ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារវាង SUGA សមាជិកក្រុម BTS និងតារាសម្តែងស្រី Go Ara កំពុងត្រូវបានលើកយកមកជជែកជាថ្មីនៅលើបណ្តាញសង្គម បន្ទាប់ពីអ្នកលេងអ៊ីនធឺណិតមួយចំនួនបានព្យាយាមប្រៀបធៀបរូបភាព និងការបង្ហោះនៅលើ Instagram របស់តារាទាំងពីរ។ នេះបើយោងទៅតាមការចុះផ្សាយរបស់ allkpop។

ការសង្ស័យបានផ្តោតជាចម្បងលើរូបភាពដែលត្រូវបានគេអះអាងថា មានភាពស្រដៀងគ្នាទាក់ទងនឹងទីតាំង សម្លៀកបំពាក់ គ្រឿងតុបតែង និងផ្ទៃខាងក្រោយ។ អ្នកលេងបណ្តាញសង្គមមួយចំនួនក៏បានយករូបភាពដែលពាក់ព័ន្ធនឹងទីក្រុង Barcelona មកប្រៀបធៀប ដើម្បីព្យាយាមសន្និដ្ឋានថា តារាទាំងពីរអាចធ្លាប់ស្ថិតនៅកន្លែងដូចគ្នា ឬក្នុងអំឡុងពេលប្រហាក់ប្រហែលគ្នា។

ទោះជាយ៉ាងណា អ្នកគាំទ្រមួយចំនួនបានច្រានចោលការសន្និដ្ឋាននេះដោយលើកឡើងថា ភាពស្រដៀងគ្នាដែលត្រូវបានយកមកធ្វើជាមូលដ្ឋាន អាចជាការចៃដន្យ។ ពួកគេបានពិនិត្យលម្អិតលើអាកាសធាតុ ផ្ទៃខាងក្រោយ និងសំណង់ដែលបង្ហាញក្នុងរូបថត ហើយរកឃើញភាពខុសគ្នាមួយចំនួន ដែលធ្វើឱ្យមិនអាចបញ្ជាក់ថា រូបភាពទាំងនោះត្រូវបានថតនៅពេលតែមួយបានឡើយ។
.png)
ការជជែកគ្នាបានរីករាលដាលទៅកាន់បណ្តាញសង្គមដូចជា X និង Threads ខណៈអ្នកលេងអ៊ីនធឺណិតមួយចំនួនបានចែករំលែកវីដេអូ និងរូបភាពដែលពួកគេចាត់ទុកថាជា «ភស្តុតាង»។ ទន្ទឹមនឹងនេះ ក៏មានអ្នកគាំទ្រផ្សេងទៀតរិះគន់ការយកព័ត៌មានមិនទាន់ផ្ទៀងផ្ទាត់ទៅធ្វើជាការសន្និដ្ឋានថា តារាទាំងពីរកំពុងមានទំនាក់ទំនងស្នេហា។ ជាពិសេស ការដែលអ្នកប្រើប្រាស់មួយចំនួនបានទៅបញ្ចេញមតិនៅលើគណនី Instagram របស់ Go Ara ដោយភ្ជាប់ឈ្មោះ SUGA ក៏បានបង្កឱ្យមានការរិះគន់ថា ការចូលទៅជ្រៀតជ្រែកលើគណនីផ្ទាល់ខ្លួនរបស់តារា ដោយផ្អែកលើពាក្យចចាមអារ៉ាម គឺមិនសមរម្យឡើយ។

គិតត្រឹមពេលនេះ SUGA, Go Ara ឬភ្នាក់ងាររបស់តារាទាំងពីរមិនទាន់ចេញមកបញ្ជាក់ជាផ្លូវការថា ពួកគេកំពុងមានទំនាក់ទំនងស្នេហានោះទេ។ ដូច្នេះ ព័ត៌មានដែលកំពុងផ្សព្វផ្សាយនៅលើបណ្តាញសង្គម នៅតែស្ថិតក្នុងកម្រិតជាការសង្ស័យ និងការវិភាគរបស់អ្នកលេងអ៊ីនធឺណិតប៉ុណ្ណោះ មិនមែនជាព័ត៌មានដែលត្រូវបានបញ្ជាក់ជាផ្លូវការឡើយ។ ទន្ទឹមនឹងនេះដែរ Suga កំពុងចូលរួមជាមួយនឹងសមាជិក BTS ក្នុងដំណើរទេសចរណ៍ពិភពលោក៕









