សញ្ញាអាសន្នអន្តរជាតិ! ជប៉ុន ត្រៀមចេញសេចក្ដីប្រកាស ដោយអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបប្រញាប់ស្តុកស្បៀងអាហារ និងទឹកស្អាតតាមផ្ទះទុកសម្រាប់រយៈពេលយ៉ាងហោចណាស់ ៧២ ម៉ោង។ តើប្រទេសមហាអំណាចទាំងពីរនេះបានដឹង ឬកំពុងត្រៀមខ្លួនទប់ទល់នឹងវិបត្តិដ៏ធំដុំអ្វីខ្លះ?
_________________
តើមានអ្វីនឹងកើតឡើង? រដ្ឋាភិបាលជប៉ុនបានបង្កើតឱ្យមានការភ្ញាក់ផ្អើល និងក្តីបារម្ភជាខ្លាំងនៅលើឆាកអន្តរជាតិ បន្ទាប់ពីបានលើកឡើងពីការ ត្រៀមដាក់ចេញសេចក្តីប្រកាសអាសន្នមួយ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបប្រញាប់រួសរាន់ស្តុកទុកស្បៀងអាហារ និងទឹកស្អាតតាមផ្ទះរៀងៗខ្លួន។ ក្នុងពេលជាមួយគ្នានោះ ចក្រភពអង់គ្លេសក៏បានបង្កើតយុទ្ធនាការទ្រង់ទ្រាយធំមួយក្នុងន័យស្រដៀងគ្នានេះ ដើម្បីឱ្យពលរដ្ឋខ្លួនត្រៀមលក្ខណៈរស់នៅដោយស្វ័យប្រវត្តក្នុងគ្រាមានអាសន្ន។ តើប្រទេសមហាអំណាចទាំងពីរនេះបានដឹង ឬកំពុងត្រៀមខ្លួនទប់ទល់នឹងវិបត្តិធំដុំអ្វីខ្លះនៅពេលខាងមុខ?
.jpg)
ផ្អែកតាមរបាយការណ៍ព័ត៌មានផ្លូវការពីប្រទេសជប៉ុន លោក Hosono Goshi រដ្ឋមន្ត្រីក្រសួងការពារមហន្តរាយ គ្រោងនឹងប្រកាស «សំណើបន្ទាន់» មួយនៅថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ស្របពេលនៃការបង្កើត «ទីភ្នាក់ងារបង្ការមហន្តរាយ» ថ្មី ដើម្បីពង្រឹងប្រព័ន្ធឆ្លើយតបគ្រោះអាសន្ន។ រដ្ឋាភិបាលជប៉ុនបានជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យប្រជាពលរដ្ឋទាំងអស់ស្តុកស្បៀងអាហារ ទឹកស្អាត និងបង្គន់អនាម័យចល័ត យ៉ាងហោចណាស់សម្រាប់រយៈពេល ៣ ថ្ងៃ (៧២ ម៉ោង) ទៅ ១ សប្តាហ៍។ មូលហេតុចម្បងនៃការប្រកាសនេះ គឺដើម្បីរៀបចំខ្លួនបង្ការទុកជាមុនប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិខ្នាតធំដែលស្តែងឡើងជាយថាហេតុ រួមមានគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរនៅតំបន់រណ្ដៅសមុទ្រ Nankai, គ្រោះរញ្ជួយដីចំក្រោមទីក្រុងតូក្យូ និងលទ្ធភាពនៃការផ្ទុះភ្នំភ្លើងហ្វូជី ដែលអាចកាត់ផ្តាច់ផ្លូវថ្នល់ និងប្រព័ន្ធទំនាក់ទំនង ធ្វើឱ្យការសង្គ្រោះពីរដ្ឋត្រូវយឺតយ៉ាវ។
.jpg)
ដោយឡែក សម្រាប់ចក្រភពអង់គ្លេសវិញ ការិយាល័យគណៈរដ្ឋមន្ត្រីក៏បានដាក់ចេញនូវយុទ្ធនាការស្រដៀងគ្នាមួយហៅថា “ត្រៀមរួចរាល់” ដើម្បីដាស់តឿនឱ្យគ្រប់គ្រួសារស្តុកស្បៀង ទឹកស្អាត ប្រាក់សុទ្ធ ភួយ និងឱសថសង្គ្រោះបឋម សម្រាប់រយៈពេល ៧២ ម៉ោងដូចគ្នា។ ទោះជាយ៉ាងណា មូលហេតុរបស់អង់គ្លេសមានភាពខុសប្លែកពីជប៉ុន ដោយរដ្ឋាភិបាលអង់គ្លេសបានផ្តោតសំខាន់លើការត្រៀមលក្ខណៈទប់ទល់នឹងវិបត្តិសន្តិសុខជាតិ រួមមានការគំរាមកំហែងផ្នែកអាកាសធាតុ, ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត លើហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេសគឺការការពារខ្លួនពី «ភេរវកម្មគាំទ្រដោយរដ្ឋ» ពីសំណាក់ប្រទេសអរិភាពដូចជារុស្ស៊ីជាដើម។ ចំណុចរួមគ្នាតែមួយគត់នៃយុទ្ធនាការរបស់ប្រទេសទាំងពីរ គឺដើម្បីកាត់បន្ថយសម្ពាធលើការឆ្លើយតបរបស់រដ្ឋ ដោយធានាថាគ្រួសារនីមួយៗមានសមត្ថភាពម្ចាស់ការលើការរស់រានមានជីវិតក្នុងដំណាក់កាលដំបូងនៃវិបត្តិ។

រួមសេចក្តីមក ទោះបីជាប្រទេសជប៉ុន និងចក្រភពអង់គ្លេសមានទិសដៅនៃការបារម្ភខុសគ្នា រវាងមហន្តរាយធម្មជាតិ និងវិបត្តិសន្តិសុខសកលក៏ដោយ ប៉ុន្តែសកម្មភាពព្រមគ្នាក្នុងការណែនាំឱ្យពលរដ្ឋស្តុកស្បៀងនេះ បានឆ្លុះបញ្ចាំងពីសញ្ញាអាសន្នមួយក្នុងការបង្កើនការប្រុងប្រយ័ត្ន។ នេះជាមេរៀន និងជាការដាស់តឿនមួយសម្រាប់ពិភពលោកទាំងមូលថា ការត្រៀមលក្ខណៈ និងការបង្ការទុកជាមុននៅតាមគ្រួសារនីមួយៗ គឺជាខែលការពារដ៏មានប្រសិទ្ធភាពបំផុតនៅចំពោះមុខវិបត្តិដែលមិនអាចដឹងមុន៕
Home ព័ត៌មានអន្តរជាតិ ជប៉ុនត្រៀមចេញសំណើរបន្ទាន់! ជំរុញឱ្យពលរដ្ឋស្តុកស្បៀងទុកសម្រាប់គ្រោះមហន្តរាយពី ៣ថ្ងៃដល់ ១សប្ដាហ៍









