រដ្ឋធានីកៀវ៖ ក្រោយពេលមានភាពស្ងប់ស្ងាត់មួយរយៈពេលមក ក៏មានសេចក្ដីរាយការណ៍ជាថ្មី អំពីការបាញ់ផ្លោង ដាក់រោងចក្រថាមពលដ៏ធំបំផុតរបស់អឺរ៉ុប ស្ថិតនៅតំបន់ភាគខាងត្បូង ប្រទេសអ៊ុយក្រែន ដែលកាន់កាប់ ដោយកម្លាំងទាហានក្រុងមូស្គូ ហើយសកម្មភាពប្រកបដោយគ្រោះមហន្ដរាយបែបនេះ បានធ្វើឲ្យអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ថា អង្គការឃ្លាំមើលនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក បានថ្កោលទោស ចំពោះការបាញ់ផ្លោងដាក់រោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន ដែលកាន់កាប់ ដោយកម្លាំងទាហានរុស្ស៊ី។ ការវាយប្រហារបែបនេះ នឹងបង្កឲ្យមានគ្រោះមហន្ដរាយយ៉ាងធ្ងន់ធ្ងរបំផុត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwLzhuyXuDq149xa7FXBmXhBCQ9jGta3YVb-LihuHfg0wrPhXk4_CPrTqgADBV8CVb5tZYmNv-YAOlF11fJf2b6bh50b1FLPrgvLrF8w5VP6BRp-Ritrtw3utGk1KRA1k51Rv0r4PNz2nozjFRegSB5FqkUdXMn_eQ7y51yKBtidQ6pfYremvkrNyByQ/s511/photo_2022-11-21_08-14-34%20(2).jpg

លោក រ៉ាហ្វែល ហ្គ្រូសស៊ី (Rafael Grossi) អគ្គនាយក ទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ បានចេញការអំពាវនាវជាបន្ទាន់មួយ ទាមទារឲ្យបញ្ឈប់ការវាយប្រយុទ្ធគ្នា នៅឯរោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីសហ្សា (Zapoirzhzhia) ដែលជារោងចក្រថាមពលដ៏ធំបំផុតរបស់អឺរ៉ុប ស្ថិតនៅតាមទន្លេឌីនីប្រូ (Dnipro) ប្រទេសអ៊ុយក្រែន។

លោកអគ្គនាយក បានបញ្ជាក់ ថា «ភាគីណាក៏ដោយ នៅពីក្រោយការវាយប្រហារនេះ ត្រូវតែបញ្ឈប់ជាបន្ទាន់ ព្រោះវាជាសកម្មភាពបង្កនូវគ្រោះថ្នាក់យ៉ាងខ្លាំងបំផុត។ ការវាយប្រហារមកលើរោងចក្រថាមនុយក្លេអ៊ែរដ៏ធំបំផុតមួយនេះ ជារឿងមិនអាចទទួលយកបាន។ សកម្មភាពយោធាបែបនេះ ខ្ញុំបាននិយាយជាច្រើនដងរួចមកហើយ ហើយអ្នកកំពុងតែលេងជាមួយភ្លើង ប្រកបដោយគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត»។

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWtjhUdqg0anh0PeqBpQ8wFcCA5c96O3MZqTRGvJPJnSJwarqOceyNlrCj5sXhnFXgxDy53GxdWAdfullC8NVMuipQTR4ysP5foBjHFEzAX4EOhcis2UCZkpy9OFvFb4byMh4Lj4ybGvEqF-gkt4ySQ14C2nUURGRRjQ2YdcWRpwGy1nGRwabIUNCU1g/s1024/photo_2022-11-21_08-13-54.jpg

ទាហានរុស្ស៊ី បានចោទប្រកាន់ ទៅលើកងទ័ពការពារទឹកដីអ៊ុយក្រែន នៅត្រើយម្ខាងទៀត នៃទន្លេឌីនីប្រូ អំពីការបាញ់ផ្លោង មកលើតំបន់របស់ខ្លួនកាន់កាប់។ ប៉ុន្ដែភ្លាមៗនោះ ក្រុងកៀវ នៅមិនទាន់មានការប្រតិកម្មណាមួយនៅឡើយ ខណៈកាលពីមុន បានលើកឡើង ថា កម្លាំងទាហានរបស់ក្រុងមូស្គូ បានផ្លោងដាក់តំបន់នេះ ថ្វីបើមានទាហានរបស់ពួកគេ នៅទីនោះយ៉ាងណាក៏ដោយ។

តំបន់នៅជុំវិញរោងចក្រថាមពលនុយក្លេអែរមួយនេះ រួមទាំងទីក្រុងអេណ័រហូដា (Enerhodar) ដែលស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី បានស្ថិតក្រោមការវាយប្រហារ អស់រយៈពេលជាច្រើនខែកន្លងមកហើយ។ ប៉ុន្ដែក្រោយមក មានការស្ងប់ស្ងាត់មួយរយៈ មុនពេលមានការវាយប្រហារជាថ្មី កាលពីចុងសប្ដាហ៍ ដែលបានបន្ដ រហូតមកដល់ព្រឹក ថ្ងៃអាទិត្យ ។

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2PiZHxbYqAQSTpNMHNlmrD9iFs-Aw1TiAJRtvOPAoNS_jNQ5gEweD7yKSP24cFAinaomLGH8Qytjeri5SAP67plTYxSNFWsl4n3reBdEpNkUPSW3F4HMpIvLHOSBf0rh2NKQMODF55F7Vwcs0yaE0Dg0YfnYfeSeLeTYC_zDLcOg5-sNF811pVnNQkg/s767/photo_2022-11-21_08-14-34.jpg

ក្រុមអ្នកឃ្លាំមើលរបស់ទីភ្នាក់ងារថាមពលអន្ដរជាតិអាតូមិកអន្ដរជាតិ បានឃើញការវាយប្រហារនេះ ពីបង្អូចកន្លែងស្នាក់នៅរបស់ពួកគេ។ ក្រុមអង្គការតាមឃ្លាំមើលនុយក្លេអ៊ែរ បានអះអាង ថា មានការខូចខាតអគារ ប្រព័ន្ធ និង សម្ភារមួយចំនួន នៅក្នុងរោងចក្រថាមពលនេះ។ ប៉ុន្ដែរហូតមកដល់ពេលនេះ នៅមិនទាន់មានអ្វីកើតឡើង ដល់សុវត្ថិភាព និង សន្ដិសុខនុយក្លេអ៊ែរ នៅក្នុងរោងចក្រនេះនៅឡើយ ហើយក៏មិនទាន់មានសេចក្ដីរាយការណ៍ អំពីគ្រោះថ្នាក់ដល់មនុស្សដែរ។

ការបាញ់ផ្លោងមកលើរោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីសហ្សា ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន កំពុងតែបង្កឱ្យមានការព្រួយបារម្ភ អំពីគ្រោះមហន្ដរាយយ៉ាងធ្ងន់ធ្ងរ ដែលធ្លាប់កើតឡើងម្ដងរួចមកហើយ នៅក្នុងឧបទ្ទវហេតុនុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ពិភពលោក កាលពីអំឡុងឆ្នាំ១៩៨៦ ដែលមានចម្ងាយប្រហែល៥០០គីឡូម៉ែត្រ ពីតំបន់នេះ៕