ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា(NBC)និងអង្គការUNDP ប្រចាំកម្ពុជា បានបន្តសហការរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩ស្តីពី«ដំណើរឆ្ពោះទៅកាន់ការស្ដារឡើងវិញនិងភាពធន់ក្រោយកូវីដ-១៩»កាលពីថ្ងៃទី២៤វិច្ឆិកាឆ្នំា២០២២ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។

លោកជំទាវបណ្ឌិត ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថានេះជាឆ្នំាលើក ទី៩ ហើយដែលធនាគារជាតិនៃកម្ពុជាបានរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច ក្នុងគោលបំណងពង្រឹង និងកសាងវប្បធម៌នៃការស្រាវជ្រាវនៅកម្ពុជា និងផ្ដល់ជាវេទិកាសម្រាប់កិច្ចពិភាក្សារវាងអ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ អ្នកជំនាញ និងភាគីពាក់ព័ន្ធនានាលើប្រធានបទសំខាន់ៗទាក់ទងទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន។

លោកជំទាវបណ្ឌិត លើកឡើងថា ចាប់តាំងពីសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១មក ធនាគារជាតិនៃកម្ពុជា បានផ្សព្វផ្សាយនិងស្នើសុំឱ្យមានការចូលរួមពីអ្នកស្រាវជ្រាវលើប្រធានបទផ្សេងៗ។កាលពីឆ្នាំមុន ប្រធានបទនៃសន្និសីទម៉ាក្រូសេដ្ឋកិច្ចរបស់យើងផ្ដោតលើ «បញ្ហាប្រឈម និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា» នៅពេលនោះលទ្ធផលស្រាវជ្រាវ និងអនុសាសន៍ជាច្រើនត្រូវបានផ្ដល់ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យមក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ស្របពេលដែលសក្តានុពលរបស់វិស័យនេះក្នុងការជួយស្ដារកំណើនឡើងវិញក៏ត្រូវបានលើកយកមកពិភាក្សា។ បច្ចុប្បន្ននេះ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានកម្រិតតិចតួចបំផុត និងមិនមានអ្វីគួរឱ្យព្រួយបារម្ភទៀតនោះទដែលការណ៍នេះបានអនុញ្ញាតឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងវិស័យចម្បងៗ បន្តងើបឡើងវិញជាលំដាប់។ ក្នុងន័យនេះ ផែនការនៃការស្តារសេដ្ឋកិច្ចឡើងវិញ និងគោលនយោបាយពាក់ព័ន្ធគួរត្រូវបានសិក្សា និងពិភាក្សាឱ្យបានស៊ីជម្រៅ។

ដូចនេះ ដើម្បីប្រមូលធាតុចូលសម្រាប់ពិចារណាក្នុងការដាក់ចេញគោលនយោបាយថ្មីៗបន្ថែមទៀត នៅក្នុងបរិការណ៍សេដ្ឋកិច្ចកម្ពុជាកំពុងបន្តងើបឡើង និងដើម្បីបន្តសាបព្រោះវប្បធម៌ស្រាវជ្រាវឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ធនាគារជាតិនៃកម្ពុជាបានជ្រើសរើសយកប្រធានបទស្រាវជ្រាវ ស្តីពី “ដំណើរឆ្ពោះទៅកាន់ការស្ដារឡើងវិញ និងភាពធន់ក្រោយកូវីដ-១៩” សម្រាប់ឆ្នាំ២០២២នេះ។

ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាពនិងបរិយាបន្ន ទាមទារឱ្យមានការដោះស្រាយមិនត្រឹមតែបញ្ហានៅដក់សល់ពីវិបត្តិកូវីដ-១៩ តែប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងបញ្ហាប្រឈមថ្មីៗដែលកំពុងកើតមាន ដូចជា បញ្ហាអតិផរណាខ្ពស់ ការថមថយកំណើនសេដ្ឋកិច្ចពិភពលោក និងការប្រែប្រួលអាកាសធាតុ ជាដើម។ ជាមួយនឹងបញ្ហាប្រឈមដែលមានលក្ខណៈជាពហុវិស័យបែបនេះ ការបង្កើតវេទិកាពិភាក្សាដើម្បីប្រមូលមតិយោបល់ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ក៏ដូចជាដើម្បីចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក គឺមានភាពចាំបាច់ជាទីបំផុត៕