Seungri អតីតសមាជិកក្រុម BIGBANG បានទទួលស្គាល់ថានឹងក្លាយជាឪពុកជាលើកដំបូងនៅខែមករា ឆ្នាំ២០២៧ ខាងមុខនេះដោយបានបញ្ជាក់ថាលោកនិងភរិយាបានចុះបញ្ជីអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់រួចហើយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ដំបូងឡើយមានរបាយការណ៍ថា Seungri និងដៃគូស្នេហា ដែលជានារីក្រៅរង្វង់សិល្បៈ និងមានអាយុក្នុងវ័យ ២០ ឆ្នាំ កំពុងរំពឹងទទួលបានកូនប្រុសនៅខែមករា ឆ្នាំ២០២៧។ អ្នកទាំងពីរមានគម្រោងរៀបចំពិធីមង្គលការក្រោយពេលកូនកើតមក។.png)
នៅថ្ងៃទី២៨ ខែតុលា Seungri បានបញ្ជាក់ជាផ្លូវការថាលោកនិងភរិយាបានរៀបការតាមផ្លូវច្បាប់រួចហើយ។ លោកក៏បានបដិសេធការលើកឡើងថា អ្នកទាំងពីររៀបការដោយសារការមានផ្ទៃពោះ និងបញ្ជាក់ថា បច្ចុប្បន្នមិនមានគម្រោងរៀបចំពិធីមង្គលការដាច់ដោយឡែកនោះទេ។
Seungri ដែលមានឈ្មោះពិតថា Lee Seung Hyun បានបង្ហាញខ្លួនជាសមាជិកក្រុម BIGBANG ក្នុងឆ្នាំ២០០៦ ក្រោមផលិតកម្ម YG Entertainment ជាមួយសមាជិក G-Dragon, Taeyang, Daesung និង T.O.P។ ក្រុមនេះបានក្លាយជាក្រុមចម្រៀង K-pop ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងក្នុងប្រទេសកូរ៉េខាងត្បូង និងនៅលើឆាកអន្តរជាតិ។

ទោះជាយ៉ាងណា Seungri បានប្រកាសចាកចេញពីក្រុម និងចូលនិវត្តន៍ពីវិស័យសិល្បៈនៅខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ Burning Sun។ ក្រោយមក លោកត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ ពាក់ព័ន្ធនឹងបទល្មើសចំនួន ៩ រួមមានការលេងល្បែងស៊ីសងជាប្រចាំ និងការរៀបចំសេវាផ្លូវភេទ។ លោកត្រូវបានដោះលែងនៅខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីអនុវត្តទោសចប់។

ព័ត៌មានរបស់ Seungri កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ K-pop ខណៈអតីតតារាល្បីឈ្មោះរូបនេះកំពុងត្រៀមខ្លួនសម្រាប់ជំពូកថ្មីក្នុងជីវិតគ្រួសារ៕










