យោងតាម Nation Thailand និង Bangkok Post នៅថ្ងៃទី៣០ ខែកញ្ញា នេះ បានឲ្យដឹងថា ក្រោយទំនប់រាមាទី៦ បង្ហូតទង់ក្រហម ឥឡូវទន្លេម៉ែខ្លងប្រកាសអាសន្នក្រហមជុំថ្មី ក្រោយចរន្តទឹកបោកផ្តាច់ផែអណ្តែតទឹកទៅបុកទ្វារទំនប់ ធ្វើឱ្យខេត្តរាជបុរីត្រូវប្រកាសអាសន្នត្រៀមជម្លៀសពលរដ្ឋជាបន្ទាន់។

__________
ហានិភ័យប្រជាជននៅផ្នែកខាងក្រោម! អាជ្ញាធរថៃបានប្រកាសអាសន្នកម្រិតពណ៌ក្រហមនៅតាមដងទន្លេម៉ែខ្លង បន្ទាប់ពីមានករណីផែបណ្តែតទឹកដ៏ធំមួយបានដាច់ហូរអណ្តែតបោកបុកទម្លុះទ្វារទំនប់ទឹក ស្របពេលដែលកម្រិតទឹកនៅក្នុងបណ្តាញទំនប់ទឹកធំៗទូទាំងប្រទេសកំពុងតែហក់ឡើងខ្ពស់គំហុកស្តុកទុកជិតពេញចំណុះ ១០០%។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តអាយុធ្យារបស់ថៃ ទើបតែប្រកាសអាសន្នទង់ក្រហមដូចគ្នាលើទំនប់យក្សរាមាទី៦ ដោយសារតែកម្ពស់ទឹកទន្លេប៉ាសាក់ ឡើងងំខ្លាំង។ សង្វាក់នៃការបង្ហូតទង់ក្រហមព្រមានជាបន្តបន្ទាប់នេះ បានស្តែងឱ្យឃើញពីសញ្ញាអាសន្នធារាសាស្ត្រដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសថៃ។
.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Nation Thailand និង Bangkok Post សម្ពាធទឹកជំនន់ឆ្លងខែបានពង្រីកឥទ្ធិពលបំផ្លិចបំផ្លាញកាន់តែខ្លាំងក្លា។ នៅក្នុងភូមិសាស្ត្រទន្លេម៉ែខ្លង ចរន្តទឹកដ៏មហាសាលបានវាយប្រហារធ្វើឱ្យផែស្នាក់នៅ ឬផ្ទះបណ្តែតទឹកខ្នាតធំមួយខ្នង ដាច់ហូរអណ្តែតទៅបោកបុកទង្គិចពេញទំហឹងចំទ្វារទំនប់ទឹកម៉ែខ្លង បង្កើតជាហានិភ័យបច្ចេកទេសយ៉ាងធ្ងន់ធ្ងរ។ ផលប៉ះពាល់ជាខ្សែសង្វាក់នេះ បានដេញជើងការគំរាមកំហែងមកលើខេត្តរាជបុរី ដោយផ្ទាល់ បង្ខំឱ្យអាជ្ញាធរខេត្តត្រូវប្រកាសអាសន្ន និងត្រៀមលក្ខណៈរៀបចំផែនការជម្លៀសប្រជាពលរដ្ឋ ឱ្យចាកចេញពីលំនៅឋានជាបន្ទាន់ ខណៈកម្លាំងសង្គ្រោះ និងអ្នកភូមិកំពុងសម្រុកចាក់បាវខ្សាច់ធ្វើជារបាំងការពារទឹកទាំងយប់ទាំងថ្ងៃ។
ក្រៅពីវិបត្តិនៅទំនប់រាមាទី៦ និងទំនប់ម៉ែខ្លង របាយការណ៍បច្ចេកទេសបានលាតត្រដាងថា មានទំនប់វារីអគ្គិសនី និងទំនប់ស្តុកទឹកខ្នាតយក្សចំនួន ៣ ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលផ្ទុកទឹកហួសចំណុះ និងប្រឈមហានិភ័យទឹកបុកឡើងដល់កម្រិតគ្រោះថ្នាក់បំផុត។ នៅក្នុងនោះ ទំនប់ ប៉ាសាក់ ចូឡាស៊ីត ក្នុងខេត្តលពបុរី មានទឹកស្តុកទុកពេញរហូតដល់ទៅ ៩៦% ទៅហើយ ដែលបង្ខំឱ្យត្រូវបើកទ្វារសម្រុកបង្ហូរទឹកចេញបន្ថែម។ ស្របពេលជាមួយគ្នា ទំនប់ចៅប្រាយ៉ា ក៏កំពុងរងសម្ពាធទឹកបុកហូរចូលក្នុងល្បឿនជាង ២,០០០ ម៉ែត្រគូបក្នុងមួយវិនាទី ត្រៀមរុលទៅគំរាមកំហែងដល់ប្រព័ន្ធការពារទឹកជំនន់របស់រាជធានីបាងកក ចំណែកទំនប់ភូមិបុល ក្នុងខេត្តតាក់ ក៏កំពុងទទួលរងទឹកជ្រលងភ្នំហូរចាក់ចូលយ៉ាងគំហុកគ្មានស្រាកស្រាន្តដូចគ្នា។.jpg)
ជារួមមក សង្វាក់នៃការប្រកាសអាសន្នទង់ក្រហមជាបន្តបន្ទាប់ឆ្លងខេត្តឆ្លងទន្លេនៅក្នុងប្រទេសថៃនាពេលនេះ គឺជាមេរៀនសន្តិសុខអាកាសធាតុដ៏រសើបមួយ ដែលឆ្លុះបញ្ចាំងពីសម្ពាធទឹកដ៏មហាសាលដែលកំពុងគំរាមកំហែងដល់ប្រព័ន្ធគ្រប់គ្រងធារាសាស្ត្ររបស់ប្រទេសថៃយ៉ាងធ្ងន់ធ្ងរ៕










