មួយរយៈមុនករណីប្តឹងផ្តល់ទៅវិញទៅមករវាងតារាចម្រៀង យក់ ថិតរដ្ឋា រួមទាំងស្វាមីជាមួយនឹងក្រុមហ៊ុន អារ៉ូម៉ា ដោយទាមទារសំណងរាប់ម៉ឺនដុល្លារផ្អើលពេញប្រទេសត្រូវបានបញ្ចប់ដោយសន្តិវិធី។ កើតរឿងក្តីក្ឌាំងដែលទាមទារសំណងរាប់ម៉ឺនដុល្លារត្រូវបានបញ្ជាក់ក្រោមហេតុផលថាជាការភាន់ច្រឡំនឹងគ្នា។
នៅល្ងាចថ្ងៃទី២៧ ខែតុលា លោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះរូបភាព៣សន្លឹកអមដោយការបញ្ជាក់ពីការដោះស្រាយជម្លោះផ្លូវច្បាប់ដោយសន្តិវិធីជាមួយក្រុមហ៊ុនដែលទាមទារសំណងពីលោកនិងភរិយាចំនួន២០ម៉ឺនដុល្លារ។ ក្នុងសាររៀបរាប់លោក ឃុំ ប៉ុណ្ណាដែត បានលើកឡើងយ៉ាងដូច្នេះថា «បន្ទាប់ពីមានការសម្របសម្រួលពីមេធាវីសងខាង ពេលនេះពួកយើងបានបញ្ចប់វិវាទដោយសន្តិវិធី ក្រោយពីដឹងថាគ្រប់យ៉ាងកើតចេញពីការភាន់ច្រឡំ»។ លោក ឃុំ ប៉ុណ្ណាដែត និងលោក វាសនា ខេមរិន្ទ តំណាងក្រុមហ៊ុន ឌីអរ អារ៉ូម៉ា បានចាប់ដៃគ្នានិងបង្ហាញពីលិខិតផ្នែកច្បាប់ផងដែរ។

គួរបញ្ជាក់ផងដែរថា ភាពចម្រូងចម្រាសនេះបានចាប់ផ្តើមកាលពីដើមខែតុលា បន្ទាប់ពីតារាចម្រៀង យក់ ថិតរដ្ឋា បានចេញលិខិតជូនដំណឹងពីមេធាវីដោយប្រកាសសម្រេចបោះបង់ការងារជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ឌីអរ អារ៉ូម៉ា ក្រោមហេតុផលក្រុមហ៊ុនមិនដែលបានផ្តល់អត្ថប្រយោជន៍ជូនដូចដែលក្រុមហ៊ុនបានសន្យាផ្តល់អត្ថប្រយោជន៍ផ្សេងៗ។.png)
មិនយូរប៉ុន្មានក្រុមហ៊ុននេះបានដាក់ពាក្យបណ្តឹង តារាចម្រៀង យក់ ថិតរដ្ឋា និងស្វាមី រួមទាំងបក្ខពួកពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ដោយទាមទារសំណងការខូចខាត និងសំណងជំងឺចិត្ត ២០ម៉ឺនដុល្លារអាម៉េរិក។

ក្រោយរងនូវការប្តឹងផ្តល់ទាមទារសំណង២០ម៉ឺនដុល្លារ អ្នកនាង យក់ ថិតរដ្ឋា និងស្វាមី បានដាក់ពាក្យបណ្តឹងតបតទៅកាន់ក្រុមហ៊ុនខាងលើវិញដោយទាមទារសំណង៤០ម៉ឺនដុល្លារ។.png)
យ៉ាងណាមិញ ជម្លោះផ្លូវច្បាប់ដែលមានរយៈពេលជិត១ខែភាគីទាំងសងខាងបានយល់ព្រមដោះស្រាយគ្នាដោយសន្តិវិធីដោយមិនដំណើរការរឿងក្តីនេះទៅកាន់តុលាការឡើយ៕










