តារាសម្តែងនិងជាពិធីការិនី ហេង បូនីកា បានបង្ហាញប្រាប់ទស្សនិកជននូវហេតុការណ៍ដ៏ព្រឺសម្បុរមួយរាល់ពេលដែលនាងទទួលថតរឿងខ្មោចតែប្រឈមនឹងគ្រោះថ្នាក់ដូចជាការមានរបួសដោយមិននឹកស្មានដល់។ ជាមួយនឹងការហើមជើងយ៉ាងខ្លាំងនាពេលនេះ ហេង បូនីកា ថាមិត្តភក្តិរបស់នាងធ្លាប់ដាស់តឿនដោយឱ្យនាងប្រុងប្រយ័ត្នពីព្រោះរាសីនាងមិនល្អឡើយ។

កាលពីពេលថ្មីៗនេះ (២៦ កញ្ញា) កញ្ញា ហេង បូនីកា ហៅ ខ្ញីប បានបង្ហោះវីដេអូមួយដែលបង្ហាញពីគ្រោះថ្នាក់នៃការថតកុនរបស់ខ្លួនហើយនាងមានបញ្ហាជើងចំនួន២ដងទាំងដែលទើបតែថតបាន៣ថ្ងៃប៉ុណ្ណោះ។ នីកា ក៏បានរម្លឹកពីពាក្យសម្តីរបស់មិត្តភក្តិម្នាក់ដែលបានឆាតមកខ្លួនតាំងពីថ្ងៃទី៥ ខែសីហា ដោយមើលឃើញថារាសីរបស់នាងមិនល្អឡើយហើយអាចនឹងមានបញ្ហាជើងក្នុងចន្លោះខែ ៨-៩។

ពិធីការិនីរូបនេះថានាងបានភ្លេចពាក្យសម្តីដាស់តឿនរបស់មិត្តភក្តិខណៈបានជួបប្រទះបញ្ហាជើងពិតមែនដោយក្នុងការថតកុនថ្ងៃទី១ នាងដួលគ្រេចកជើង ហើយនៅថ្ងៃទី៣ស្រាប់តែហើមជើងតែម្តងដោយមិនច្បាស់ថានាងទៅរត់បុកអ្វីឡើយ។ ហេង បូនីកា ថានាងជាមនុស្សខ្លាចខ្មោច ប៉ុន្តែក៏បានយល់ព្រមថតរឿងខ្មោច។ កាលពីមុន ហេង បូនីកា គឺបានសម្តែងក្នុងរឿង «កំហឹងខ្មោចកូនប្រសារស្រី» ជាមួយនឹងតារាជើងចាស់ អ្នកនាង ខាត់ សុឃីម។
.png)
នៅក្នុងវីដេអូមួយផ្សេងទៀត បូនីកា ថាការជួបហេតុការណ៍ទាំងនេះក៏ជាហេតុផលមួយដែលនាងមិនទទួលថតជាតួខ្មោច ហើយរាល់ពេលដែលនាងថតរឿងខ្មោចតែងតែប្រឈមនឹងរឿងរ៉ាវទាំងនេះមានបញ្ហាជួបគ្រោះថ្នាក់ជាបន្តបន្ទាប់។ បូនីកា បញ្ជាក់ថារឿងដែលនាងកំពុងថតនេះនាងមិនបានតែងជាខ្មោចនោះទេ ប្រសិនជានាងព្រមទទួលថតជាតួអង្គខ្មោចទៀតមិនដឹងថានាងត្រូវជួបគ្រោះថ្នាក់កម្រិតណាទេ។
ដ្បិតតែជើងរបស់ខ្លួនមានបញ្ហាក្តីតែ ហេង បូនីកា ក៏បានបង្ហាញថានាងទ្រាំថតឈុតនោះរហូតដល់ចប់ដោយមិនឱ្យក្រុមការងារមានបញ្ហាឬការងារត្រូវអាក់ខានដោយសារនាងឡើយ៕










