ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានកំណត់យកសម័យប្រឡងបាក់ឌុបថ្នាក់ជាតិ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ខាង​មុខ​នេះ ដោយត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្រប​នឹងវិធានការ​សុវត្ថិ​ភាព​សុខភាព។ ចំពោះបេក្ខភាពណាដែលអវត្តមានមុខវិជ្ជា នឹងត្រូវធ្លាក់ដោយស្វ័ប្រវត្តិតែម្ដង…​។

ថ្លែងក្នុងសន្និសិទសារព័ត៌មាន ស្ដីពីដំណើរ​ការ​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា​ បេក្ខភាពណាម្នាក់ដែលអវត្តមានដោយចេតនា បេក្ខជននោះនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ទោះបីមុខវិជ្ជាផ្សេងបានពិន្ទុខ្ពស់ក៏ដោយ​។ ឯកឧត្ដម បញ្ជាក់ថា «ទោះបីគាត់មានពិន្ទុខ្ពស់ តែបើគាត់គ្មានពិន្ទុមួយមុខ គឺត្រូវ​ធ្លាក់តែម្ដង​។ ជារួម យើងចង់ឱ្យសញ្ញាបត្រហ្នឹងមានគុណភាព ដូច្នេះ យើងយកវិធីសាស្រ្តមួយទៀត គឺគាំទ្រ​សិស្ស​នៅពេលរៀនវិញ លើកទឹកចិត្តឱ្យគាត់រៀន ហើយដើម្បីរក្សានូវស្ដង់ដារមួយ ដើម្បីឱ្យសិស្សយកចំណេះ​វិជ្ជាហ្នឹងទៅប្រើ​ប្រាស់​ក្នុងជីវិតជាក់ស្តែង»។

ឯកឧត្ដម បន្តថា «ប្រសិនបើយើងឆែកទៅឃើញសរសេរដូចគ្នាជាដើម ឬក៏អើតមើលរបស់គេជាដើម ហើយកម្រិតវិន័យទី២ ប្រសិនគាត់ដើរចុះ..ដើរឡើង..ពីកន្លែងខ្លួន ដោយគ្មានការអនុញ្ញាត ឱ្យសន្លឹកកិច្ចការឱ្យអ្នកដទៃ ឬក៏បោះប្រធានវិញ្ញាសាចេញក្រៅបង្អួច ដណ្តើមសន្លឹកកិច្ចការ ឬមួយប្រមូលលុយអីជាដើម នៅពេលនោះ ក៏ឱ្យធ្លាក់ដែរ ហើយជាពិសេស អ្នកដែលឱ្យគេប្រឡងជំនួស គឺធ្លាក់ដោយស្វ័យប្រវត្តិ ហើយមិនឱ្យប្រឡងក្នុងរយៈពេល២ឆ្នាំ»។

សូមជម្រាបថា ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ​២០២២ ដែល​មានបេក្ខជនចូលរួមប្រឡងជាង១២ម៉ឺននាក់។ ​ចំពោះលទ្ធផលគ្រោង​នឹងប្រកាសនៅថ្ងៃទី២៧ ខែធ្នូ សម្រាប់​រាជ​ធានីភ្នំពេញ និងខេត្តកណ្ដាល ហើយ​ខេត្តផ្សេងៗ នឹងប្រកាសនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ៕