Lee Know សមាជិកក្រុម Stray Kids បានបង្ហាញទឹកចិត្តមនុស្សធម៌ ដោយបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុន ប្រមាណជាង ៧ម៉ឺនដុល្លារអាម៉េរិក ដើម្បីជួយប្រជាជននេប៉ាល់ដែលកំពុងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ។ ការបរិច្ចាគនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦ តាមរយៈអង្គការ World Vision International។ ថវិកានឹងត្រូវប្រើប្រាស់សម្រាប់ជំនួយបន្ទាន់ ដូចជា អាហារ អាហារូបត្ថម្ភ ទីជម្រកបណ្តោះអាសន្ន ទឹកស្អាត និងសម្ភារៈអនាម័យ ជាពិសេសសម្រាប់កុមារ និងគ្រួសារដែលរងផលប៉ះពាល់។
តាមរយៈក្រុមហ៊ុនគ្រប់គ្រង Lee Know បានបង្ហាញក្តីសង្ឃឹមថា ការចូលរួមរបស់លោកនឹងអាចជួយសម្រាលការលំបាករបស់ប្រជាជនដែលកំពុងឆ្លងកាត់ពេលវេលាដ៏លំបាកនេះ ដោយសង្ឃឹមថាពួកគេនឹងវិលត្រឡប់ទៅរកជីវិតដែលមានស្ថេរភាពវិញក្នុងពេលឆាប់ៗនេះ។.png)
ការបរិច្ចាគនេះធ្វើឡើងខណៈពេលដែលប្រទេសនេប៉ាល់កំពុងងើបឡើងវិញពីទឹកជំនន់ដ៏សាហាវនៅក្នុងតំបន់ព្រំដែននេប៉ាល់-ទីបេ (ចិន)។ គ្រោះមហន្តរាយធម្មជាតិនេះបានបណ្តាលឱ្យបាត់បង់ជីវិត និងហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យមនុស្សជាច្រើនបាត់ខ្លួន និងបង្ខំឱ្យមានការជម្លៀសសហគមន៍ជាច្រើន។ អាជ្ញាធរ និងអង្គការជំនួយកំពុងបន្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងផ្តល់ជំនួយដល់ប្រជាជនដែលរងផលប៉ះពាល់។

នេះមិនមែនជាលើកទីមួយដែល Lee Know ចូលរួមក្នុងសកម្មភាពមនុស្សធម៌នោះទេ។ លោកបានចាប់ផ្តើមចូលរួមជាមួយ World Vision តាំងពីឆ្នាំ ២០១៤ ហើយនៅឆ្នាំ ២០២៤ ក៏បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុន ដើម្បីគាំទ្រកុមារដែលប្រឈមនឹងវិបត្តិស្បៀងអាហារនៅតំបន់ផ្សេងៗជុំវិញពិភពលោក។ ទឹកចិត្តល្អរបស់ Lee Know មិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រមានមោទកភាពប៉ុណ្ណោះទេ ប៉ុន្តែក៏អាចក្លាយជាកម្លាំងចិត្តដល់អ្នកដទៃឱ្យចូលរួមជួយសង្គមផងដែរ៕










