ថៃ៖ ស្របពេលដែល ជំនន់ទឹកភ្លៀងភក់ដ៏ខ្លាំងក្លាបានហូរចាក់ចុះពីលើភ្នំ បោកបក់កាត់រមណីយដ្ឋាន និងភូមិករជាច្រើនក្នុងស្រុក Kaeng Khoi ខេត្តស្រះបុរី ធ្វើឱ្យភ្ញៀវទេសចររាប់សិបនាក់ត្រូវជាប់គាំងទាំងកណ្ដាលយប់ នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul បានបញ្ជាឱ្យក្រុងសេដ្ឋកិច្ចភាគខាងត្បូង «ហាតយ៉ៃ» ត្រៀមលក្ខណៈជម្លៀសជាបន្ទាន់ និងបញ្ជាឱ្យដំឡើងម៉ាស៊ីនបូមទឹក ២៤ម៉ោង ព្រោះរបបទឹកភ្លៀងកំពុងកើនឡើងខ្លាំងគួរឱ្យបារម្ភ។
______________.jpg)
សញ្ញាអាសន្នសង្ស័យអាចលិចធ្ងន់ធ្ងរដូចឆ្នាំមុន! ស្របពេលដែលខ្សែទឹកជំនន់លាយភក់ដ៏ខ្លាំងក្លាកំពុងហូរសម្រុកកាត់តំបន់ជាច្រើនក្នុងខេត្តស្រះបុរី នាយរករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul បានចេញមុខបញ្ជាអាជ្ញាធរឱ្យដាក់ទីក្រុងពាណិជ្ជកម្មហាតយ៉ៃ ស្ថិតក្រោមការព្រមានកម្រិតខ្ពស់ដើម្បីត្រៀមលក្ខណៈជម្លៀសប្រជាពលរដ្ឋជាបន្ទាន់។ របបទឹកភ្លៀងមូសុងដ៏គំហុកនៅចុងរដូវវស្សានេះ កំពុងបង្ខំឱ្យរដ្ឋភិបាលថៃបើកយុទ្ធនាការឆ្លើយតបបន្ទាន់ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីការពារជីវិតមនុស្ស និងតំបន់សេដ្ឋកិច្ចសំខាន់ៗ។.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English គ្រោះទឹកជំនន់ឆាប់រហ័ស បានវាយប្រហារតំបន់ទេសចរណ៍ និងភូមិករចំនួន ៥ នៅក្នុងឃុំ Cha-om ស្រុក Kaeng Khoi ខេត្តស្រះបុរី កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។ ភ្លៀងដែលបានធ្លាក់យ៉ាងគំហុកតាំងពីវេលាម៉ោង ៦ល្ងាច បានបង្កជាជំនន់ទឹកភក់ហូរចាក់ចុះពីលើភ្នំយ៉ាងលឿន បណ្តាលឱ្យភ្ញៀវទេសចរជាច្រើននាក់ត្រូវជាប់គាំងទាំងកណ្តាលអាធ្រាត្រនៅក្នុងរមណីយដ្ឋាន។ ភ្លាមៗនោះ កម្លាំងសង្គ្រោះបន្ទាន់បានចុះអន្តរាគមន៍ជម្លៀសជនរងគ្រោះទៅកាន់ទីទួលសុវត្ថិភាពទាន់ពេលវេលា ខណៈដែលឧទ្យានជាតិ Khao Yai និងឧទ្យានជាតិ Namtok Chet Sao Noi បានប្រកាសបិទទឹកធ្លាក់ល្បីៗ រួមមានទឹកធ្លាក់ Krok E-Dok និងទឹកធ្លាក់ Chet Sao Noi ជាបណ្ដោះអាសន្នដើម្បីសុវត្ថិភាព។.jpg)
ស្របពេលជាមួយគ្នានេះដែរ ដោយសារតែការបារម្ភពីឥទ្ធិពលទឹកភ្លៀងដែលអាចអូសបន្លាយ លោក Anutin Charnvirakul បានចុះត្រួតពិនិត្យប្រព័ន្ធរំដោះទឹក និងទ្វារទឹក Na Khuan នៅក្នុងខេត្តសុងខ្លា ដោយផ្ទាល់។ លោកបានបញ្ជាឱ្យអាជ្ញាធរក្រុងហាតយ៉ៃ ត្រៀមលក្ខណៈជម្លៀសប្រជាពលរដ្ឋ និងរៀបចំផែនការការពារឱ្យបានម៉ត់ចត់បំផុត ព្រោះទីក្រុងនេះធ្លាប់រងការលិចលង់ធ្ងន់ធ្ងរកាលពីឆ្នាំមុន។ ក្រសួងមហាផ្ទៃថៃបានជម្រុញឱ្យស្ថាប័នពាក់ព័ន្ធពន្លឿនការបូមស្តារភក់ចេញពីប្រឡាយទឹកធំៗ និងដំឡើងម៉ាស៊ីនបូមទឹកកម្លាំងខ្លាំងនៅតាមចំណុចគន្លឹះ ដើម្បីត្រៀមទប់ទល់នឹងហានិភ័យជំនន់ទឹកភ្លៀងដែលដេញតាមពីក្រោយខេត្តស្រះបុរី។

ស្ថានភាពអាកាសធាតុនៅក្នុងប្រទេសថៃនាពេលនេះកំពុងស្ថិតក្នុងដំណាក់កាលប្រកាសអាសន្ន ដោយតំបន់ភាគកណ្តាលរងការវាយប្រហាររួចទៅហើយ ខណៈតំបន់សេដ្ឋកិច្ចភាគខាងត្បូងកំពុងស្ថិតក្រោមការគំរាមកំហែងយ៉ាងខ្លាំង។ ចំណាត់ការណ៍បិទតំបន់ទឹកធ្លាក់ទេសចរណ៍ និងបញ្ជាឱ្យក្រុងហាតយ៉ៃត្រៀមជម្លៀស គឺជាវិធានការណ៍ចាំបាច់បំផុតដើម្បីកាត់បន្ថយទំហំនៃការខូចខាត និងធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវរងគ្រោះថ្នាក់ដល់ជីវិតដោយសារធម្មជាតិឡើយ៕










