នេប៉ាល់៖ នៅពេលដែលទឹកជំនន់បានសម្រុកហូរបុកមកយ៉ាងកម្រោល ធ្វើឲ្យអគារសាលារៀនទាំងមូលត្រូវទឹកជំនន់ភក់បំផ្លាញខ្ទេចខ្ទី សិស្សសាលាចំនួន ១,៦៤៣ នាក់ នៅរក្សាបានជីវិតអាចត្រឡប់ទៅជួបជុំគ្រួសារវិញទាំងអស់ធម្មតា ដោយសារការសម្រេចចិត្តដ៏ឈ្លាសវៃរបស់លោកគ្រូនាយកដ៏អស្ចារ្យម្នាក់។.jpg)
______________
ពីនាយកសាលាក្លាយជាវីរៈបុរសនេប៉ាល់! ខណៈពេលដែលទឹកជំនន់សម្រុកបក់បោក ធ្វើឱ្យជីវិតកុមាររាប់ពាន់នាក់ ស្ថិតក្នុងស្ថានភាពឈានខុសមួយជំហានស្លាប់ ឈានត្រូវមួយជំហានរស់ នាយកសាលាម្នាក់នៅក្នុងប្រទេសនេប៉ាល់ បានសម្រេចចិត្តយ៉ាងក្លាហាន និងរហ័សបំផុត ដោយបញ្ជាឲ្យសិស្សប្រញាប់រត់ឡើងលើចង្កេះភ្នំ និងថែមទាំងបានទូរស័ព្ទទៅឃាត់ឡានក្រុងដឹកសិស្សមិនឱ្យបើកឆ្លងកាត់ស្ពានដែកដែលហៀបនឹងដាច់។ ការសម្រេចចិត្តដេញតាមពេលវេលាដ៏មានតម្លៃត្រឹមតែប៉ុន្មាននាទីនេះ បានបង្កើតជាអព្ភូតហេតុដ៏អស្ចារ្យដែលកំពុងអង្រួនបេះដូងមនុស្សរាប់លាននាក់នៅជុំវិញពិភពលោក។
.jpg)
វីរបុរសដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់នេះ មានឈ្មោះថា Rajendra Dawadi ជាគ្រូនាយកនៃសាលាមធ្យមសិក្សា Tribhuvan Trishuli ស្ថិតក្នុងស្រុក Nuwakot ប្រទេសនេប៉ាល់។ នៅព្រឹកថ្ងៃកើតហេតុ លោកបានទទួលការហៅទូរស័ព្ទព្រមានជាបន្ទាន់ពីមិត្តភក្តិម្នាក់ អំពីគ្រោះទឹកជំនន់ឆាប់រហ័ស បង្កឡើងដោយការបាក់ផ្ទាំងទឹកកកនៅតំបន់ព្រំដែន។ មិនរង់ចាំការពិភាក្សា ឬបទបញ្ជាផ្លូវការណាមួយឡើយ លោកនាយកសាលារូបនេះបានស្ទុះទៅទាយកណ្ដឹងសាលាភ្លាមៗ ដើម្បីជម្លៀសសិស្សានុសិស្សប្រហែល ៩០០ នាក់ដែលកំពុងនៅក្នុងថ្នាក់រៀន រត់ឡើងទៅកាន់ទីទួលខ្ពស់។ ស្របពេលជាមួយគ្នានោះ លោកបានដឹងថាមានសិស្សរាប់រយនាក់ទៀតកំពុងធ្វើដំណើរមកតាមឡានក្រុង ទើបលោកប្រញាប់ទូរស័ព្ទទៅឃាត់តៃកុងឡានក្រុងទាំងអស់ឱ្យបត់ត្រឡប់ក្រោយវិញ ដែលឡានក្រុងមួយគ្រឿងបានបត់ក្បាលថយក្រោយទាន់ពេល មុនពេលខ្សែទឹកបោកដាច់ស្ពានដែកនៅចំពោះមុខត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។.jpg)
ត្រឹមតែ ១០ នាទីក្រោយការជម្លៀស ខ្សែទឹកជំនន់ភក់ដ៏ធំសម្បើមបានបោកបក់កាត់ជ្រលងភ្នំ Trishuli លេបត្របាក់ និងកម្ទេចអគារសាលារៀនទាំងស្រុងឱ្យក្លាយជាវាលភក់ក្រាស់ៗ។ ទោះបីជាទ្រព្យសម្បត្តិ និងអគារសិក្សាត្រូវវិនាសសូន្យក្តី ប៉ុន្តែដោយសារភាពវៃឆ្លាត និងការសម្រេចចិត្តដ៏មានឥទ្ធិពលរបស់លោកនាយកសាលា សិស្សានុសិស្សទាំងអស់ចំនួន ១,៦៤៣ នាក់ ព្រមទាំងលោកគ្រូអ្នកគ្រូ ត្រូវបានសង្គ្រោះជីវិតឱ្យរស់រានមានជីវិតដោយសុវត្ថិភាព និងមានឱកាសបានត្រឡប់ទៅផ្ទះជួបជុំគ្រួសារវិញ។ រឿងរ៉ាវនេះបានបង្កើតជាមេរៀនដ៏មានតម្លៃអំពី «ភាពជាអ្នកដឹកនាំ» ដែលពេលខ្លះ គឺមានន័យថាការធ្វើសកម្មភាពភ្លាមៗប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះមុខគ្រោះថ្នាក់ជាក់ស្តែង។
ជារួមមក ទង្វើរបស់លោកគ្រូ Rajendra Dawadi បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីមនសិការវិជ្ជាជីវៈ និងក្តីស្រឡាញ់ដ៏ធំធេងដែលគ្រូបង្រៀនមានចំពោះសិស្ស មិនខុសពីឪពុកម្តាយបង្កើតឡើយ។ សាលារៀនអាចនឹងត្រូវចំណាយពេលសាងសង់ឡើងវិញ ប៉ុន្តែជីវិតកុមារទាំង ១,៦៤៣ នាក់ដែលត្រូវបានសង្គ្រោះ គឺជាទ្រព្យសម្បត្តិដ៏មហាសាលដែលមិនអាចកាត់ថ្លៃបាន។ វីរភាពរបស់លោកនាយកសាលារូបនេះ នឹងត្រូវចារឹកទុកជាគំរូដ៏ល្អស្រស់បំព្រងក្នុងប្រវត្តិសាស្ត្រអប់រំ និងជាការបំផុសគំនិតដល់មនុស្សជាតិទាំងមូល៕
Home ព័ត៌មានអន្តរជាតិ សម្រេចចិត្តត្រូវ នាយកសាលានេប៉ាល់ម្នាក់ បានសង្គ្រោះជីវិតសិស្ស ១,៦៤៣ នាក់ត្រឹមពេលប៉ុន្មាននាទី









