ប្រទេសថៃ៖ មានហេតុការណ៍នៃការណ៍បង្កប់គ្រាប់បែកក្នុងឡានមួយគ្រឿង ដោយឧក្រិដ្ឋជនម្នាក់បានយកចតនៅបរិវេណកន្លែងស្នាក់នៅរបស់មន្ត្រីប៉ូលិសក្នុងបរិវេណប៉ុស្តិ៍នគរបាល រហូតបង្កឱ្យមានការផ្ទុះឡើងយ៉ាងខ្លាំង បណ្ដាលឱ្យមន្ត្រីប៉ូលិសម្នាក់នោះបានបាត់បង់ជីវិត និង៥នាក់ផ្សេងទៀតបានរងរបួស។

នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១២ និង ៥០ នាទីថ្ងៃត្រង់ មានករណីផ្ទុះគ្រាប់បែកក្នុងរថយន្តមួយកន្លែងនៅចំណតរថយន្តរបស់ប៉ូលីសនៃប៉ុស្តិ៍នគរបាល ម៉ាង ណារ៉ា ធីវ៉ាត់(Muang Narathiwat) ស្រុក Muang ខេត្ត ណារ៉ា ធីវ៉ាត់ (Narathiwat) ដែលបណ្តាលឲ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។

ក្នុងនោះសមត្ថកិច្ចបានចល័តកម្លាំង និងរថយន្តពន្លត់អគ្គិភ័យដើម្បីបញ្ឈប់ហេតុការណ៍ជាបន្ទាន់។

ជាលទ្ធិផលមន្ត្រីប៉ូលិសម្នាក់ដែលធ្វើការក្នុងប៉ុស្តិ៍នគរបាល ម៉ាង ណារ៉ា ធីវ៉ាត់(Muang Narathiwat)បានបាត់បង់ជីវិត និង៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។

របាយការណ៍បឋមបានឱ្យដឹងបន្ថែមថា មុនពេលកើតហេតុមានជនខិលខូចម្នាក់ ស្លៀកពាក់ដូចមន្ត្រីប៉ូលិសបានបើករថយន្ត ភីង អាប់ដែលមានផ្ទុះគ្រឿងផ្ទុះ មកចតចោលក្នុងបរិវេណកន្លែងស្នាក់នៅរបស់ជនរងគ្រោះដែលជាមន្ត្រីនគរបាលនោះ បន្ទាប់មកក៏មានការផ្ទុះបានកើតឡើង និងបន្លឺសំឡេងយ៉ាងខ្លាំង។

យ៉ាងណាមិញ បច្ចុប្បន្ន មន្ត្រីស៊ើបអង្កេតកំពុងតែល្បាតនៅកន្លែងកើតហេតុ និងបានបង្ខាំងមនុស្សនៅក្នុងបរិវេណសម្រាប់ការសាកសួរត្រួតពិនិត្យ និងស្រាវជ្រាវ ក៏ដូចជាបានពង្រឹងសុវត្ថិភាពបន្ថែមនៅក្នុងបរិវេណនៃការបំផ្ទុះនោះ៕ ប្រភព៖ Thairath