បរទេស៖ មានហេតុការណ៍មិននឹកស្មានដល់បានកើតឡើងនៅសហរដ្ឋអាមេរិក ពេលដែលរថយន្ត SUV មួយគ្រឿងបាត់បង់ការគ្រប់គ្រង ហើយបានបុកជាមួយរថយន្តមួយទៀតនៅកណ្តាលផ្លូវមុនពេលជ្រុលចូលទៅបុកក្នុងហាងលក់កាំជ្រួច បណ្តាលឱ្យមានការផ្ទុះយ៉ាងកក្រើក និងបានបង្កឱ្យអ្នកបើកបរម្នាក់ស្លាប់ភ្លាមៗ ខណៈដែលហាងត្រូវបានភ្លើងឆាបឆេះអស់រាប់ម៉ោង។

នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះមានសេចក្ដីរាយការពីករណីនៃឧបទ្ទវហេតុនៃគ្រោះថ្នាក់ភ្លើងឆាបឆេះហាងលក់កាំជ្រួចមួយកន្លែងនៅ West Melbourne រដ្ឋ Florida សហរដ្ឋអាមេរិកដែលបណ្ដាលមកពីឡានមួយគ្រឿងម៉ាក SUV បានបុកមួយទំហឹង ដែលបានបណ្ដាលឱ្យអ្នកបើកបរម្នាក់បានស្លាប់ក្នុងឧប្បត្តិហេតុនេះ។

បើតាមសាក្សីនៅទីនោះបានឱ្យដឹងថា ក្រោយពីរថយន្ត SUV មួយគ្រឿងនេះបានបាត់បង់ការគ្រប់គ្រងហើយក៏បុកជាមួយរថយន្តមួយទៀតនៅចំណុចផ្លូវបំបែកជាមួយគ្នា បន្ទាប់មកក៏បន្តជ្រុលទៅបុកជាមួយនឹងហាងលក់កាំជ្រួចមួយកន្លែងរហូតដល់ផ្ទុះយ៉ាកក្រើក និងបង្កឱ្យមានអណ្តាតភ្លើងឆាបឆេះ រាលដាលពេញទាំងហាងមានផ្សែងខ្មួលខ្មាញ់ឡើង។

ទោះជាយ៉ាងណាក្រោយពេលកើតហេតុរថយន្តពន្លត់អគ្គិភ័យបានមកបាញ់ពន្លត់ភ្លើងភ្លាមៗ និងបិទតំបន់ជុំវិញ ប៉ុន្តែវាចំណាយពេលច្រើនម៉ោង ដោយសារតែមានវត្ថុងាយឆេះជាច្រើននៅក្នុងហាង។ ហើយមូលហេតុនៃគ្រោះថ្នាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕ ប្រភព៖ Thairath