បរទេស៖ សោកនាដកម្ម​នៃការរអិលបាក់ដីបានកើតឡើងអំឡុងពេលពិធីបុណ្យសពមួយនៅរដ្ឋធានី Yaounde រាជធានីនៃប្រទេសកាមេរូន ដោយសម្លាប់ភ្ញៀវដែលបានចូលរួមពិធីយ៉ាងហោចណាស់ចំនួន ១១ នាក់។

កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថាមានសោកនាដកម្មដ៏រន្ធត់កើតឡើងនៅក្នុង រដ្ឋធានី Yaounde របស់ប្រទេសកាមេរូនបន្ទាប់ពីមានហ្វូងអ្នកកាន់ទុក្ខបានចូលរួមពិធីបញ្ចុះសពនៅលើកំពូលភ្នំមួយកន្លែង។

ជាមួយគ្នានោះភ្ញៀវជាច្រើនដែលមកចូលរួមព្រឹត្តិការណ៍នេះក៏បានជួបនូវឧបទ្ទវហេតុដីបាក់សង្កត់លើជនរងគ្រោះដោយនឹកស្មានមិនដល់ បង្កឱ្យមនុស្សយ៉ាងហោចណាស់ ១១ នាក់បានស្លាប់នៅក្រោមដីភ្នំដែលបានបាក់នោះ។

ភ្លាមនោះក៏មាន សាច់ញាតិជនរងគ្រោះរាប់រយនាក់ ពួកគេបានប្រើដៃទទេដើម្បីកកាយរុករកសាកសព អ្នកបាត់ខ្លួន ដោយមិនរង់ចាំអាជ្ញាធរ និងក្រុមអ្នកជួយសង្គ្រោះមកដល់ឡើយ ព្រោះសង្ឃឹមថានឹងមានអព្ភូតហេតុកើតឡើងចំពោះមនុស្សជាទីស្រឡាញ់របស់ពួកគេឱ្យរួចផុតពីគ្រោះថ្នាក់។

ទោះជាយ៉ាងណាក្រោយមកសមត្ថកិច្ចបានដឹកសាកសពខ្លះចេញពីកន្លែងកើតហេតុ ខណៈដែលក្រុមអ្នកជួយសង្គ្រោះ នៅតែបន្តស្វែងរកអ្នកដែលជាប់ក្នុងការបាក់រលំនៅក្រោមដី ដោយការស្វែងរកត្រូវបានអូសបន្លាយរហូតដល់ព្រឹកថ្ងៃចន្ទ។

តាមប្រភពដដែលបានឱ្យដឹងថា មុននឹងឧបទ្ទវហេតុនេះកើតឡើង ជនរងគ្រោះភាគច្រើនកំពុងអង្គុយនៅក្នុងតង់មុនពេលដែលការបាក់ដីកង្កត់លើ។

ទោះជាយ៉ាងណាមន្ត្រីក្នុងតំបន់កំពុងពន្លឿនការស៊ើបអង្កេតព័ត៌មាន មុនពេលចំនួនពិតប្រាកដនៃការស្លាប់និងរបួសត្រូវបានកំណត់ម្តងទៀត៕ ប្រភព៖ Sanook