ភ្នំពេញ៖ នាពេលឆាប់ៗនេះ កម្ពុជា នឹងមានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីប្រមាណ២០០ទីតាំងទៀត ខណៈមានក្រុមហ៊ុនមួយ គ្រោងនឹងបោះទុនវិនិយោគដំឡើងស្ថានីយនេះនៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សាការងាររវាង រដ្ឋមន្ត្រីក្រសួងសាធារ​ណការ និងដឹកជញ្ជូន និងក្រុមហ៊ុន BYD Auto Industry កាលថ្ងៃទី២៤ ខែវិច្ឆិកា។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចពិភាក្សានេះ ធ្វើឡើងដើម្បីរិះរកវិធានការ និងវិធីសាស្ដ្រផ្សេងៗជំរុញការប្រើប្រាស់យានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា បច្ចុប្បន្នក្រសួង បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានដាក់ចេញរួមគ្នានូវ ផែនទីផ្លូវថ្នល់ (Road Map) និងការផ្ដល់ជូននូវបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ៤ស្ថានីយ ក្នុងគោលដៅកសាងទំនុកចិត្តប្រជាពលរដ្ឋលើការប្រើប្រាស់យានយន្តអគ្គិសនី និងពង្រីកការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា។ ជាងនេះទៀត ឯកឧត្តម ក៏លើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន ជាពិសេសស្ថានីយប្រេងឥន្ធនៈ ក៏ដូចជាក្រុមហ៊ុន BYD Auto Industry ផងដែរ ក្នុងការចូលរួមលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការប្រើប្រាស់យានយន្តអគ្គិសនី តាមរយៈការដំឡើងបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមស្ថានីយរបស់ខ្លួនឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

ជាការឆ្លើយតប លោក Henry Yip តំណាងក្រុមហ៊ុន BYD Auto Industry បានឱ្យដឹងពីគោលដៅក្នុងការចូលរួមពង្រីកការប្រើប្រាស់យានយន្តអគ្គិសនីដោយឈរលើចក្ខុវិស័យឆ្ពោះទៅរកការប្រើប្រាស់ថាមពលថ្មី និងផែនការបៃតង ឆ្នាំ២០២២ ដល់ឆ្នាំ២០២៣។ ហេតុនេះ ក្រុមហ៊ុន ក៏បានបង្ហាញនូវផែនការក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ឱ្យបានត្រឹមឆ្នាំ២០២៣។

លោកអះអាងថា តាមរយៈគម្រោងនេះ ក្រុមហ៊ុនបានស្នើឱ្យក្រសួងសាធារណការ សម្របសម្រួលជាមួយស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការស្វែងរកទីតាំងដើម្បីដំឡើងស្ថានីយបញ្ចូលថាមពលទាំងនោះផងដែរ។ តាមរយៈគម្រោងនេះដែរ លោកថា ក្រុមហ៊ុន នឹងនាំចូលរថយន្តអគ្គិសនី ព្រមជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗមកក្នុងប្រទេសកម្ពុជាបន្ថែមទៀត ដើម្បីលើកទឹកចិត្តពលរដ្ឋឱ្យងាកទៅប្រើប្រាស់យានយន្តអគ្គិសនីកាន់តែច្រើន។

គួរបញ្ជាក់ថា តាមរយៈគម្រោងវិនិយោគដំឡើងស្ថានីយបញ្ចូលថាមពលទាំង២០០ នៅទូទាំងប្រទេសកម្ពុជា ត្រូវបានឯកភាពទាំងស្រុងពីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងនោះក្រសួង បានផ្ដល់ការអនុញ្ញាតឱ្យរៀបចំដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥រាជធានី-ខេត្ត។ យ៉ាងណាមិញ តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើឱ្យក្រុមហ៊ុនពិនិត្យពិចារណាលើការបញ្ចុះតម្លៃរថយន្តអគ្គិសនីប្រសិនបើមានការបញ្ជាទិញពីក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធផងដែរ៕