លាតត្រដាងការពិតបំបាក់មុខថៃ! ក្រសួងវប្បធម៌កម្ពុជា បានលើកយកភស្តុតាងខ្សែព្រំដែនដែលស្របតាមច្បាប់អន្តរជាតិមកបង្ហាញយ៉ាងច្បាស់ថា «ប្រាសាទខ្នារ និងតាក្របី» គឺស្ថិតក្នុងទឹកដីកម្ពុជាទាំងស្រុង។ កម្ពុជាចេញសេចក្តីថ្លែងការណ៍ផ្លូវការទាត់ចោលផែនទីខុសច្បាប់ L7017 របស់យោធាថៃ ព្រមទាំងថ្កោលទោស និងទាមទារដាច់ខាតឱ្យថៃប្រគល់វត្ថុបុរាណដែលលួចជម្លៀសទៅនោះ មកឱ្យខ្មែរវិញជាបន្ទាន់។
______________ 
យោងតាមផែនទីប្រវត្តិសាស្ត្រដងរែកខ្នាត ១/២០០.០០០ ដែលមានការទទួលស្គាល់ជាអន្តរជាតិ និងផ្អែកលើសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានបង្ហាញយ៉ាងច្បាស់ថា ប្រាសាទខ្នារ និងប្រាសាទតាក្របី គឺស្ថិតនៅក្នុងបូរណភាពទឹកដីស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។ ភស្តុតាងផែនទីផ្កាយរណបយោធានេះ គឺជាភស្តុតាងបញ្ជាក់យ៉ាងមុតមាំថា ថៃបានលួចគូសខ្សែព្រំដែនឯកតោភាគី និងខុសច្បាប់ L7017 ដើម្បីព្យាយាមលេបត្របាក់យកប្រាសាទបុរាណរបស់ខ្មែរ ធ្វើឱ្យកម្ពុជាត្រូវចេញមុខឆ្លើយតប និងវាយបកតាមផ្លូវការទូតយ៉ាងចាស់ដៃបំផុត។

ផ្អែកលើសេចក្តីថ្លែងការណ៍ផ្លូវការ និងការលាតត្រដាងប្លង់ផែនទីផ្កាយរណបរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានបង្ហាញការប្រៀបធៀបយ៉ាងច្បាស់ក្រឡែតរវាងខ្សែព្រំដែនចំនួនពីរ។ ខ្សែបន្ទាត់ពណ៌ខៀវ ដែលជាខ្សែព្រំដែនស្របច្បាប់អន្តរជាតិ បានខណ្ឌចែកយ៉ាងច្បាស់ដោយបញ្ជាក់ថា «ប្រាសាទខ្នារ» និង «ប្រាសាទតាក្របី» ស្ថិតនៅក្នុងដីខ្មែរ ចំណែកឯខ្សែបន្ទាត់ពណ៌ក្រហមវិញ គឺជាខ្សែព្រំដែនខុសច្បាប់ដែលគូសដោយយោធាថៃ។ កម្ពុជាបានទាត់ចោលទាំងស្រុងនូវការអះអាងរបស់រដ្ឋមន្ត្រីវប្បធម៌ថៃ ដែលថាប្រាសាទទាំងនោះជារបស់ថៃ ដោយកម្ពុជាសង្កត់ធ្ងន់ថា រាល់សកម្មភាពរដ្ឋបាលយោធារបស់ថៃក្នុងការចុះបញ្ជីប្រាសាទទាំងនេះ គឺពុំមានតម្លៃគតិយុត្តច្បាប់ និងជាការប៉ុនប៉ងបង្កើតអង្គហេតុខុសច្បាប់លើដីជាក់ស្តែងតែប៉ុណ្ណោះ។ 
ជាងនេះទៅទៀត ក្រសួងវប្បធម៌កម្ពុជាបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះសកម្មភាពរបស់យោធាថៃ ដែលបានលួចប្រមូល និងជម្លៀសវត្ថុបុរាណចេញពីប្រាសាទខ្មែរ ព្រមទាំងការសាងសង់សំណង់បច្ចេកទេសនានា។ កម្ពុជាចង្អុលបង្ហាញថា នេះជាទង្វើរំលោភលើអនុសញ្ញាអន្តរជាតិក្រុងឡាអេឆ្នាំ១៩៥៤ និងរំលោភយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា (MOU ឆ្នាំ២០០០) ដែលហាមដាច់ខាតការកែប្រែស្ថានភាពដីព្រំដែន។ ភាគីកម្ពុជាបានដាក់លក្ខខណ្ឌការទូតយ៉ាងម៉ឺងម៉ាត់ ទាមទារឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពឯកតោភាគីខុសច្បាប់ទាំងអស់ភ្លាមៗ និងត្រូវប្រគល់រាល់វត្ថុបុរាណទាំងអស់ដែលបានលួចយកទៅនោះ ត្រឡប់មកឱ្យកម្ពុជាវិញជាបន្ទាន់។
ការបញ្ចេញភស្តុតាងផែនទីពីផ្កាយរណប និងសេចក្តីថ្លែងការណ៍តវ៉ាដ៏រឹងមាំនាពេលនេះ បានបង្ហាញពីជំហរមិនរាក់ថយរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិ និងបេតិកភណ្ឌដូនតា។ ទោះបីជាភាគីថៃព្យាយាមប្រើប្រាស់គំនូសផែនទីឯកតោភាគីខុសច្បាប់ដើម្បីលេបត្របាក់ទឹកដីក៏ដោយ ក៏កម្ពុជានៅតែជំរុញឱ្យថៃដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ដោយសន្តិវិធី តាមរយៈយន្តការគណៈកម្មាការចម្រុះព្រំដែន (JBC) ដើម្បីស្តារទំនុកចិត្ត និងរក្សាទំនាក់ទំនងអ្នកជិតខាងល្អឡើងវិញ៕










