ឃ្លា «តូចហៅខ្ញុំពេលដែលធំហៅហ្អែង» ដែលជាបារ៉ូលរបស់ វណ្ណដា នៅក្នុងបទចម្រៀងថ្មីមានចំណងជើងថា«ដៃថ្មី» បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនបង្ហាញការងឿងឆ្ងល់និងចង់ដឹងអំពីអត្ថន័យនៃឃ្លានេះ។ ទោះជាមិនបានដឹងច្បាស់ថា វណ្ណដា ចង់សំដៅលើអ្វីក៏ដោយ តារាចម្រៀង វីតូ បានបង្ហាញពីការយល់ឃើញផ្ទាល់ខ្លួនរបស់លោកចំពោះឃ្លានេះដោយយកបទពិសោធន៍ដែលលោកធ្លាប់ជួបប្រទះក្នុងជីវិតមកធ្វើជាការពន្យល់។

តាមរយៈវីដេអូដែលបង្ហោះនៅយប់ថ្ងៃទី១ ខែតុលា វីតូ បាននិយាយពីឃ្លា «តូចហៅខ្ញុំពេលដែលធំហៅហ្អែង» មិនដឹងថា វណ្ណដា ចង់សរសេរពីអ្វីនោះទេប៉ុន្តែសម្រាប់លោកធ្លាប់មានបទពិសោធន៍ដោយមានមិត្តភក្តិម្នាក់កាលពីគាត់នៅតូចតាច មិនទាន់មានឋានៈមុខតំណែងការងារលុយកាក់កេរ្តិ៍ឈ្មោះកិត្តិយសគឺរាប់អានលោកដែលជាមិត្តភក្តិធម្មតា ហៅស្មើនិងនិយាយបានធម្មតា។ ទោះជាយ៉ាងណា បន្ទាប់ពីមិត្តភក្តិរបស់លោកមានកេរ្តិ៍ឈ្មោះ កិត្តិយស លុយកាក់មកគឺគាត់ធំជាងខ្លួន ហៅអ្វីផ្សេងដែលមិនមែនជាមិត្តភក្តិទៀតនោះទេ។ .png)
ដោយផ្អែកលើបទពិសោធន៍នេះ វីតូ បានយល់ថាឃ្លា «តូចហៅខ្ញុំពេលដែលធំហៅហ្អែង» អាចត្រូវបានបកស្រាយក្នុងន័យថានៅពេលមនុស្សម្នាក់នៅមិនទាន់មានអ្វីធំដុំ គេអាចហៅយើងដោយភាពស្និទ្ធស្នាលដូចជាមិត្តភក្តិ។ ប៉ុន្តែនៅពេលមនុស្សនោះមានឋានៈ កេរ្តិ៍ឈ្មោះ ឬស្ថានភាពខ្ពស់ឡើងរបៀបដែលគេហៅឬប្រព្រឹត្តចំពោះយើងក៏អាចផ្លាស់ប្ដូរតាមនោះដែរ។
វីតូ ក៏បានបញ្ជាក់ថា នេះគឺជាការយល់ឃើញ និងការបកស្រាយរបស់លោកផ្ទាល់ ចំពោះបារ៉ូលរបស់ វណ្ណដា ប៉ុណ្ណោះហើយលោកមិនអាចដឹងច្បាស់ថាតើ វណ្ណដា មានបំណងចង់សំដៅទៅលើន័យនេះឬមានន័យផ្សេងទៀតឡើយ។ ការបកស្រាយរបស់ វីតូ បានធ្វើឱ្យអ្នកគាំទ្រភាគច្រើនបង្ហាញការយល់ស្រប។
ចេញផ្សាយនៅយប់ថ្ងៃទី៣០ ខែកញ្ញា «ដៃថ្មី» កំពុងទទួលបានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ពីអ្នកស្តាប់។ គិតត្រឹមព្រឹកថ្ងៃទី២ ខែតុលា បទនេះមានការស្តាប់២៣៥Kនៅលើឆាណែលយូធូបរបស់ វីតូ៕










