យោងតាមរបាយការណ៍ពីទីភ្នាក់ងារព័ត៌មានអន្តរជាតិ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ២០២៦ នេះបានឲ្យដឹងថា ប្រទេសជាច្រើននៅជុំវិញពិភពលោក រាប់ចាប់ពីទ្វីបអាស៊ី អ៊ឺរ៉ុប ដល់ទ្វីបអាហ្រ្វិក កំពុងប្រឈមនឹងគ្រោះបាក់ដី និងលិចលង់ក្រុងព្រមគ្នា ដែលបង្ហាញពីភាពមិនប្រក្រតីនៃប្រព័ន្ធអាកាសធាតុសកល។
______________
មិនមែនជារឿងចៃដន្យ ធម្មជាតិចាប់ផ្តើមគិតបញ្ជីហើយ ប្រទេសជិតដប់នៅជុំវិញពិភពលោក ចាប់តាំងពីអាស៊ី អឺរ៉ុប រហូតដល់ទ្វីបអាមេរិក កំពុងជួបគ្រោះបាក់ដី ព្យុះសង្ឃរា និងលិចលង់ក្រុងព្រមគ្នា ដែលបង្ហាញពីភាពមិនប្រក្រតីនៃប្រព័ន្ធអាកាសធាតុសកល គិតត្រឹមថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ រលកនៃគ្រោះមហន្តរាយភ្លោះដ៏កម្រោលនេះ បាននិងកំពុងបង្កវិនាសកម្មឆ្លងទ្វីបយ៉ាងរន្ធត់ បង្ហាញជាសញ្ញាព្រមានអាសន្នពណ៌ក្រហម ថាភពផែនដីលែងមានសមត្ថភាពអត់ឱនឱ្យទង្វើបំផ្លាញបរិស្ថានរបស់មនុស្សជាតិទៀតហើយ បង្ខំឱ្យសហគមន៍អន្តរជាតិត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត។
.jpg)
យោងតាមការចុះផ្សាយព័ត៌មានជាក់ស្តែងចុងក្រោយរបស់បណ្តាញសារព័ត៌មានលំដាប់ពិភពលោក រួមមាន The New York Times, BBC និង FOX 5 ឥទ្ធិពលនៃគ្រោះធម្មជាតិបានវាយប្រហារចូលទៅដល់បេះដូងនៃទ្វីបអាមេរិកយ៉ាងចាស់ដៃ។ ប្រព័ន្ធខ្យល់ព្យុះដ៏មានឥទ្ធិពល Nor’easter បានបោកបក់កាត់តំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក បណ្តាលឱ្យមានគ្រោះទឹកជំនន់លិចលង់យ៉ាងធ្ងន់ធ្ងរនៅតាមតំបន់ឆ្នេរសមុទ្រ លាយឡំដោយខ្យល់កន្ត្រាក់ខ្លាំង នៅក្នុងទីក្រុងញូវយ៉ក និងរដ្ឋញូវជឺស៊ី។ គ្រោះមហន្តរាយនេះបានកាត់ផ្តាច់ប្រព័ន្ធអគ្គិសនីធ្វើឱ្យផ្ទះសម្បែងងងឹតស្លុប លិចលង់យានយន្ត និងបានឆក់យកជីវិតមនុស្សចំនួន ០១ នាក់យ៉ាងអាសន្ន។ ស្របពេលជាមួយគ្នានេះ នៅភូមិភាគអឺរ៉ុប គ្រោះព្យុះផ្គររន្ទះ និងជំនន់លិចលង់ភ្លាមៗ ក៏បានបោកបក់កាត់ផ្តាច់ផ្លូវថ្នល់ និងលិចលង់ហាងទំនិញកណ្តាលទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ យ៉ាងគំហុកផងដែរ។

ងាកមកមើលតំបន់ទ្វីបអាស៊ីវិញ សម្ពាធធារាសាស្ត្រ និងវិបត្តិទំនប់ទឹកជិតផ្ទុះ ក៏កំពុងអង្រួនតំបន់អាស៊ីអាគ្នេយ៍យ៉ាងក្តៅគគុក ដេញជើងគ្នាក្នុងពេលតែមួយ។ នៅក្នុងប្រទេសថៃ អាជ្ញាធរបានប្រកាសអាសន្នទង់ក្រហមនៅដងទន្លេម៉ែខ្លង និងទន្លេប៉ាសាក់ ស្របពេលទំនប់យក្សប៉ាសាក់ចូឡាស៊ីតផ្ទុកទឹកពេញ ៩៦% និងទំនប់ចៅប្រាយ៉ាត្រៀមបុកលិចក្រុងបាងកក រួមទាំងគ្រោះបាក់ដីភ្នំសង្កត់ផ្លូវជាតិក្នុងខេត្តតាក់។ វិបត្តិនេះបានរាលដាលឆ្លងដែនមកប្រទេសឡាវ បង្ខំឱ្យទំនប់វារីអគ្គិសនីខ្នាតយក្ស «សេកាម៉ាន១» ក្នុងខេត្តអាតាពើ ត្រូវប្រកាសអាសន្នត្រៀមបើកទ្វារទឹក បង្ហូររំដោះទឹកមហាសាល ដែលជះហានិភ័យឆ្លងដែនមកលើប្រទេសកម្ពុជា ធ្វើឱ្យខេត្តស្ទឹងត្រែង និងរតនគិរី ត្រូវប្រឈមនឹងអាសន្ន ស្របពេលទឹកជំនន់នាំយកសត្វក្រពើថៃរួចទ្រុងហូរចូលមកក្រុងប៉ោយប៉ែត។ ហួសទៅដល់ទ្វីបអាហ្វ្រិក របាយទឹកភ្លៀងក៏បានបំបាក់ទំនប់ទឹកក្នុងប្រទេសនីហ្សេរីយ៉ា ឆាត និងម៉ាលី ធ្វើឱ្យមនុស្សជាង ១លាននាក់ធ្លាក់ខ្លួនអនាថាជាបណ្ដោះអាសន្ន។.jpg)
ជារួមមក ទិន្នន័យជាក់ស្តែងនៃការផ្ទុះឡើងនូវគ្រោះព្យុះ Nor’easter នៅញូវយ៉ក ជំនន់លិចលង់ក្រុងបាសេឡូណា គ្រោះបាក់ដីភ្នំនៅអាស៊ី និងវិបត្តិទំនប់ទឹកជិតផ្ទុះជុំវិញពិភពលោកនៅក្នុងរង្វង់ខែកញ្ញា ឆ្នាំ២០២៦ នេះ មិនមែនជារឿងចៃដន្យឡើយ វាគឺជាសារដាស់តឿន និងជាខែលព្រមានដ៏មុតស្រួចពីធម្មជាតិផ្ញើជូនមនុស្សជាតិ។ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដ៏រសើបឆ្លងទ្វីបនេះ សហគមន៍អន្តរជាតិត្រូវតែបង្កើនកិច្ចសហការការទូត បញ្ឈប់ការសន្យាខ្យល់លើក្រដាស និងងាកមកអនុវត្តវិធានការបៃតងពិតប្រាកដនៅលើដី ដើម្បីរួមគ្នាការពារខ្សែសង្វាក់ជីវិត ការពារបរិស្ថាន និងធានាសុវត្ថិភាពរស់នៅរបស់មនុស្សជាតិគ្រប់ជំនាន់ឱ្យបានគង់វង្ស៕










