ទោះបីជាខ្សែភាពយន្ត «The Early Spring» បានបញ្ចប់ទៅហើយប៉ុន្តែជុំវិញភាពចម្រូងចម្រាសក្នុងចំណោមអ្នកគាំទ្រមួយចំនួននៅមិនទាន់បញ្ចប់នៅឡើយរហូតរំលងខ្សែបន្ទាត់អាកាត់ជីវិតឯកជននរបស់តារាសម្តែង Jing Boran Sun Qian រួមទាំងតារាម៉ូដែល Liu Wen ដោយមិនអាចបែងចែកអ្វីដែលជាការពិតនិងអ្វីដែលជារឿងប្រឌិត ខណៈអ្នកទាំង៣សុទ្ធតែទទួលបានមតិរិះគន់ដូចគ្នា។
.png)
យោងតាម QQ ប្រជាប្រិយភាពដ៏ខ្លាំងរបស់រឿង «The Early Spring» បានក្លាយជាប្រភពនៃបញ្ហាជាច្រើនក្នុងជីវិតពិតរបស់តារាសម្តែង ដោយអ្នកទស្សនាមួយចំនួនបានភ្ជាប់អារម្មណ៍ខ្លាំងពេកទៅនឹងគូស្នេហ៍ប្រឌិតក្នុងរឿងគឺ Luke ឬ Luan Nian និង Flora ឬShang Zhi Tao។ ភាពចម្រូងចម្រាសបានចាប់ផ្តើមបន្ទាប់ពីតួឯកប្រុស Jing Boran បានទៅចូលរួមការប្រគំតន្ត្រីរបស់ Li Ronghao នៅទីក្រុងសៀងហៃ នាល្ងាចថ្ងៃទី២៥ ខែកញ្ញា ជាមួយមិត្តស្រីក្នុងជីវិតពិតរបស់លោកគឺកំពូលតារាម៉ូដែល Liu Wen។
ក្នុងអំឡុងពេលមានការប្រាស្រ័យទាក់ទងនៅលើឆាក Li Ronghao បានហៅ Jing Boran តាមឈ្មោះតួអង្គរបស់លោកថា «Luke» មុនពេលណែនាំ Liu Wen ថា «ជាស្ត្រីដ៏សំខាន់ម្នាក់ក្នុងជីវិតរបស់ Luke»។ ប៉ុន្តែអ្នកគាំទ្រមួយចំនួននៃគូស្នេហ៍ក្នុងរឿងបានជំទាស់ ដោយអះអាងថា Luke Luan Nian គួរតែជារបស់ Flora Shang Zhi Tao តែម្នាក់ប៉ុណ្ណោះ។ ពួកគេមើលឃើញថាការភ្ជាប់តួអង្គ Luke ជាមួយទំនាក់ទំនងស្នេហាក្នុងជីវិតពិតរបស់ Jing Boran គឺដូចជា «ការក្បត់» អារម្មណ៍ដែលអ្នកទស្សនាបានផ្តល់ឱ្យរឿង។.png)
បន្ទាប់មក Jing Boran ត្រូវបានអ្នកគាំទ្រមួយចំនួនដាក់បង្ហាញនូវបញ្ជី «បទចោទប្រកាន់» ចំនួន ១៨ ដែលពាក់ព័ន្ធនឹងការចូលរួមសម្តែងរបស់លោកក្នុងរឿង «The Early Spring»។ ការចោទប្រកាន់ដែលត្រូវបានលើកឡើង រួមមានការចោទថា លោកបានធ្វើឱ្យព្រំដែនរវាងខ្លួនឯង និងតួអង្គរួមសម្តែងមានភាពមិនច្បាស់លាស់ ការបន្តបង្ហាញភាពស្និទ្ធស្នាលជាមួយមិត្តស្រីក្នុងជីវិតពិតអំឡុងពេលថត និងផ្សព្វផ្សាយរឿង ព្រមទាំងការចោទថា លោកបានយករឿងអតីតមិត្តស្រី និងទំនាក់ទំនងស្នេហាពីអតីតកាលមកពិភាក្សា ដើម្បីបង្កើតប្រធានបទកំពុងពេញនិយមលើអ៊ីនធឺណិត។

ក្រោយពីទទួលបាននូវការគាំទ្រក្នុងតួនាទីជា CEO Jing Boran ស្រាប់តែប្រឈមមុខនឹងការរិះគន់ពីអ្នកទស្សនាមួយចំនួននៃរឿង និងអ្នកគាំទ្រតារាស្រីផ្សេងទៀតដែលត្រូវបានទាញចូលក្នុងភាពចម្រូងចម្រាស។ ជម្លោះពីអតីតកាលពាក់ព័ន្ធនឹងតារាសម្តែងរូបនេះក៏ត្រូវបានលើកមកនិយាយឡើងវិញ ខណៈអ្នករិះគន់មួយចំនួនបានហៅលោកថា «ក្លែងក្លាយ» និងចោទថា លោក «ប្រើទំនាក់ទំនងឯកជនរបស់ខ្លួនដើម្បីផ្សព្វផ្សាយខ្លួនឯង»។
.png)
ទោះជាយ៉ាងណា អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានរិះគន់ថា «បទចោទប្រកាន់» ទាំងនោះជាច្រើនមិនសមហេតុផល និងបង្ហាញពីការឈ្លក់វង្វេងហួសកម្រិតរបស់អ្នកទស្សនាមួយចំនួន។ អ្នកដែលរិះគន់ការវាយប្រហារនេះបានលើកឡើងថា អ្នកគាំទ្រដែលជ្រុលនិយមចំពោះគូ «Luan Nian–Shang Zhi Tao» មិនអាចបែងចែកបានច្បាស់រវាងពិភពប្រឌិត និងជីវិតពិត ហើយបានបង្កើតការភ្ជាប់អារម្មណ៍ទៅលើតារាសម្តែងខ្លាំងពេក។
ក្នុងពេលមានការជជែកវែកញែក Jing Boran មិនបានចេញមុខឆ្លើយតបដោយផ្ទាល់ចំពោះភាពចម្រូងចម្រាសនេះទេ។ ប៉ុន្តែលោកបានចុច «Like» លើមតិរបស់អ្នកគាំទ្រមួយចំនួន រួមមានសារដែលមានន័យថា «បើអ្នកស្អប់ខ្ញុំ ក៏បន្តស្អប់ទៅ។ បើអ្នកស្រឡាញ់ខ្ញុំ ក៏បន្តស្រឡាញ់ទៅ។ កុំឈប់» និង «ខ្ញុំសង្ឃឹមថា អ្នកនឹងមិនត្រូវបានសំឡេងរំខានជុំវិញខ្លួនបោកបក់ ហើយនឹងនៅតែស្មោះត្រង់ចំពោះជម្រើសរបស់ខ្លួនជានិច្ច»។

ខណៈ Jing Boran ហាក់ដូចជាមិនអើពើចំពោះការរិះគន់មិត្តស្រីរបស់លោក Liu Wen ក៏បានក្លាយជាគោលដៅរបស់អ្នកទស្សនាមួយចំនួនដែលបានភ្ជាប់អារម្មណ៍យ៉ាងខ្លាំងជាមួយរឿង និងកំពុងស្វែងរកកន្លែងបញ្ចេញការមិនពេញចិត្តរបស់ខ្លួន។ Liu Wen ត្រូវបានរិះគន់គ្រាន់តែដោយសារនាងបានចុច «Like» លើរូបថតរបស់ Jing Boran នៅលើបណ្តាញសង្គម។ អ្នករិះគន់មួយចំនួនបានចោទនាងថា «ព្យាយាមដណ្តើមការចាប់អារម្មណ៍» និង «ស្វែងរកការចាប់អារម្មណ៍ពីសាធារណជន» ដោយអះអាងថា សកម្មភាពរបស់នាងបានប៉ះពាល់ដល់បទពិសោធន៍នៃការទស្សនារឿងរបស់ពួកគេ។
ទោះបីជាត្រូវបានរាយការណ៍ថាបានកាត់បន្ថយការបង្ហាញខ្លួនជាសាធារណៈជាមួយមិត្តប្រុសក៏ដោយ Liu Wen នៅតែទទួលរងមតិយោបល់អវិជ្ជមាននៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួនពីអ្នកទស្សនាជ្រុលនិយមមួយចំនួន។ នៅថ្ងៃទី២៨ ខែកញ្ញា Liu Wen ត្រូវបានគេឃើញនៅអាកាសយានដ្ឋានក្នុងសភាពហាក់ដូចជាហត់នឿយ។ បន្ទាប់ពីទទួលបានពាក្យលើកទឹកចិត្តពីអ្នកគាំទ្ររបស់នាងផ្ទាល់ កំពូលតារាម៉ូដែលរូបនេះត្រូវបានគេឃើញមានទឹកភ្នែក។
Sun Qian ក៏មិនអាចគេចផុតពីការរិះគន់បានដែរ។ អ្នកគាំទ្រមួយចំនួនរបស់ Jing Boran និង Liu Wen បានចោទតារាសម្តែងស្រីថា ទទួលបានផលប្រយោជន៍ពីការរិះគន់ដែលកំពុងកើនឡើងចំពោះតួឯកប្រុសរបស់នាង។ អ្នកផ្សេងទៀតបានចោទ Sun Qian ថា មានអាកប្បកិរិយាស្និទ្ធស្នាលជាមួយ Jing Boran ខ្លាំងពេក ទោះបីដឹងថាលោកមានមិត្តស្រីក៏ដោយ ដោយអះអាងថាសកម្មភាពបែបនេះបានធ្វើឱ្យអ្នកគាំទ្រកាន់តែជាប់អារម្មណ៍ជាមួយគូស្នេហ៍ក្នុងរឿង។ Sun Qian ថែមទាំងត្រូវបានអ្នករិះគន់មួយចំនួនប្រើពាក្យ «តែបៃតង» ដាក់លើនាង បន្ទាប់ពីនាងបានស្នើសុំអាវពី Jing Boran។
ក្រោយមកស្ទូឌីយោរបស់ Sun Qian បានបង្ហោះសារមួយថា «មានរឿងដែលគួរឱ្យពិបាកចិត្តគ្រប់គ្រាន់ហើយ។ សូមកុំអូសបន្លាយរឿងនេះតទៅទៀត» ដែលហាក់ដូចជាបង្ហាញពីការខកចិត្ត និងភាពនឿយហត់ចំពោះការត្រូវបានទាញចូលក្នុងជម្លោះរវាងអ្នកគាំទ្ររឿង និងអ្នកគាំទ្រតារាល្បីផ្សេងៗជាបន្តបន្ទាប់។
យោងតាម 163 ភាពចម្រូងចម្រាសជុំវិញរឿង «The Early Spring» បានលេចឡើងជាបន្តបន្ទាប់នៅក្នុងបញ្ជីប្រធានបទកំពុងពេញនិយមលើ Weibo ដែលបង្កឱ្យមានការរំខានលើសពីពិភពរឿងភាគ។ មតិរបស់សាធារណជននៅតែបែងចែកគ្នា។ អ្នកមួយចំនួនយល់ថា តារាសម្តែងដែលសម្តែងក្នុងរឿងស្នេហាគួរតែពិចារណាកាត់បន្ថយការបង្ហាញទំនាក់ទំនងស្នេហាក្នុងជីវិតពិតជាសាធារណៈ ខណៈពេលរឿងកំពុងចាក់ផ្សាយ ដើម្បីកុំឱ្យប៉ះពាល់ដល់ការចូលរួមអារម្មណ៍របស់អ្នកទស្សនាជាមួយស្នេហាក្នុងរឿង។
ផ្ទុយទៅវិញ អ្នកផ្សេងទៀតយល់ថាអ្នកទស្សនាមិនគួរចូលជ្រៅពេកទៅក្នុងទំនាក់ទំនងឯកជនរបស់តារាល្បីឡើយ ដោយសង្កត់ធ្ងន់ថា តួអង្គប្រឌិត និងមនុស្សពិតគឺជារឿងពីរដាច់ដោយឡែកពីគ្នា។ ពួកគេយល់ថា អ្នកទស្សនាមួយចំនួនបានភ្ជាប់អារម្មណ៍ខ្លាំងហួសកម្រិត បន្ទាប់ពីទស្សនារឿង ដែលនាំឱ្យមានអាកប្បកិរិយាជ្រុលនិយម និងការខ្វះការគោរពចំពោះជីវិតឯកជនរបស់តារាសម្តែង។
ទោះជាយ៉ាងណា ភាពសាទរហួសកម្រិតរបស់អ្នកទស្សនាមួយចំនួន និងការព្យាយាមចូលជ្រៀតជ្រែកក្នុងជីវិតឯកជនរបស់តារាសម្តែងត្រូវបានរាយការណ៍ថាបានធ្វើឱ្យស្ថានការណ៍កាន់តែមានភាពមិនស្រួលសម្រាប់អ្នកពាក់ព័ន្ធ៕










