២០ឆ្នាំដើម្បីព្រៃឈើខ្មែរ! សារព័ត៌មានអន្តរជាតិជាច្រើន បានចុះផ្សាយកោតសរសើរ លោកស្រី Angelina Jolie ដែលបានចំណាយពេល ២០ ឆ្នាំពេញ ជួយការពារដីព្រៃជាង ១៥ ម៉ឺនអាក្រ (ឬប្រហែលជាង ៦ម៉ឺនហិកតា) នៅកម្ពុជា!.jpg)
_____________
ទឹកចិត្ត និងក្តីស្រឡាញ់ដ៏អស្ចារ្យមកលើប្រទេសកម្ពុជា! ក្រៅពីមានចិត្តសប្បុរសក្នុងការជួយគាំទ្រដល់ប្រព័ន្ធអប់រំ និងវិស័យទេសចរណ៍នៅកម្ពុជា តារាហូលីវូដដ៏ល្បី លោកស្រី Angelina Jolie បានក្លាយជាខែលការពារបរិស្ថាន និងសត្វព្រៃដ៏រឹងមាំ តាមរយៈការជួយការពារ និងអភិរក្សដីព្រៃធម្មជាតិបេតិកភណ្ឌរបស់ខ្មែរយ៉ាងសកម្ម។ ការលះបង់ដ៏វិសេសវិសាលនេះ កំពុងទទួលបាននូវការកោតសរសើរយ៉ាងខ្លាំងក្លាពីសំណាក់មនុស្សម្នាមកពីជុំវិញពិភពលោក បន្ទាប់ពីសារព័ត៌មានល្បីៗបានទម្លាយពីសមិទ្ធផលការងាររបស់នាង។
យោងតាមការចុះផ្សាយដ៏ក្តៅគគុកពីសារព័ត៌មានអន្តរជាតិ Complex បានបង្ហាញថា គិតត្រឹមពេលនេះ លោកស្រី Angelina Jolie បានចំណាយពេលវេលាអស់រយៈពេល ២០ ឆ្នាំពេញ ក្នុងការប្តេជ្ញាចិត្តជួយគាំទ្រ និងការពារដីព្រៃទំហំរហូតដល់ទៅ ១៥០,៧២០ អាក្រ (ឬប្រហែលជាង ៦០,០០០ ហិកតា) នៅក្នុងប្រទេសកម្ពុជា តាមរយៈមូលនិធិផ្ទាល់ខ្លួនរបស់នាង។ សកម្មភាពអភិរក្សស្នូលនេះ គឺស្ថិតនៅក្នុងព្រៃសំឡូត ដែលជាតំបន់ព្រៃភ្នំដ៏មានសារៈសំខាន់ ស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា។ របាយការណ៍បានបញ្ជាក់ថា នៅក្នុងយុទ្ធនាការការងារពេញមួយឆ្នាំ ២០២៥ កន្លងទៅ ក្រុមឆ្មាំព្រៃ ក្រោមការឧបត្ថម្ភពីមូលនិធិរបស់នាង បានបើកប្រតិបត្តិការសម្រុកដកហូតអន្ទាក់ខ្សែលួសខុសច្បាប់ចេញពីក្នុងព្រៃបានប្រវែងសរុបរហូតដល់ទៅ ៤.៨ ម៉ាយល៍ (ប្រហែល ៧.៧ គីឡូម៉ែត្រ) ដើម្បីធានាសុវត្ថិភាពដល់សត្វព្រៃ។

កិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងនេះ មិនត្រឹមតែជាការការពារដើមឈើប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងជួយស្តារប្រព័ន្ធអេកូឡូស៊ី និងជីវភាពសហគមន៍ទាំងមូល។ គម្រោងរបស់លោកស្រី បានផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ប្រជាកសិករចិញ្ចឹមឃ្មុំក្នុងស្រុក ជម្រុញគម្រោងដាំដុះស្តារព្រៃឈើឡើងវិញ ក៏ដូចជាការអភិរក្សសត្វព្រៃយ៉ាងយកចិត្តទុកដាក់។ ជាក់ស្តែង នៅក្នុងព្រៃសំឡូតបច្ចុប្បន្ន ក្រុមអ្នកស្រាវជ្រាវបានកត់ត្រា និងរកឃើញវត្តមានសត្វព្រៃកម្រៗរហូតដល់ទៅ ៤៤ ប្រភេទ ដែលកំពុងរស់រានមានជីវិតយ៉ាងមានសុវត្ថិភាព ក្នុងនោះរួមមានសត្វដែលជិតផុតពូជខ្លាំងនៅលើពិភពលោក ដូចជា ដំរីអាស៊ី និង សត្វពង្រូលស៊ុនដា។
សរុបសេចក្តីមក វីរភាពក្រៅឆាកសម្តែងរយៈពេល ២ ទសវត្សរ៍របស់លោកស្រី Angelina Jolie នៅលើទឹកដីអច្ឆរិយៈ គឺជានិមិត្តសញ្ញានៃសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់ និងជ្រាលជ្រៅបំផុតដែលតារាអន្តរជាតិលំដាប់ពិភពលោកម្នាក់មានចំពោះប្រទេសកម្ពុជា។ រូបភាពនៃការលើកដៃសំពះយ៉ាងទន់ភ្លន់របស់នាង ផ្សារភ្ជាប់នឹងដង្ហើមព្រៃឈើខ្មែរ មិនត្រឹមតែជាការជួយសង្គ្រោះធម្មជាតិ និងសត្វព្រៃកម្រឱ្យរួចផុតពីការបំផ្លិចបំផ្លាញនោះទេ ប៉ុន្តែវាបានបន្សល់ទុកនូវកេរដំណែលមនុស្សធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជាតិកម្ពុជា និងមនុស្សជាតិជំនាន់ក្រោយទាំងមូល៕










