ពិតជាមានទឹកចិត្តដ៏សប្បុរសពិតមែនទោះបីជាកំពុងរស់នៅយ៉ាងស៊ីវិល័យនៅសហរដ្ឋអាម៉េរិក ជីមមី និងស្វាមី នៅតែមានទឹកចិត្តជួយអ្នកដទៃដោយអ្នកទាំងពីរចូលរួមផ្គត់ផ្គង់លើការសិក្សារបស់ សុខជា រយៈពេល១០ឆ្នាំដោយក្នុង១ឆ្នាំចំនួន៣០០ដុល្លារ។ សុខជា ក៏បានបេ្តជ្ញាចិត្តក្នុងការខិតខំរៀនសូត្រយកចំណេះវិជ្ជាមកជួយស្រុកកំណើតផងដែរ។

នៅល្ងាចថ្ងៃទី២៦ ខែសីហា អ្នកបង្កើតមាតិកា Rick Kh បានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលដែលអតីតពិធីការិនី ជីមមី ម៉េង និងស្វាមី បានឧបត្ថម្ភលើការសិក្សារបស់ សុខជា រយៈពេល ១០ឆ្នាំ។ មែនទែនទៅការជួយរបស់ ជីមមី មិនមានបំណងប្រកាសនៅលើបណ្តាញសង្គមនោះទេដោយនាងនិងស្វាមីចង់ជួយស្ងាត់ៗប៉ុន្តែ Rick Kh ទប់ចិត្តមិនបានក៏បានប្រកាសដំណឹងដ៏រំភើបនេះ។

ជីមមី បានចែករំលែកកាលពីថ្ងៃទី២៧ ខែសីហា ថា «ថាលួ..ចជួយស្ងាត់ៗ ឥលូវគោប្រាក់ប្រកាសខ្ទេ.ច បងជីមមីទាំង២សូមរួមចំណែកឧបត្ថមទឹកប្រាក់ 300$ ចំនួន 10 ឆ្នាំសរុប 3,000$ ដល់អូនសុខជាសំរាប់ថ្លៃសិក្សា , សង្ឃឹមថាអូនសុខជានឹងធំឡើងក្លាយជាមនុស្សល្អ មនុស្សពូកែហើយកុំភ្លេចចូលរួមចំណែកជួយប្រទេសយើងពេលអូនជោគជ័យណា។ អ្វីដែលពិសេសក៏សូមអរគុណដល់គោប្រាក់ដែលបានខិតខំ និងភ្ជុងផ្ដើម ដើម្បីឱ្យសុខជាមានជីវិតដែលល្អជាងមុន»។
ក្នុងពេលដែល Rick Kh ទៅលេង សុខជា និងម្តាយ នៅឯប្រទេសឥណ្ឌាកន្លងមកនេះ សុខជា បានបង្ហាញថារូបគេចង់ក្លាយជាវេជ្ជបណ្ឌិត ព្រមទាំងមកជួយពលរដ្ឋនៅក្នុងប្រទេសកម្ពុជាដែលជាស្រុកកំណើត។ ជាមួយនឹងការឧបត្ថម្ភប្រាក់លើការសិក្សា សុខជា និងម្តាយ បានបង្ហោះវីដេអូថ្លែងអំណរគុណមកកាន់ ជីមមី និង Rick Kh។ សុខជា ក៏បានសន្យាថានឹងខិតខំសិក្សារៀនសូត្រដើម្បីក្លាយជាវេជ្ជបណ្ឌិតអាចមកជួយអ្នកក្រខ្សត់នៅក្នុងស្រុកខ្មែរ។ 
គួរឱ្យដឹងថា ម្តាយរបស់ សុខជា គឺជាអ្នកបង្កើតមាតិកាមានប្រជាប្រិយភាពមួយរូបនៅលើបណ្តាញសង្គម ហើយម្តាយកូនទាំងពីរនាក់គឺរស់នៅក្នុងប្រទេសឥណ្ឌាជាមួយស្វាមីដែលជាជនជាតិឥណ្ឌា៕










