អន្តរជាតិ៖ ក្មួយស្រីម្នាក់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាយ៉ាតុលឡោះ អាលីខាមីណៃ (Ayatollah Ali Khamenei) និងដែលគេស្គាល់ថាជាសកម្មជនសិទ្ធិមនុស្សដ៏ លេចធ្លោរម្នាក់នៅក្នុងប្រទេសអ៉ីរ៉ង់ បានអំពាវនាវឱ្យរដ្ឋាភិបាលបរទេស កាត់ផ្ដាច់ទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់ ដោយសារតែការបង្ក្រាបយ៉ាងហិង្សាលើក្រុមបាតុករ ដែលកំពុងធ្វើបាតុកម្មតវ៉ានៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកស្រី ហ្វារីដែស ម៉ូរ៉ាដខានី (Farideh Moradkhani) ដែលជាវិស្វករម្នាក់ និងមានឪពុកបានរៀបការជាមួយបងស្រីរបស់លោក អាយ៉ាតុលឡោះ អាលីខាមីណៃ បានបង្ហោះវីដេអូនៅលើបណ្ដាញទំនាក់ទំនងសង្គមកាលពីពេលថ្មីៗនេះ ដោយបានអំពាវនាវឱ្យរដ្ឋាភិបាលបរទេសកាត់ផ្ដាច់ទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់។ ប៉ុន្តែ បើតាមទីភ្នាក់ងារសារព័ត៌មាន រ៉ាណា (HRANA) លោកស្រី ម៉ូរ៉ាដខានី ត្រូវបានអាជ្ញាធរអ៉ីរ៉ង់ចាប់ខ្លួនភា្លមៗកាលពីថ្ងៃទី២៣ ខែវិច្ឆិកានេះ បន្ទាប់ពីការបង្ហោះវីដេអូអំពាវនាវរបស់លោកស្រី។

នៅក្នុងវីដេអូដដែលនោះ លោកស្រី ម៉ូរ៉ាដខានី បានគូសបញ្ជាក់ដូច្នេះថា «ឱបណ្ដាប្រជាជនសេរីទាំងអស់ សូមនៅជាមួយពួកយើង ហើយប្រាប់រដ្ឋាភិបាលរបស់ពួកអ្នក ឱ្យបញ្ឈប់ការគាំទ្រដល់របបឃាតករ ដែលសម្លាប់សូម្បីតែកូនក្មេង»។ យ៉ាងណាក៏ដោយ លោក អាលីខាមីណៃ ទាន់បានធ្វើការអត្ថាធិប្បាយអ្វីជុំវិញ សេចក្ដីរាយការណ៍ពីការចាប់ខ្លួនក្មួយស្រីរបស់លោកឡើយ។

គួរបញ្ជាក់ថា បើតាមទីភ្នាក់សារព័ត៌មាន រ៉ាណា (HRANA) បាតុករ ៤៥០នាក់ហើយបានស្លាប់ រីឯកងកម្លាំងសន្តិសុខអ៉ីរ៉ង់៦០នាក់ក៏បានស្លាប់ផងដែរ និងមនុស្ស ១៨,១៧៣នាក់ ត្រូវបានចាប់ខ្លួន ចាប់តាំងពីផ្ទុះបាតុកម្មតវ៉ាកាលពីខែកញ្ញាមក ក្រោយស្ត្រីវ័យក្មេងម្នាក់ឈ្មោះ ម៉ាសា អាមីនី (Mahsa Amini) ស្លាប់ក្នុងមន្ទីរឃុំឃាំង របស់ប៉ូលិស បន្ទាប់ពីត្រូវបានប៉ូលិសចាប់ខ្លួន ពីបទស្លៀកសម្លៀកបំពាក់មិនសមរម្យ៕