ភ្នំពេញ៖ យោងតាមការការប្រកាសរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ កំពូល TikToker លំដាប់ពិភពលោក Khaby Lame នឹងធ្វើដំណើរមកទស្សនាកម្សាន្តនៅលើទឹកដីអច្ឆរិយៈក្នុងពេលឆាប់ៗខាងមុខនេះ។ 
___________
កម្ពុជា ត្រៀមបង្កើតព្រឹត្តិការណ៍ដ៏ធំធេងជាមួយកំពូល Content Creator លំដាប់ពិភពលោក! យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងទេសចរណ៍ កម្ពុជាបានប្រកាសជាផ្លូវការថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ស្តេច TikTok ដែលមានអ្នក Follow ច្រើនជាងគេបំផុតនៅលើភពផែនដី គឺលោក Khaby Lame ឱ្យមកទស្សនាកម្សាន្តនៅលើទឹកដីអច្ឆរិយៈក្នុងពេលឆាប់ៗខាងមុខនេះ។ ដំណឹងដ៏រំភើបញាក់សាច់នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ កំពុងតែអង្រួនចិត្តមហាជន និងអ្នកលេងបណ្តាញសង្គមទូទាំងប្រទេសយ៉ាងខ្លាំង។
យោងតាមការបង្ហោះផ្លូវការរបស់ក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ បានបញ្ជាក់ក្តែងៗទាំងភាសាខ្មែរ និងភាសាអង់គ្លេសថា៖ «កម្ពុជាត្រៀមរួចស្រេចក្នុងការស្វាគមន៍ Khaby Lame! តារាកំប្លែង និងជាអ្នកបង្កើតមាតិកាដ៏ល្បីល្បាញសកលរូបនេះ គ្រោងនឹងអញ្ជើញមកកម្ពុជាក្នុងពេលឆាប់ៗនេះ។ តើដំណើរទស្សនកិច្ចនេះ នឹងបង្កើតជាព្រឹត្តិការណ៍អ្វីខ្លះនៅលើទឹកដីអច្ឆរិយៈ? តស់! រង់ចាំតាមដាន និងត្រៀមស្វាគមន៍ទាំងអស់គ្នា!»។ នៅក្នុងវីដេអូផ្សព្វផ្សាយជំហានដំបូង គេឃើញលោក Khaby Lame បានបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយ និងសប្បាយរីករាយក្នុងការសាកល្បង និងស្វែងយល់ពីសិល្បៈវប្បធម៌ខ្មែរ មុននឹងឈានជើងមកដល់ទឹកដីអង្គរពិតប្រាកដ។.jpg)
គួបញ្ជាក់ថា លោក Khaby Lame គឺជាយុវជនឆ្នើមជនជាតិសេណេហ្គាល់-អ៊ីតាលី ដែលបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញកក្រើកពិភពលោក តាមរយៈការបង្កើតវីដេអូខ្លីៗបែបកំប្លែងឌឺដង បំបែកភាពស្មុគស្មាញ ដោយគ្រាន់តែប្រើប្រាស់ «កាយវិការលាតដៃល្បីល្បាញ និងខ្សែភ្នែកងឿងឆ្ងល់ ដោយមិននិយាយស្តីសូម្បីតែមួយម៉ាត់»។ ពីអតីតកម្មកររោងចក្រធម្មតាម្នាក់ដែលធ្លាប់ត្រូវបានគេបញ្ឈប់ពីការងារអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ លោកបានតស៊ូបង្កើតមាតិការហូតល្បីល្បាញដាច់គេ និងក្លាយជាមហាសេដ្ឋីឌីជីថលលំដាប់សកលដែលមានអ្នក Follow រាប់រយលាននាក់។
តាមរយៈដំណើរទស្សនកិច្ចរបស់លោក Khaby Lame មកកាន់កម្ពុជានាពេលឆាប់ៗខាងមុខនេះ ក្រសួងទេសចរណ៍ និងមហាជនខ្មែរបានរំពឹងទុកយ៉ាងមុតមាំថា នឹងបង្កើតជា Moment ដ៏អស្ចារ្យមិនអាចបំភ្លេចបាននៅលើទឹកដីអច្ឆរិយៈ និងជួយជម្រុញរូបភាពវិជ្ជមាននៃវិស័យទេសចរណ៍ឌីជីថលខ្មែរឱ្យល្បីល្បាញកម្រិតសកល ។ វីដេអូ និងរូបភាពដែលលោក Khaby Lame ថតបង្ហោះនៅលើទឹកដីអង្គរ នឹងក្លាយជាម៉ាស៊ីនផ្សព្វផ្សាយវប្បធម៌ និងបដិសណ្ឋារកិច្ចដ៏ទន់ភ្លន់របស់ខ្មែរទៅកាន់កែវភ្នែកមនុស្សរាប់ពាន់លាននាក់ទូទាំងភពផែនដី ដែលនេះជាឱកាសមាសក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យសម្រុកមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនសន្ធឹកសន្ធាប់៕










