម្តង។

ជាមួយគ្នានេះ លក្ខិណា ថាមិត្តភក្តិដែលនាងរាប់អានសុទ្ធតែមានអត្តចរិតល្អ ខណៈក្តីស្រលាញ់របស់ពួកគេគឺកើតចេញពីចិត្តចំពោះគ្នាទៅវិញទៅមក។ Miss world Cambodia 2026 បានបង្ហាញថា បវរកញ្ញា Taanusiya និងក្រុមការងារ គឺមានការយកចិត្តទុកដាក់ចំពោះនាងខ្លាំងណាស់ និងស្វាគមន៍នាងយ៉ាងកក់ក្តៅតែម្តង។ អ្នកទាំងពីរបានបង្ហាញពីភាពស្និទ្ធស្នាល ការយកចិត្តទុកដាក់ និងការគាំទ្រគ្នាទៅវិញទៅមក ទោះបីជាមកពីប្រទេសផ្សេងគ្នាក៏ដោយ។ 
មិត្តភាពនេះក៏បានបង្ហាញពីស្មារតីនៃការផ្លាស់ប្ដូរវប្បធម៌ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ត្រីដែលចូលរួមក្នុងវិស័យបវរកញ្ញាអន្តរជាតិផងដែរ។ លក្ខិណា ក៏បានលើកឡើងដែរថាមានបវរកញ្ញាផ្សេងទៀតជាច្រើនទាំងជប៉ុននិងចិននៅរង់ចាំស្វាគមន៍នាងជានិច្ច។
ការបង្ហាញមិត្តភាពរបស់ អ៊ិន លក្ខិណា និងបវរកញ្ញាម៉ាឡេស៊ី Taanusiya បានធ្វើឱ្យអ្នកគាំទ្របានសម្ដែងការពេញចិត្តចំពោះមិត្តភាពរបស់បវរកញ្ញាទាំងពីរ ដោយចាត់ទុកថា ការប្រកួតប្រជែងលើឆាកបវរកញ្ញាមិនមែនមានតែការដណ្ដើមតំណែងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសបង្កើតមិត្តភាព និងទំនាក់ទំនងល្អរវាងប្រទេសនានាផងដែរ៕










