ចិន៖ ខណៈដែលសេដ្ឋកិច្ចមានការប្រកួតប្រជែងខ្លាំង យុវជនជំនាន់ Z (Gen Z) នៅប្រទេសចិនជាច្រើន បានសម្រេចចិត្តបោះបង់ការរើសអើងបែបបុរាណ រួចងាកមកចាប់យកអាជីព «អ្នករៀបចំពិធីបុណ្យសព» យ៉ាងកុះករ ដោយសារពួកគេមើលឃើញពីឱកាសទីផ្សារការងារខ្ពស់ពីអាជីពនេះ។
_________________
របត់ការងារថ្មីនាយុគសម័យឌីជីថល! ខណៈដែលបច្ចេកវិទ្យាកំពុងមានការវិវឌ្ឍទៅមុខយ៉ាងរហ័ស យុវជនជំនាន់ Z (Gen Z) នៅក្នុងប្រទេសចិនមួយចំនួន បែរជាងាកមកចាប់អារម្មណ៍ និងសម្រុករៀនជំនាញ «រៀបចំបុណ្យសព» យ៉ាងច្រើនកុះករទៅវិញ។ ការងារដែលធ្លាប់តែរងការរើសអើង និងយល់ថាជាប្រលឹតនៃភាពស៊យក្នុងផ្នត់គំនិតបុរាណ នាពេលបច្ចុប្បន្នបានក្លាយជាអាជីពដ៏ពេញនិយម និងមានទីផ្សារការងារខ្ពស់គួរឱ្យកត់សម្គាល់។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ CNA បានឱ្យដឹងថា ប្រទេសចិនកំពុងតែប្រឈមមុខនឹងបញ្ហាអត្រាកំណើតធ្លាក់ចុះទាបបំផុតជាប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ១៩៦០ មក ដែលវាបានរុញច្រានឱ្យវិស័យសេវាកម្មបុណ្យសពមានការរីកចម្រើន និងត្រូវការកម្លាំងពលកម្មជំនាញជាច្រើន។យុវជនចិនជំនាន់ក្រោយលែងខ្វល់ខ្វាយពីការរើសអើងសង្គមទៀតហើយ ព្រោះពួកគេមើលឃើញថា វិស័យនេះជាការងារដែលមានស្ថិរភាពខ្ពស់ មិនសូវមានការប្រកួតប្រជែងដណ្តើមគ្នាយ៉ាងគំហុកដូចវិស័យបច្ចេកវិទ្យា ឬហិរញ្ញវត្ថុ ថែមទាំងទទួលបានប្រាក់ចំណូលសមរម្យសម្រាប់ចិញ្ចឹមជីវិត។ ពួកគេយល់ឃើញថា នេះជាអាជីពមនុស្សធម៌ចុងក្រោយបង្អស់ ក្នុងការផ្ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរទៅកាន់អ្នកដែលបានចែកឋានទៅ។
អ្វីដែលកាន់តែអស្ចារ្យ និងដើរទាន់សម័យកាលនោះគឺ អាជីវកម្មសេវាកម្មបុណ្យសពបច្ចុប្បន្ន បានបញ្ចូលនូវការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការរៀបចំពិធីឌីជីថលបែបស្ងប់ស្ងាត់ ដើម្បីបំពេញតាមតម្រូវការផ្លូវចិត្តរបស់ក្រុមគ្រួសារសាច់ញាតិ។ ទាក់ទិននឹងរបត់ថ្មីនេះ និស្សិតស្រីវ័យក្មេងអាយុទើបតែ ១៩ឆ្នាំម្នាក់ គឺកញ្ញា វ៉ី ប៊ីនជៀ (Wei Binjie) បានសម្រេចចិត្តជ្រើសរើសរៀនជំនាញសិក្សាបុណ្យសពនេះដោយផ្ទាល់។ ទោះបីជាដឹងថាការងារនេះត្រូវប្រឈមនឹងសម្ពាធផ្លូវចិត្តខ្លាំង និងប្រាក់បៀវត្សរ៍ដំបូងមិនសូវខ្ពស់ក្តី ក៏នាងនៅតែមានមោទនភាព និងប្តេជ្ញាចិត្តចង់អភិវឌ្ឍវិស័យនេះ ព្រោះនាងយល់ថា វាជាអាជីពដ៏មានតម្លៃបំផុត ក្នុងការជួយសម្រាលទុក្ខសោក និងជូនដំណើរមនុស្សម្នាក់ៗឱ្យបានកក់ក្តៅជាទីបំផុត។.jpg)
ជារួមមក ការសម្រុករៀនជំនាញរៀបចំបុណ្យសពរបស់យុវជនចិនជំនាន់ Z ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរផ្នត់គំនិតសង្គមដ៏ធំធេងមួយ ដែលយុវជនសម័យថ្មីឱ្យតម្លៃលើ «តថភាពសេដ្ឋកិច្ចពិតប្រាកដ និងតម្លៃមនុស្សធម៌» ជាជាងការដេញតាមមនោគមវិជ្ជាបុរាណ។ វិស័យបុណ្យសពដែលកំពុងដើរទាន់សម័យកាលជាមួយ AI នេះ មិនត្រឹមតែដោះស្រាយវិបត្តិការងារប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងបង្កើតស្តង់ដារថ្មីមួយ ក្នុងការផ្ដល់ភាពថ្លៃថ្នូរជូនមនុស្សជាតិរហូតដល់វិនាទីចុងក្រោយនៃជីវិត៕









