ភ្នំពេញ៖ ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាកសិករ​ឱ្យបញ្ឈប់ការបង្ហោះព័ត៌មានតាមបណ្ដាញសង្គម ដែល​ថាក្រសួងមិនអើពើក្នុងការជួយដោះស្រាយករណីកសិផលចុះថោក ខណៈក្រុមការងារ​ក្រសួងបាន​ចុះ​ដោះ​ស្រាយ​បញ្ហា​​នេះជូន​កសិករនៅកន្លែងជាក់ស្តែងហើយ។

ការអំពាវនាវ​​របស់ក្រសួងធ្វើឡើង​ក្រោយពីកសិករមួយចំនួននៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានបង្ហោះសារជាបន្តបន្ទាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុក​ ក្នុង​ខែវិច្ឆិកា ឆ្នាំ២០២២នេះ ពាក់ព័ន្ធនឹងករណី​តម្លៃស្រូវ​ចុះ​ថោក ឬ​គ្មាន​ទីផ្សារ​លក់ និង​គ្មាន​ការ​ជួយ​អន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងកសិកម្មបានចេញសេចក្តីប្រកាសព័ត៌មានមួយ​ដោយលើកឡើងថា ការបង្ហោះនិងចែករំលែក​​ព័ត៌​មាន​​បែប​​នេះ​នៅលើបណ្តាញសង្គម នឹងបង្កការ​ភ័យ​ខ្លាចឬព្រួយបារម្ភ​ដល់​ប្រជាកសិករ​ផ្សេងទៀតដែល​មិន​ទាន់​ដល់​ពេល​ប្រមូលផល​ ឱ្យប្រញាប់ច្រូតស្រូវទាំង​មិន​ទាន់​គ្រប់​គុណ​ភាពដើម្បីលក់ ដែល​ធ្វើឱ្យថ្លៃស្រូវ​កាន់តែ​​ធ្លាក់​ចុះ​ថែម​ទៀត។

ក្រសួងកសិកម្ម ឱ្យដឹងថា ការធ្លាក់ចុះថ្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅពេលនេះ គឺក្រសួងបានចាត់ឱ្យ​អនុរដ្ឋលេខាធិការចំនួន២រូប គឺ​លោក ឃី កុសល និងលោក ឈុំ ឆុនលី ព្រម​ទាំងក្រុមការងារផ្សេងទៀត ចុះដោះស្រាយជូន​ប្រជាកសិករដល់កន្លែងជាក់ស្តែងហើយ។

ក្រសួងបញ្ជាក់​ថា ពេញមួយខែវិច្ឆិការហូតដល់ពាក់កណ្ដាលខែធ្នូ គឺជាពេលវេលាដែលប្រជាកសិករប្រមូលផលស្រូវរដូវ​វស្សា​ ជាពិសេស​ប្រភេទ​ពូជ​ស្រូវ​រំដួល ដែល​ជា​ហេតុធ្វើ​ឱ្យ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ត្រូវ​រង​ការ​កក​ស្ទះ និង​ជះ​ឥទ្ធិពល​ដល់​ថ្លៃ​ស្រូវ​ដូច​​កាល​ពី​ឆ្នាំ​មុន។ ក្រសួងកសិកម្មអះអា​ង​ទៀត​ថា បើទោះជាឆ្នាំនេះ ដំណាំស្រូវត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយ ប៉ុន្តែការប្រមូល​ផល​នៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នា ដែលធ្វើឱ្យស្រូវមានចំនួនច្រើន។

បើតាមក្រសួងកសិកម្ម នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មានរោងម៉ាស៊ីនកិនស្រូវជាច្រើន​កំពុ​ងមមាញឹក​ក្នុងការ​ប្រមូល​ទិញ សម្ងួត និង​កិនស្រូវ​ប្រភេទផ្ការំដួល​ ទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន ហើយក្រសួងបាន​ដាក់​លេខទូរសព្ទ​មន្ត្រីចំនួន២ខ្សែ (លេខ ០៩៥ ៩៥១ ១១១ សម្រាប់​ខេត្ត​បាត់ដំបង និងលេខ ០១២ ៨៣៨ ៩៣៧ សម្រាប់​ខេត្ត​បន្ទាយមាន​ជ័យ) សម្រាប់ឱ្យ​​ប្រជាកសិករទំ​នាក់​ទំនង​សុំ​អន្តរាគម​ន៍​ដោះ​ស្រាយ ក្នុង​ករណី​កសិករ​ជួប​បញ្ហា​ស្រូវ​ចុះថោក។

គួររំលឹកដែលថា ក្នុងពិធីចូលកាន់តំណែងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២​ រដ្ឋមន្ត្រីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានប្ដេជ្ញាប្រែក្លាយកសិកម្មកម្ពុជាឱ្យទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃ ប្រកបដោយបរិយាបន្ន ហើយមាននិរន្តរភាព ធន់នឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងបម្រើឱ្យផលប្រយោជន៍ពិតប្រាកដដល់ប្រជាពលរដ្ឋ រួមទាំងលើកកម្ពស់ជីវភាពរបស់កសិករ ជាដើម។

រដ្ឋមន្ត្រីថ្មីរូបនេះក៏បានប្តេជ្ញាដោះស្រាយរាល់បញ្ហាប្រឈមក្នុង​វិស័យកសិកម្ម និងស្វែងរ​ក​ទីផ្សារបន្ថែមសម្រាប់ផលិតផលកសិកម្ម តាម​រយៈកិច្ចសហការជាមួយមន្រ្តីក្រោមឱវាទ និងស្ថាប័នពាក់ព័ន្ធ ដើម្បីបម្រើ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋផងដែរ៕