ថ្មីៗនេះមានការលើកឡើងពីវិស័យភាពយន្តថៃដោយក្រុមផលិតកម្មបានចាយលុយជាង១០០លានបាតដើម្បីផលិតខ្សែភាពយន្តមួយពីអំពីសង្គ្រាមស្តេចនាគនិងស្តេចគ្រុឌ ដែលបង្ហាញឱ្យឃើញថាមួយក្រុមគេជេរគ្នាជាមួយខ្មែរ មួយក្រុមទៀតគេកំពុងបង្កើតអ្វីដែលប្រណីត។ ការលើកឡើងនេះត្រូវបានបញ្ជាក់ថាមិនមែនជាការលើកសរសើរអំពីភាពយន្តរបស់គេនោះទេគ្រាន់តែចង់ដាស់តឿនពីវិស័យភាពយន្តរបស់គេដើរដល់ណាប៉ុណ្ណោះ។

ការនិយាយខាងលើនេះបានជំរុញឱ្យតារាចម្រៀង វ៉ាន់ នីឡា បានបង្ហាញក្តីសង្ឃឹមថាវិស័យសិល្បៈនៅកម្ពុជានឹងបន្តរីកចម្រើន និងមានការគាំទ្រកាន់តែច្រើនពីសាធារណជន ស្របពេលដែលវិស័យសិល្បៈ និងភាពយន្តរបស់ប្រទេសជិតខាងកំពុងមានការអភិវឌ្ឍយ៉ាងសកម្ម។
តាមរយៈសារដែលបានចែករំលែកនៅលើបណ្តាញសង្គម វ៉ាន់ នីឡា បានលើកឡើងថា ការផ្សព្វផ្សាយវប្បធម៌ និងសក្តានុពលរបស់ប្រទេសតាមរយៈសិល្បៈ មិនថាជាតន្ត្រី ឬភាពយន្ត សុទ្ធតែអាចជាមធ្យោបាយមួយក្នុងការលើកស្ទួយវិស័យសិល្បៈជាតិ។ តារាចម្រៀងរូបនេះបានសរសេរថា«ផ្សព្វផ្សាយតាមរយៈសិល្បៈមិនថាចម្រៀងឬភាពយន្ត ខ្ញុំក៏ចង់ឱ្យវិស័យសិល្បៈនៅស្រុកខ្មែរ លូតលាស់ជាងនេះ»។

វ៉ាន់ នីឡា ក៏បានអំពាវនាវឱ្យសាធារណជនកាត់បន្ថយការរិះគន់ក្នុងលក្ខណៈបង្អាប់ ឬប្រើពាក្យសម្តីធ្ងន់ៗទៅលើសិល្បករ ព្រោះការបញ្ចេញមតិដែលមិនសមរម្យអាចធ្វើឱ្យអ្នកដែលកំពុងខិតខំផលិតស្នាដៃបាត់បង់កម្លាំងចិត្ត។

យ៉ាងណាក៏ដោយ វ៉ាន់ នីឡា បានបញ្ជាក់ថានាងមិនប្រឆាំងនឹងការរិះគន់នោះទេ ប្រសិនបើការរិះគន់នោះមានគោលបំណងស្ថាបនា និងជួយឱ្យស្នាដៃកាន់តែប្រសើរ។ នាងស្នើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមបែងចែកឱ្យច្បាស់រវាង ការរិះគន់ដើម្បីស្ថាបនា និង ការប្រមាថ ឬបង្អាប់។ តារាចម្រៀងរូបនេះថា «រៀនបន្ធូរដៃតិចទៅអំពីការជេរប្រទេចឌឺដងគ្នាឯងហ្នឹងកុំឱ្យសៀមវាថាយើងឈ្លោះតែគ្នា»៕










