រកចំណូលបានទាំងម៉ឺនៗដុល្លារ ជួយដល់សិស្សក្រីក្រជាច្រើនរយនាក់ បើកដំណើរការបណ្ណាល័យចូលអានដោយឥតគិតថ្លៃ ជាម្ចាស់ប្រ៊េនមួយរូប រួមទាំងជាអ្នកបង្កើតមាតិកាដ៏ល្បីឈ្មោះប្រចាំប្រទេស Rick Kh ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិមើលងាយ គ្រាន់តែលោកស្លៀកពាក់ធម្មតាៗ។
នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ Rick Kh បានបង្ហោះវីដេអូមួយជាមួយនឹងចំណងជើងថា «គេមើលងាយរាល់ថ្ងៃ រឿងខោអាវ»។ ក្នុងវីដេអូ អ្នកបង្កើតមាតិការូបនេះបានបង្ហាញពីការបញ្ចេញមតិមួយដោយមានការរិះគន់លោកថា «ធ្វើខ្លួនឡើងអន់»។ 
Rick Kh បានបង្ហាញថាលោកមិនអស់ចិត្តនឹងការបញ្ចេញមតិខាងលើនេះសោះដោយសារតែលោកមិនដឹងថាត្រូវស្លៀកពាក់យ៉ាងមិចឱ្យសមនោះទេ។ ជាមួយគ្នានេះ Rick Kh បានបង្ហាញពីតម្លៃនៃសំលៀកបំពាក់ និងស្បែកជើងរបស់លោកដែលមានតម្លៃ ១៤០០ដុល្លារ។ អ្នកបង្កើតមាតិការូបនេះបានសង្កត់ធ្ងន់ដោយជំរុញកុំឱ្យអ្នកមួយចំនួនចូលចិត្តមើលងាយគេតែសំបកក្រៅ។ Rick Kh បន្ថែមទៀតថា ការរស់នៅប្រកបដោយភាពរីករាយសប្បាយចិត្តគឺជាការរស់នៅពេញចិត្តនឹងខ្លួនឯង មានផាកសុខភាព និងមិនបង្កភាពស្មុគស្មាញដល់ខ្លួន។
ក្រោយពីវីដេអូនេះបានចែករំលែកនៅលើបណ្តាញសង្គមមានអ្នកគាំទ្រជាច្រើនសម្តែងការហួសចិត្តយ៉ាងខ្លាំងទៅកាន់អ្នកលេងបណ្តាញសង្គមមួយចំនួនដែលសមត្ថភាពប៉ិន Rick Kh ទៅហើយនៅគេមើលងាយទៀត។ អ្នកគាំទ្រមួយចំនួនថែមទាំងលើកឡើងថាអ្វីដែលពួកគេឃើញ Rick Kh ស្លៀកពាក់ទៅតាមកាលៈទេសៈសមសួនមិនដូចអ្វីដែលគេលើកឡើងខាងលើថា ស្លៀកពាក់អន់នោះទេ។ មតិខ្លះទៀតក៏បានលើកពីគុណសម្បត្តិរបស់ Rick Kh ដែលបានជួយដល់អ្នកដទៃជាច្រើនផងដែរ៕










