នៅព្រឹកថ្ងៃទី៣១ ខែសីហា បណ្តាញសង្គមមានរឿងក្តៅគគុកទៀតហើយបន្ទាប់ពីតារាកំប្លែងពាក់មី ឆ្លើយតបទៅកាន់លោកបណ្ឌិត សួន សេរីរដ្ឋា ក្រោយពីលោកបានហៅតារាកំប្លែងរូបនេះថា «ក្រុមតារាស៊ីបំផ្លាញ»។ នាយពាក់មី បានចោទប្រកាន់លោកបណ្ឌិតថាជាការចង់តោងល្បីគ្រាន់តែរឿងត្រីគេដាក់លក់នៅផ្សារយកមកហូបសោះធ្វើដូចជារឿងធំដុំ។

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិប្រតិកម្មទាក់ទងនឹងវីដេអូរបស់តារាកំប្លែង ពាក់មី ដែលយក ត្រីស្ទក់ មកធ្វើជាម្ហូបអាហារដោយមានការអះអាងថាត្រីប្រភេទនេះស្ថិតនៅក្រោមការការពារនិងអភិរក្ស។ ក្រោយមក នាយពាក់មី បានចេញវីដេអូឆ្លើយតបដោយបញ្ជាក់ថាខ្លួនលោកត្រូវតែឆ្លើយតបខ្លះទៅនឹងការរិះគន់ដោយសារតែលោកបានជួយច្រើនណាស់ទាំងការចំណាយថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមអភិរក្សក្នុងតំបន់នេសាទដោយបញ្ជាក់ថាពុំបានដឹងថានេះជាត្រីដែលគេអភិរក្សនោះទេ។ តារាកំប្លែងពាក់មី ក៏បានអះអាងទៀតថាលោកបានឃើញគេលក់ត្រីស្ទក់នេះនៅផ្សារក៏ទិញមកហូបដោយពុំបានដឹងជាមុនថាត្រីនេះស្ថិតនៅក្នុងការពារឡើយ។

អ្វីដែលធ្វើឱ្យរឿងនេះកាន់តែក្តៅគគុកគឺលោកបណ្ឌិត សួន សេរីរដ្ឋា ប្រធានគណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាបានចេញប្រតិកម្មទៅលើសកម្មភាពរបស់តារាកំប្លែងពាក់មីចំៗតែម្តង។ លោកបណ្ឌិតបានសរសេរនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី៣០ ខែសីហា ថា «នេះគឺក្រុមអាតារាស៊ីបំផ្លាញ! ក្រសួងពាក់ព័ន្ធគួរចេះពិនិត្យធ្វើការតាមមុខងារតួនាទី.. កោះហៅពួកក្រុមអាស៊ីបំផ្លាញនេះមកប្រដៅខ្លះហើយ..! ត្រីស្ទក់គឺជាប្រភេទត្រីស្ថិតក្រោមការការពារ ការគ្រប់គ្រង និងអភិរក្សស្របតាមច្បាប់ស្តីពីជលផល… ត្រីស្ទក់ស្ថិតនៅក្នុងលេខរៀងទី១៨នៃក្រុមប្រភេទត្រីកំពុងរងគ្រោះនៃឧបសម្ព័ន្ធ នៃអនុក្រឹត្យលេខ ១២៣ អនក្របកចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីការកំណត់ប្រភេទផលផលិតផលដែលកំពុងរងគ្រោះថ្នាក់»។
បន្ទាប់ពីលោកបណ្ឌិត សួន សេរីរដ្ឋា ប្រតិកម្មនិងហៅថាជាក្រុមតារាស៊ីបំផ្លាញ តារាកំប្លែងពាក់មី បានឆ្លើយតបទៅកាន់លោកបណ្ឌិតវិញថា «( ក្រុមតារា ស៊ីបំផ្លាញ ) នែពូៗ បើនិយាយពីរឿងជួយអភិរក្សត្រីពូឯងធ្វើមិនបានមួយចំណិតខ្ញុំទេ ខ្ញុំជួយទាំងថវិកា ជួយទាំងកាផ្សព្វផ្សាយ ហើយជួយចេញពីបេះដូង។ ចំណែករឿងត្រីដែលត្រូវហាមឃាត់នេះ មុខពូឯងក៏ស្គាល់មិនអស់ដែរគ្រាន់តែរឿងត្រីគេនេសាទបាន គេលក់នៅផ្សារ ខ្ញុំទិញយកមកហូបសោះធ្វើជោដូចរឿងធំដុំណាស់ចឹង រឿងដែលពូគួរជួយផុសមានច្រើនណាស់ ! ! ! កុំតោងល្បី»៕










