តារាម៉ូដែលកូនកាត់បារាំង មាលា និងបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ចេញសម្រស់យ៉ាងចែងចាំងនៅឯសប្តាហ៍ម៉ូតប៉ារីសតាមរយៈប្រ៊េនកូនខ្មែរ ALmée Couture ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន និងអ្នកគាំទ្រវិស័យម៉ូត។ ការបង្ហាញខ្លួនរបស់តារាស្រីទាំងពីររូបនេះមិនត្រឹមតែបង្ហាញពីភាពស្រស់ស្អាត និងភាពជឿជាក់របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីភាពច្នៃប្រឌិត និងសោភ័ណភាពនៃស្នាដៃកូនខ្មែរ នៅលើឆាកម៉ូតដ៏សំខាន់មួយរបស់ពិភពលោក។
ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាដ៏មានប្រជាប្រិយភាពមួយរូបបានបង្ហាញភាពទាក់ទាញតាមរយៈការគ្រងឈុតម៉ូតយ៉ាងប្រណីត ដោយរួមបញ្ចូលភាពទំនើបជាមួយភាពស្រស់ស្អាតបែបឆើតឆាយ។ រូបរាង និងការបង្ហាញខ្លួនរបស់នាងបានធ្វើឱ្យឈុតដែលពាក់កាន់តែមានភាពលេចធ្លោ និងទាក់ទាញនៅចំពោះមុខអ្នកចូលរួមក្នុងកម្មវិធី។.png)
ចំណែក មាលា ដែលជាតារាម៉ូដែលកូនកាត់បារាំង ធ្លាប់បានបង្ហាញខ្លួនជាច្រើនដងសម្រាប់ម៉ាកយីហោនេះក៏បានបង្ហាញសមត្ថភាពក្នុងការបង្ហាញម៉ូតយ៉ាងទាក់ទាញដោយមានភ្ញៀវជាច្រើននៅទីនោះចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាមួយនឹងរូបរាងស្រស់ស្អាត បូករួមនឹងស្ទីលបែបអន្តរជាតិបានធ្វើឱ្យស្នាដៃរបស់ ALmée Couture មានភាពលេចធ្លោ និងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រវិស័យម៉ូត។

ជាមួយគ្នានេះការដែលស្នាដៃរបស់ ALmée Couture ត្រូវបាននាំយកទៅបង្ហាញនៅក្នុងបរិយាកាសម៉ូតនៅទីក្រុងប៉ារីស ដែលត្រូវបានគេចាត់ទុកថាជាទីក្រុងសំខាន់មួយសម្រាប់វិស័យម៉ូត និងជាកន្លែងប្រមូលផ្តុំអ្នកច្នៃម៉ូត ម៉ូដែល និងអ្នកជំនាញក្នុងឧស្សាហកម្មម៉ូតមកពីជុំវិញពិភពលោក។
កន្លងមក មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានចូលរួមជាមួយគ្នានៅឯការបង្ហាញម៉ូតនៅចិនក្នុងកម្មវិធី Sanya Bridal Fashion Week ។ ពីកម្ពុជាទៅប៉ារីស ការបង្ហាញខ្លួនរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ជាមួយ ALmée Couture បានក្លាយជារូបភាពមួយដែលបង្ហាញថា ម៉ូតខ្មែរ និងសមត្ថភាពរបស់អ្នកមានទេពកោសល្យកម្ពុជា កំពុងស្វែងរកឱកាសបង្ហាញខ្លួននៅលើឆាកអន្តរជាតិ៕










