ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ និងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិធីបើកការប្រកួតកីឡាជាតិលើកទី៣ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ និងពិធីបិទនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ដើម្បីអបអរសាទរក្នុងព្រឹត្តិការណ៍ខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងមានការចាត់តាំង អុជកាំជ្រួចនាថ្ងៃទី២១ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៩៖០០នាទី នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។ អាស្រ័យហេតុនេះ សូមជម្រាបជូនសាធារណជនទាំងអស់ ក្នុងរាជធានីភ្នំពេញ មេត្តាជ្រាបជា ព័ត៌មាន ៕