ពិតណាស់បន្ទាប់ពីព្រះអង្គម្ចាស់ប្រ៊ុយណេ Abdul Mateen បានយាងមកដល់ប្រទេសកម្ពុជាក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅទ្រង់បានក្លាយជាប្រធានបទក្នុងបណ្ដាញសង្គមពីគុណសម្បត្តិដែលទ្រង់មាន។ ក្នុងនោះបន្ទាប់ពីមានការបង្ហោះអំពីការរត់ហាត់ប្រាណរបស់ព្រះអង្គ រហូតបានទាញចំណាប់អារម្មណ៍និងមានការចែករំលែកតៗគ្នា តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ តារាចម្រៀងលោក សាយបានបង្ហោះសារដោយបបួលព្រះអង្គមករតប្រណាំងក្នុងកម្មវិធី RUNWITHSAI។

កាលពីពេលថ្មីៗនេះមានការចែករំលែកពីកម្មភាព និងរូបភាពជាច្រើនសន្លឹករបស់ព្រះបុត្រានៃប្រទេសព្រុយណេ ព្រះអង្គម្ចាស់ Abdul Mateen ក្នុងបណ្ដាញសង្គមយ៉ាងព្រោងព្រាត បន្ទាប់ពីទ្រង់បានយាងមកកាន់ទឹកដីកម្ពុជា ​ក្នុងនោះរូបភាពនៃការរត់ហាត់ប្រាណរបស់ទ្រង់នៅបរិវេណសណ្ឋាគារដែលទ្រង់ស្នាក់នៅត្រូវបានគេធ្វើការបង្ហោះចែករំលែកតៗគ្នា។

ក្នុងនោះអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ តារាចម្រៀង Original ដ៏ល្បី និងជាបុគ្គលដ៏សកម្មក្នុងការចូលរួមក្នុងសង្គម គឺលោក សាយ ក៏បានបង្ហោះសារក្នុងអាខោនផ្ទាល់ខ្លួន ដោយមានបំណងបបួលព្រះអង្គ Abdul Mateen មករត់ក្នុងកម្មវិធីRUNWITHSAI ផងដែរ។

ក្នុងសារនោះលោកបានសរសេរយ៉ាងដូច្នេះថា៖ចង់តែយាងព្រះបុត្រាមករត់នៅក្នុងកម្មវិធី  #RUNWITHSAI  ទេដឹងតែបានការបរិច្ចាគច្រើនតែម្ដង។

ទោះជាយ៉ាងណាការលើកឡើងនេះបានក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍ និងបានផ្ដល់ជាសំណើចដល់មហាជន និងមានក្ដីសង្ឃឹមថាការលើកឡើងនេះនឹងក្លាយជាការពិតនៅថ្ងៃណាមួយពេលអនាគត ព្រោះព្រះអង្គ Mateen ក៏ជាបុគ្គលដែលមានព្រះទ័យចូលចិត្តការហាត់ប្រាណ និងការងារជួយសង្គមផងដែរ៕