លោក អ៊ឹម ជីវ៉ា បានបង្ហាញថា ចំប៉ីខ្មៅ ហាក់ដូចជាស្ងាត់ខុសពីធម្មតាព្រមទាំងមានការសង្ស័យអាចកំពុងមានរឿងអ្វីស្របពេល ចំប៉ីខ្មៅ ចូលចិត្តថតកាន់លុយច្រើនពេក។ ការបង្ហើបរបស់លោក អ៊ឹម ជីវ៉ា ក្រោយ ចំប៉ីខ្មៅ បានបាត់មុខនិងលែងមានសកម្មភាពលើបណ្តាញសង្គមតាំងពីថ្ងៃទី១៧ ខែសីហា មកម្ល៉េះ។
គេចាំបានថាកាលពីថ្ងៃទី១៧ ខែសីហា ចំប៉ីខ្មៅ បានចេញវីដេអូមួយដោយបញ្ជាក់ថាលោក ប៊ន ណារិទ្ធ ដែលជាកីឡាករបាល់ទះបានជំពាក់ប្រាក់តែ ៤០០ដុល្លារប៉ុណ្ណោះប៉ុន្តែ ចំប៉ីខ្មៅ បាននិយាយចោទប្រកាន់ទៅកាន់កូនបំណុលថាបានជំពាក់ប្រាក់រហូតដល់១០០០០ដុល្លារ។ ក្រោយចេញវីដេអូនេះរួចមានមតិប្រតិកម្មជាច្រើនបានជំរុញឱ្យមានការស៊ើបអង្កេតទាក់ទងនឹងការរកស៊ីកម្ចីអនឡាញដែលយកការប្រាក់ហួសហេតុ។ មិនត្រឹមតែប៉ុណ្ណោះមួយរយៈមុន ចំប៉ីខ្មៅ ក៏រងនូវការរិះគន់ចំពោះការប្រើពាក្យសម្តីមិនសមរម្យទៅកាន់អ្នកឆាតមកខ្ចីលុយរហូតឈានដល់ការប៉ះទង្គិចគ្នាជាមួយនឹងអ្នកវិភាគនយោបាយនៅក្រៅប្រទេស។

ចាប់តាំងពីចេញវីដេអូកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ គេពុំបានឃើញ ចំប៉ីខ្មៅ បញ្ចេញសកម្មភាពអ្វីនៅលើបណ្តាញសង្គមទៀតឡើយ។ នៅថ្ងៃទី១ ខែកញ្ញា នេះលោកអ៊ឹម ជីវ៉ា ក៏បានបង្ហោះសំណេរមួយសម្តែងភាពងឿងឆ្ងល់ចំពោះការបាត់មុខរបស់ ចំប៉ីខ្មៅ។
លោកបានសរសេរថា «មួយរយៈនេះដូចបាត់មុខ ចំប៉ីខ្មៅ អត់ឃើញគាត់ បាត់ឈឹង ! តើគាត់ទៅណា?? មានរឿងអី?? តិចគាត់ថតអ៊ួតកាន់លុយច្រើនពេកមានគេ..»។

ការបង្ហើបរបស់លោក អ៊ឹម ជីវ៉ា ក៏មានអ្នកលេងបណ្តាញសង្គមបង្ហាញការយល់ស្របដោយសារតែមួយរយៈនេះ ចំប៉ីខ្មៅ ពិតជាបាត់មុខមែនមិនដឹងថាពេលនេះកំពុងប្រឈមនឹងរឿងអ្វីនោះទេ៕










