រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០២២ មហាជនពិតជាមានក្ដីសោកស្ដាយដែលបានទទួលដំណឹងពីការទទួលមរណៈភាព របស់តារាសិល្បៈលោកខាត់ ចំរើន ដោយសារតែតែជំងឺទាំងខ្លួននៅវ័យក្មេង និងមានទេពកោសល្យពេញខ្លួន ដែលតែងតែបម្រើអារម្មណ៍របស់មហាជនគ្រប់គ្នាកន្លងមក។

លោកខាត់ ចំរើន កើតនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៨២  ជាប្អូនប្រុសបង្កើតរបស់សិល្បៈពហុជំនាញដ៏ល្បីអ្នកនាង ខាត់ សុឃីម ក្នុងចំណោមបងប្អូន៩នាក់ ដោយលោកខាត់ ចំរើនជាកូន ទី២ មានឪពុកឈ្មោះ លាវ ខាត់ និងម្ដាយគឺអ្នកស្រី ហ៊ុច។

តារាកំប្លែង និងជាអ្នកចម្រៀងខាត់ចំ រើន បានទទួលប្រជាប្រិយភាព និងការចាប់អារម្មណ៍ក៍ដូចជាមានភាពល្បីល្បាញក្នុងប្រទេសជាខ្លាំងបន្ទាប់ពីបានចូលក្នុងសិល្បៈ ដោយសារតែលោកតែងតែផ្ដល់នូវ ភាពសប្បាយរីករាយ និងស្នាមញញឹមដល់បងប្អូនខ្មែរជាច្រើនកន្លងមក។

លោកខាត់ ចំរើន ជាមនុស្ស រុសរាយ ​ចូលចិត្តលេងសើចជាមួយនឹងទេពកោសល្យសិល្បៈពេញខ្លួន ដូចបងស្រីអ្នកនាងខាត់សុឃីមដែរ ដោយលោកមានជំនាញ កំប្លែង មានសមត្ថភាពរកនឹកឃើញនូវពាក្យកំប្លែងថ្មីៗ ផ្សេងៗបានលឿន លើលពីនេះក៏មានសមត្ថភាពច្រៀងអាយ៉ៃ និងភ្លេងការបានយ៉ាងពិរោះផងដែរ។

ក្នុងនោះលោក ខាត់ ចំរើន តែងតែដើរច្រៀងភ្លេងការជាមួយនឹងបងស្រីគឺអ្នកនាង ខាត់ សុឃីមមិនចេះដាច់ និងមានភាពមមាញឹកជាខ្លាំងក្នុងជីវិតប្រចាំថ្ងៃ។

លោកខាត់ ចំរើន បានរៀបការ​មានគ្រួសារ រយៈ ពេល១៧ឆ្នាំ មានកូន៣នាក់ ស្រីម្នាក់ និងប្រុសពីរនាក់ ដោយកូនប្រុសទីមួយ ឈ្មោះ ខាត់ ចំរើន មង្គល អាយុ១៣ឆ្នាំ កូនទីស្រីពីរឈ្មោះ ខាត់ ចំរើន ចាស្មីន អាយុ ១២ឆ្នាំ និងកូនប្រុសពៅ ឈ្មោះ ខាត់ ចំរើន សុខវ៉ិចបុត្រ អាយុ៩ឆ្នាំ។

លោកខាត់ ចំរើន បានធ្លាក់ខ្លួនឈឺដោយសារជំងឺថ្លើម ​និងខ្វះឈាមក្រហម នៅក្នុងខែ ៨ ឆ្នាំ២០២២ ព្រមទាំងបានចូលសម្រាក់ក្នុងមន្ទីរពេទ្យអស់រយៈពេលមួយខែទើបមានអាការៈធូរស្បើយឡើងមកវិញ។ លុះមកដល់ថ្ងៃទី ១៩ ខែវិ​ច្ឆិកា ឆ្នាំ២០២២ ជំងឺរបស់លោកបានរើឡើងវិញ រហូតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ប៉ុន្តែដោយសារជំងឺធ្ងន់ធ្ងរ  លោកក៏បានទទួលមរណៈនៅថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅវេលា ម៉ោង ៥និង ០០នាទី ព្រឹក ក្នុងអាយុ ៤០ឆ្នាំ។ ហើយពិធីបុណ្យបានប្រារព្ធធ្វើនៅគេហដ្ឋាននៃសពក្នុង បុរីពន្លឺថ្មី ភូមិ ត្រពាំងព្រាយ ភ្នំ បាសិត រាជធានីភ្នំពេញ។

ដំណឹងនៃការទទួលមរណៈភាពរបស់សិល្បៈករ លោកខាត់ ចំរើនបានធ្វើឱ្យមហាន ជាពិសេសសាច់ញាតិ ក្រុមគ្រួសារ មានក្ដីសោកស្ដាយ និងសង្រែង មានទុក្ខក្រៀមក្រំជាខ្លាំងដែលបានបាត់បង់នូវ ធនធានមនុស្ស ព្រមទាំងជាអ្នកសិល្បៈករដែលមានទេពកោសលពេញខ្លួនមួយនេះ៕