តារាចម្រៀង ថេណា និង ទេព ពិសិដ្ឋ បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីអ្នកទាំងពីរបានសហការគ្នាជាលើកដំបូងតាមរយៈបទចម្រៀងមានចំណងជើងថា «Broken Toy»។ អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍បន្ថែមទៀតបទរបស់តារាចម្រៀងទាំងពីររូបត្រូវបានតារាពហុជំនាញ ខាត់ សុឃីម Cover មកជាចង្វាក់ប្រពៃណីខ្មែរដែលកាន់តែធ្វើឱ្យអ្នកគាំទ្រពេញចិត្ត។

នៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ តារាចម្រៀង ខាត់ សុឃីម បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងការបញ្ជាក់ថា «សុំ Cover បទ Broken Toy របស់ប្អូន ថេណា និង ទេព ពិសិដ្ឋ ប៉ុន្តែ Version ភ្លេងខ្មែរ»។ ក្នុងទម្រង់ថ្មីនេះទស្សនិកជនមានការកោតសរសើរយ៉ាងខ្លាំងទៅលើទឹកដមសំឡេងរបស់តារាចម្រៀង ខាត់ សុឃីម ថាពីរោះ ព្រមទាំងមានមតិស្នើឱ្យរូបអ្នកនាងចេញបទ Cover បែបភ្លេងខ្មែរក្នុងទម្រង់ពេញលេចផងដែរ។

ជាងនេះទៅទៀត ការជ្រើសយកបទរបស់សិស្សប្អូនទាំងពីរអ្នកគាំទ្រមួយចំនួនបង្ហាញពីគោលបំណងចង់ឱ្យតារាពហុជំនាញសហការជាមួយនឹងតារាចម្រៀង ថេណា ឬ ទេព ពិសិដ្ឋ ដើម្បីបង្កើតស្នាដៃដ៏គួរឱ្យចងចាំមួយរបស់រៀមច្បងនិងសិស្សប្អូន។
«Broken Toy» បានចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា បទចម្រៀងដើមគឺមានចំណងជើងថា «យប់យន់ទន់សុរិយេ» ច្រៀងដោយលោក ស៊ីន ស៊ីសាមុត និងអ្នកស្រី ម៉ៅ សារ៉េត។ ក្នុងទម្រង់ថ្មីពីតារាចម្រៀង ថេណា និង ទេព ពិសិដ្ឋ បទនេះរៀបរាប់ពីមនុស្សម្នាក់ដែលធ្លាប់តែជារបស់ចាស់ៗគេលែងត្រូវការគ្មានតម្លៃ ប៉ុន្តែក៏បានជួបមនុស្សថ្មីដែលឃើញពីតម្លៃរបស់គេខិតខំកែច្នៃឱ្យក្លាយទៅជាមនុស្សមានតម្លៃឡើងវិញនិងបានកសាងសុភមង្គលជាមួយគ្នា។ នៅក្នុងផ្នែកផ្សេងទៀតក៏បង្ហាញពីការព្រួយបារម្ភខ្លាចអ្នកផ្សេងឆក់យកមនុស្សដែលខ្លួនស្រលាញ់យកទៅបាត់ផងដែរ។ គិតមកទល់នឹងព្រឹកថ្ងៃទី៣១ ខែតុលា បទនេះមានការស្តាប់លើសពី ២.១លានដងនៅលើឆាណែលយូធូប៕










