បរទេស៖ ភ្នំ Mauna Loa ដែលជាភ្នំភ្លើងសកម្មធំបំផុតនៅលើពិភពលោក មានទីតាំងនៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក វាបានផ្ទុះឡើងជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៨៤ និងបានផ្ទុះឡើងម្ដងទៀតក្រោយ៣៨ឆ្នាំ។ ហើយអ្នកជំនាញបានតាមដានយ៉ាងដិតដល់ដោយបញ្ជាក់ថាការផ្ទុះលើកនេះប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះមិនមានផលប៉ះពាល់ទេ។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ទីភ្នាក់ងារស្ទាបស្ទង់ ភូមិសាស្ត្រអាមេរិក (USGS) បានរាយការណ៍ថាភ្នំ Mauna Loa គឺជាភ្នំភ្លើងសកម្មដ៏ធំបំផុតនៅលើពិភពលោកដែលមានកម្ពស់ ៤,១៦៩ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ និងមានទីតាំងនៅរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក បានផ្ទុះយ៉ាងខ្លាំង កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ ដែលបណ្តាលឱ្យមានផ្សែងនិងផេះក៏ដូចជាកម្អែភ្នំភ្លើង ដែលហូរចេញពីរណ្ដៅភ្នំភ្លើងជាច្រើន។

ទោះបីជាយ៉ាងណា អាជ្ញាធរបានបញ្ជាក់ថា ល្បឿននៃលំហូរកម្អែភ្នំភ្លើងនេះមិនប៉ះពាល់ដល់ប្រជាជនដែលរស់នៅខាងក្រោម និងនៅក្បែរនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គ្រប់វិស័យពាក់ព័ន្ធនៅតែបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ ២៤ ម៉ោងក្នុងមួយថ្ងៃ ព្រោះវាជាការផ្ទុះលើកដំបូងនៅក្នុងការផ្ទុះភ្នំភ្លើង Monaloa ក្នុងរយៈពេល ៣៨ ឆ្នាំកន្លងមកនេះ ឬចាប់ពីអំឡុងខែមីនាដល់ខែមេសា ក្នុងឆ្នាំ ១៩៨៤មកម្លេះ។

យ៉ាងណាមិញ អាជ្ញាធរក្នុងរដ្ឋហាវ៉ៃបានបញ្ជាក់ពីការផ្តល់ជម្រកបណ្ដោះអាសន្នរួចជាស្រេចសម្រាប់អ្នកស្រុកនៅក្បែរនោះ ដែលចង់ជម្លៀសចេញពីផ្ទះដើម្បីសុវត្ថិភាពរបស់ពួកគេផងដែរ៕ ប្រភព៖ Sanook