ក្រោយបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៨ខាងមុខ អគារខុនដូ J-Tower 3 នឹងក្លាយជាអគារខ្ពស់ជាងគេបំផុតនៅកម្ពុជា។
អគារខុនដូនេះ មានទីតាំងនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ លាតសន្ធឹងលើផ្ទៃដី ៩៨ ៤៨០ ម៉ែត្រការ៉េ មាន៧៧ជាន់ និងកម្ពស់៣២០ម៉ែត្រ ដែលខ្ពស់ដាច់ជាង J- Tower 2 មានកម្ពស់ត្រឹមតែ១៨៩ម៉ែត្រ។
នៅក្នុងខុនដូដ៏ប្រណីតនេះ នឹងមាន៣៦០បន្ទប់ ដោយក្នុងមួយបន្ទប់មានទំហំ៣៤៤ម៉ែត្រការ៉េ និងមាន៣គ្រែគេង ជាមួយនឹងផ្ទះបាយ ដែលបានបំពាក់មកជាមួយឧបករណ៏ដ៏ប្រណីត។
អ្វីដែលពិសេសជាងនេះទៅទៀតនោះ នៅលើអគារដ៏ខ្ពស់ស្កឹមស្កៃនេះ ក៏មានសួនឧទ្យានបៃតងខ្ចីនៅលើជាន់ទី២៦ថែមទៀតផងដែរ។
ក្រៅពីជាអគារខ្ពស់ជាងគេបំផុតនៅកម្ពុជា J-Tower 3 ក៏នឹងបំបែកកំណត់ត្រាពិភពលោក Guinness World Records ជាអគារខុនដូ ដែលមានអាងទឹកខ្ពស់ជាងគបំផុតនៅលើពិភពលោក ពោលនៅជាន់ទី៧៧។
សូមបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ការសាងសង់ អគារខុនដូ J-Tower 3 ក៏នឹងក្លាយជាអគារខ្ពស់ជាងគេលេខ៨នៅក្នុងតំបន់អាស៊ានផងដែរ៕
ប្រភព៖ IPS. CAMBODIA