បរទេស៖ ក្តាមក្រហមរាប់លានក្បាលនៅលើកោះ Christmas របស់ប្រទេសអូស្ត្រាលី ចាប់ផ្តើមការជម្លៀសខ្លួនដើម្បីចំណាក់ស្រុកប្រចាំឆ្នាំ ដែលត្រូវឆ្លងកាត់ការធ្វើដំណើរនៅតាមដងផ្លូវជាច្រើនលានក្បាល ជាលទ្ធផលអាជ្ញាធរក្នុងតំបន់ បានបញ្ជាឱ្យបិទផ្លូវមួយចំនួនដើម្បីសុវត្ថិភាពក្តាមក្រហមដែលបានដើរតាមដងផ្លូវ និងស្ពានផ្សេងៗ។

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីកោះ Christmas  នៃប្រទេសអូស្ត្រាលីនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២ ថាមានហ្វូងក្ដាមរាប់លានក្បាល បានធ្វើដំណើរចំណាកស្រុកនៅតាមផ្លូវទីសាធារណៈជាច្រើនធ្វើដំណើរតាមដងផ្លូវ ស្ទ្រីមថ្ម មាត់ឆ្នេរសមុទ្រ និងវាលស្មៅជាដើម។

បាតុភូតនេះត្រូវបានគេដឹងថា ហ្វូងក្ដាមក្រហមទាំងនោះនឹងចាកចេញពីទីជម្រករបស់ពួកវាក្នុងពេលតែមួយ ហើយនឹងឆ្ពោះទៅកាន់មហាសមុទ្រដើម្បីបង្កាត់ពូជ និងពងកូន ការធ្វើចំណាកស្រុកត្រូវបានដឹកនាំដោយក្តាមឈ្មោល ហើយមានក្តាមញីធ្វើដំណើរជាមួយគ្នាជាមួយនឹងចង្វាក់ និងល្បឿននៃចលនាដែលត្រូវគ្នា។ ដោយសារតែឥទ្ធិពលនៃបាតុភូតដំណាក់កាលតាមច័ន្ទគតិ ជាធម្មតាពួកវាពងនៅមុនថ្ងៃរះ នៅពេលដែលកម្រិតទឹកចាប់ផ្តើមស្រក ឬត្រូវគ្នាទៅនឹងដំណាក់កាលធ្លាក់ចុះនៃពន្លឺព្រះច័ន្ទ។

ទន្ធឹមនឹងនោះគេហទំព័រឧទ្យានជាតិ បានបញ្ជាក់ដែរថា ការធ្វើចំណាកស្រុករបស់ក្តាមក្រហមវាចាប់ផ្តើមនៅពេលមានភ្លៀងធ្លាក់ជាលើកដំបូងក្នុងរដូវវស្សា ដែលជាធម្មតានៅខែតុលា ឬវិច្ឆិកាហើយជួនកាលអាចឈានចូលក្នុងខែធ្នូ ឬខែមករាផងដែរ។

ជាលទ្ធិផលផ្លូវមួយចំនួននៅកោះ Christmas ត្រូវបានអាជ្ញាធរធ្វើការបិទ និងហាមឃាត់មិនឱ្យធ្វើដំណើរឆ្លងកាត់ និងមានមនុស្សតិចតួចណាស់ដែលបានធ្វើដំណើរតាមទីសាធារណៈ ព្រោះតែគ្រប់ទីកន្លែង មានសញ្ញាសរសេរថា​ «ផ្លូវបិទ» ហាមមិនឱ្យយានជំនិះឆ្លងកាត់ក្នុងអំឡុងពេលធ្វើចំណាកស្រុកក្តាមក្រហមនារដូវធ្លាក់ខ្យល់នេះ ដើម្បីធ្វើឱ្យការធ្វើដំណើរក្តាមក្រហមកាន់តែងាយស្រួល និងមានសុវត្តិភាពសម្រាប់ពួកវា។

យ៉ាងណាមិញបាតុភូតដ៏ចម្លែករបស់ក្ដាមក្រហមប្រចាំឆ្នាំរបស់ពួកវាបានក្លាយទីចាប់អារម្មណ៍ ហើយតំបន់ក្លាយជាកន្លែងទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់អ្នកដែលស្រលាញ់ធម្មជាតិ របស់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក៕ ប្រភព៖ Dailynews