Jennie សមាជិកក្រុម BLACKPINK បានធ្វើឱ្យអ្នកគាំទ្រនិងអ្នកលេងបណ្ដាញសង្គមជាច្រើនភ្ញាក់ផ្អើលបន្ទាប់ពីបង្ហាញខ្លួនក្នុងឈុត Halloween ដ៏លេចធ្លោដោយបម្លែងខ្លួនជាតួអង្គ Suki ពីខ្សែភាពយន្តហូលីវូដដ៏ល្បី «2 Fast 2 Furious» ដែលចេញផ្សាយកាលពីឆ្នាំ ២០០៣។ រូបរាងស្រឡូនរបស់ Jennie បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញសង្គមចាប់អារម្មណ៍លើនាងយ៉ាងខ្លាំង។

អ្វីដែលកាន់តែពិសេសនិងធ្វើឱ្យរឿងនេះក្លាយជាប្រធានបទក្តៅគឺមិនមែនមានតែអ្នកគាំទ្រសរសើរនោះទេសូម្បីតែតារាស្រី Devon Aoki ដែលជាអ្នកសម្ដែងតួ Suki ដើម ក៏បានចេញមុខបញ្ចេញបង្ហាញការចូលចិត្តនិងស្រលាញ់ចំពោះ Jennie ចំពោះការតែងខ្លួននេះផងដែរ។
សម្រាប់ឈុត Halloween លើកនេះ Jennie បានជ្រើសរើសអាវខ្លីពណ៌ស្វាយ ផ្គួបជាមួយខោឬឈុតពណ៌ផ្កាឈូកចាស់បែប Suki ព្រមទាំងខ្សែក្រវាត់លម្អដោយគ្រឿងអលង្ការភ្លឺចែងចាំង។ នាងក៏បានបន្ថែមសក់វែងត្រង់ពណ៌ត្នោតខ្ចី និងការតុបតែងមុខបែប Y2K ដើម្បីធ្វើឱ្យរូបរាងកាន់តែស្រដៀងនឹងតួអង្គដើម។ មិនតែប៉ុណ្ណោះ Jennie ថែមទាំងបានថតរូបនៅមុខរថយន្តស្ព័រពណ៌ក្រហម ដើម្បីបង្កើនភាពរស់រវើក និងរំឭកដល់បរិយាកាសក្នុងខ្សែភាពយន្ត «2 Fast 2 Furious» ផងដែរ។
យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយ Jennie បានចូលរួមក្នុងកម្មវិធីខួបកំណើតផង និង Halloween ផងរបស់តារាម៉ូដែល Kendall Jenner នៅទីក្រុង Los Angeles សហរដ្ឋអាម៉េរិក។ ក្រោយមក នាងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម ដោយភ្ជាប់ជាមួយពាក្យថា «sukiiiiiiiii»។
ការបង្ហាញខ្លួននេះមិនត្រឹមតែបង្ហាញពីភាពច្នៃប្រឌិតក្នុងការជ្រើសរើសឈុត Halloween របស់ Jennie ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំឱ្យតួអង្គ Suki ដែលធ្លាប់ល្បីល្បាញកាលពីជាងពីរទសវត្សរ៍មុន ត្រឡប់មកទទួលការចាប់អារម្មណ៍ជាថ្មី ក្នុងសម័យដែលម៉ូត Y2K កំពុងទទួលបានប្រជាប្រិយភាពឡើងវិញ។ ការតែងខ្លួនលើកនេះអាចចាត់ទុកថាជាការលើកស្ទួយស្ទីលតួអង្គក្នុងភាពយន្តបែបនឹករលឹកដ៏ជោគជ័យមួយរបស់ Jennie ព្រោះសូម្បីតែម្ចាស់តួអង្គដើមក៏ពេញចិត្ត និងចេញមុខសរសើរដោយផ្ទាល់ដែរ៕










