ភ្នំពេញ៖  នាមុននេះបន្តិចយោងតាមការបង្ហោះសាររបស់ឧត្តមសេនីយ៍ឯក បណ្ឌិត សាយ ម៉េងឈាង នៅលើបណ្ដាញសង្គមហ្វេសប៊ុកបាន​រៀបរាប់​ឲ្យ​ដឹង​ថា៖ «អត្តសញ្ញាណប័ណ្ណផុត ឬជិតផុតសុពលភាព ក្រោម៩០ថ្ងៃ អាចមកបំពេញបែបបទធ្វើថ្មីបាន ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណចាស់នោះ ពុំចាំបាច់ភ្ជាប់ឯកសារយោងផ្សេងៗទេ លើកលែងតែមានការកែទិន្នន័យ»

គួររំលឹកថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានប្រកាសព័ត៌មានថា អត្តសញ្ញាណប័ណ្ណគំរូថ្មី ដែលត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១២ បានអស់សុពលភាពបណ្តើរហើយ ចាប់ពីខែមិថុនា ឆ្នាំ២០២២នេះទៅ។ អត្តសញ្ញាប័ណ្ណគំរូថ្មីនេះ មានសុពលភាព១០ឆ្នាំ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬជិតផុតសុពលភាព ទៅបំពេញបែបបទ ដើម្បីប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ញជាតិខ្មែរថ្មី។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លើកឡើងថា ការប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសាជាថ្មី ដើម្បីធានាសិទ្ធិក្នុងការទទួលបានសេវាផ្សេងៗ ជាពិសេសសិទ្ធិនយោបាយ ដែលត្រូវប្រើប្រាស់អត្តសញ្ញាណប័ណ្ណ សម្រាប់ការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០២៣។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ណែនាំថា ទីតាំង ដែលប្រជាពលរដ្ឋ អាចទៅប្តូរអត្តសញ្ញាណប័ណ្ណ រួមមាន ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់, អធិការដ្ឋាននគរបាលក្រុង-ស្រុក-ខណ្ឌ, ច្រកចេញចូលតែមួយតាមក្រុង-ស្រុក-ខណ្ឌ, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត, នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, និងទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រចាំនៅផ្សារទំនើបអ៊ីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕