សុខភាព៖ ការទទួលទានផ្លែឈើ គឺពិតជាល្អណាស់សម្រាប់សុខភាព ប៉ុន្តែអ្នកដឹងទេថាការទទួលទានពួកវាលើសកម្រិតក៏អាចបង្កទុក្ខទោស និងហានិភ័យសម្រាប់រាងកាយបើអ្នកទទួលទានមិនបានត្រឹមត្រូវ ឬក៏ខុសកាលវេលាជាដើម។

ថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកដឹងពីផ្លែឈើមួយប្រភេទដែលវាមានជាតិកាឡូរីខ្ពស់ខ្លាំងនោះគឺ ផ្លែ “ទុរេន”។ ជាការពិតណាស់ផ្លែទុរេនមានរសជាតិឆ្ងាញ់ និងមានអត្ថប្រយោជន៍?

ប៉ុន្តែប្រសិនបើទទួលទានមិនបានត្រឹមត្រូវទេវាអាច នឹងមានការគំរាមកំហែងដល់អាយុជីវិតផងដែរ។ ដូច្នេះហើយមុននឹងអ្នកទទួលទាន ទុរេនសូមមកឈ្វែងយល់ទាំង ៥ យ៉ាងដែលអ្នកគួរដឹង ដើម្បីជាការប្រុងប្រយ័ត្ន និងអាចទទួលទានបានត្រឹមត្រូវ ក៏ដូចជាមានអត្ថប្រយោជន៍ចំពោះសុខភាព។

១. ទុរេនជាផ្លែឈើមានកាឡូរីខ្ពស់ ព្រោះក្នុងគ្រាប់ធុរេន ៤ ទៅ ៦គ្រាប់វាអាចផ្តល់កាឡូរី ៤០០ គីឡូកាឡូរី ស្មើនឹងអ្នកទទួលទានភេសជ្ជៈ ២ កំប៉ុង ឬ បាយមួយចានពេញ ដែលវាពិតជាងាយស្រួលក្នុងការឡើងទម្ងន់។

២. ទុរេនមានជាតិស្ករខ្ពស់ផងដែរ ប្រសិនបើអ្នកជំងឺទឹកនោមផ្អែមទទួលទាន វានឹងបង្កើនហានិភ័យនៃជាតិស្ករក្នុងឈាមកាន់តែខ្ពស់ ដូច្នេះសម្រាប់អ្នកជំងឺទឹកនោមផ្អែមគួរតែ ជៀសវាងការទទួលទាន។

៣. បន្ថែមពីលើអ្នកជំងឺទឹកនោមផ្អែម សូម្បីតែអ្នកជំងឺទាក់ទងនឹងសម្ពាធឈាមខ្ពស់ បេះដូងសរសៃឈាម និងខ្លាញ់ក្នុងឈាមក៏អាចបង្កជាហានិភ័យបានផងដែរ ដោយអ្នកជំងឺគួរតែទទួលទានទុរេនក្នុងបរិមាណតិចតួច តាមដែលអាចធ្វើទៅបាន។

៤. ទុរេន គឺជាផ្លែឈើមានឥទ្ធិពលកម្ដៅ ការបរិភោគតែទុរេនសុទ្ធមួយមុខ វាមានឥទ្ធិពលក្ដៅក្នុងរាងកាយបន្ទាប់ពីទទួលទាន។ តែអ្វីដែលលោកអ្នកប្រុងប្រយ័ត្នបំផុតនោះគឺ ប្រសិនបើអ្នកបរិភោគអមជាមួយនឹងសារធាតុអាល់កុល មិនថាស្រាបៀរ ឬ ភេសជ្ជៈ មានជាតិអាល់កុលនោះទេ វានឹងបង្កគ្រោះថ្នាក់ជាច្រើន ដោយរាងកាយនឹងកាន់តែឡើងកំដៅខ្លាំង រហូតគ្រោះហានិភ័យដល់អាយុជីវិត។

៥. នៅពេលដែលអ្នកទទួលទានធុរេនដែលបានផ្តល់ថាមពល និងកាឡូរីខ្ពស់ភ្លាមៗ  ដូច្នេះអ្នកគួរតែជៀសវាង និងមិនគួរទទួលទានអាហារដែលផ្ដល់ថាមពលខ្ពស់មួយចំនួន ដូចជាអាហារចៀន អាហារចម្អិនជាមួយទឹកដោះគោ ឬដូង អាហារផ្អែមផ្សេងទៀត ហើយគួរព្យាយាមកាត់បន្ថយអាហារខ្លះទៀតក្នុងថ្ងៃដែលអ្នកបរិភោគទុរេន។ បន្ថែមពីនោះបើអាចធ្វើបាន គួរតែបន្ថែមលំហាត់ប្រាណផងដែរ ដើម្បីដុតបំផ្លាញគាឡូរីដែលបានបន្ថែមដោយទុរេន។

ដូច្នេះការបង្ហាញនូវចំណុចទាំង៥យ៉ាងខាងលើ មិនមែនឱ្យញ្ឈប់ការទទួលទានទុរេននោះទេ ប៉ុន្តែចង់ឱ្យលោកអ្នក បរិភោគក្នុងស្មារតីមួយដែលទទួលខុសត្រូវលើសុខភាពរាងការរបស់ខ្លួនឯងផ្ទាល់ ជាមួយនឹងបរិមាណដែលត្រឹមត្រូវ និងត្រៀមខ្លួនធ្វើលំហាត់ប្រាណជាប្រចាំ៕ ប្រភព៖ Sanook