សុខភាព៖ អ្នកអាចមានរូបសម្បត្តិល្អ ពីព្រោះអ្នកទទួលទានផ្លែឈើ និងបន្លែ  ក្នុងនោះដោយសារតែចង់សម្រកទម្ងន់ អ្នកត្រូវតែទទួលទានផ្លែឈើ និងបន្លែ ឲ្យបានច្រើន និងបន្ថយសារធាតុម្សៅនិងស្ករឱ្យបានតិច។

ប៉ុន្តែវាមិនដូចជាអ្វីដែលអ្នកបានគិតទាំងស្រុងនោះទេ ព្រោះថាផ្លែឈើខ្លះមានជាតិស្ករខ្ពស់លើសពីអ្វីអ្នកគិត បើសិនជាអ្នកបរិភោគវាច្រើន អ្នកនឹងទទួលបានថាមពល នៃសារធាតុកាឡូរីស្មើរបាយ ១ ចានដែរ។

តើអ្នកកំពុងតែតមអាហារហើយព្យាយាម ទទួលទានផ្លែឈើមែនទេ តោះមកស្គាល់ពីផ្លែឈើមួយចំនួនដែលមានជាតិកាឡូរីខ្ពស់ បើអ្នកទទួលទានលើសកំណត់៖

១. ទុរេន

ពិតណាស់ផ្លែទុរេនមានសារធាតុកាឡូរីខ្ពស់ជាប្រភេទផ្លៃឈើណាៗទាំងអស់ ដោយអ្នកគ្រាន់តែទទួលទានវាក្នុង ពីរក្លែបធំៗ និងផ្តល់ថាមពលដល់ទៅ ៣២៣ កាឡូរីដែលស្មើនឹងបាយ ១ចានពេញ លើសពីនេះទៀតសារធាតុចិញ្ចឹមរបស់វាក៏មិនលើសលប់ស្មើដូចនឹងកាឡូរីដែលវាមាននោះទេ ។

២. ផ្លែផាស់សិន

រសជាតិផ្អែម និងជូរខ្លាំងរបស់វានេះ មានកាឡូរីខ្ពស់ណាស់ ដែលធ្វើឱ្យអ្នកភ្ញាក់ផ្អើល  ព្រោះវាផ្តល់ថាមពលដល់ទៅ ២៩៤ គីឡូកាឡូរី ប្រសិនបើអ្នកទទួលទានចាប់ពី ២-៣ ផ្លែ នោះវានឹងស្មើបាយ ១ ចាន។

៣. អំពិលផ្អែម

អ្នកឧស្សាទិញផ្លែអំពិលទុំរាប់គីឡូ មកអង្គុយបក ដើម្បីបរិភោគ ប៉ុន្តែតើអ្នកដឹងទេថា គ្រាន់តែផ្លែអំពិលផ្អែម ១ ខាំស្មើនឹង ៣៣៣ គីឡូកាឡូរី ក៏ដូចជាស្មើនឹងបាយមួយចានផងដែរ បើទោះបីជាអម្ពិលជួយក្នុងការបន្ទោរបង់ក៏ដោយ ប៉ុន្តែសារធាតុស្ករក៏មិនបានបញ្ចេញយ៉ាងពេញលេញពីក្នុងរាងកាយរបស់យើងឡើយ។

៤. ផ្លៃចាន់

ផ្លែនេះប្រហែលជាមិនសូវមានអ្នកនិយមបរិភោគ ឬមាននៅទីផ្សារញឹកញាប់នោះទេ ព្រោះតែរដូវកាលនៃផ្លែរបស់វាមានកំណត់ ប៉ុន្តែបើអ្នកបានភ្លក្សរសជាតិរបស់វាវិញនឹងជក់ចិត្តខ្លាំង ទាំងក្លិន ឈ្ងុយ ទាំងផ្អែម រហូតធ្វើឱ្យអ្នកបរិភោគភ្លេចខ្លួនទទួលទានអស់ជាច្រើន ប៉ុន្តែអ្នកដឹងទេថា ផ្លែចាន់ ពី ៤ ទៅ៦ផ្លែវាបានផ្តល់កាឡូរី ៣២៥ គីឡូកាឡូរី។

៥. ផ្លែមៀន

ឃើញផ្លែតូចបែបនេះកុំគិតថាវាមានជាតិកាឡូរីតិច  ដោយសារតែរសជាតិដ៏ផ្អែមរបស់វាបានផ្ទុះនូវសារធាតុស្ករជាច្រើន និងមានការឡូរីខ្ពស់ដូចគ្នា  ពិតណាស់ប្រសិនបើអ្នកទទួលទាន់វាចាប់ពី ៣ចង្កោមតូចៗ និងស្មើរនឹងអ្នកទទួលទានបាយមួយចាន។

៦. ស្វាយ

ចុងក្រោយនេះគឺជាផ្លែស្វាយ មិនស្វាយខ្ចី មិនថាស្វាយទុំ វាក៏មានកាឡូរីច្រើនដែរ ប៉ុន្តែសម្រាប់ផ្លែស្វាយទុំវាមានកាឡូរីខ្ពស់ជាង មកពីសារធាតុផ្អែម ដោយក្នុងនោះផ្លែស្វាយទុំប្រហែល ៤-៥ផ្លែ វាស្មើនឹងបាយមួយចាន។

ទោះជាយ៉ាងណាអ្នកគួរតែទទួលទានផ្លែឈើទាំងអស់នេះក្នុងបរិមាណ និងចំនួនកំណត់ ក៏ដូចជាធ្វើលំហាត់ប្រាណ ជាប្រចាំ ដើម្បីសុខភាព និងចៀសវាងជំងឺទឹកនោមផ្អែមទៅថ្ងៃអនាគត៕ ប្រភព៖ Sanook