ក្រុមកីឡារាំជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយសរុប ១៧គ្រឿង រួមមានមេដាយមាស ៤ ប្រាក់ ១០ និងសំរឹទ្ធ ៣ នៅក្នុងការប្រកួតកីឡារាំជ្រើសរើសជើងឯកពិភពលោក WDSF SupeStar Championship 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ការប្រកួតនេះ បានធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានអត្តពលិកមកពី ១៥ប្រទេសចូលរួម រួមមានកម្ពុជា អូស្ដ្រាលី ចិន អាល្លឺម៉ង់ អ៊ីតាលី ប៊ូឡូញ ឆាយនីសតៃប៉ិ ហុងកុង ម៉ុងហ្គោលី បារាំង កូរ៉េខាងត្បូង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងម្ចាស់ផ្ទះវៀតណាម។ ក្នុងព្រឹត្តិការណ៍ប្រកួតនោះ កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១៣នាក់។

នេះគឺជាជោគជ័យមួយដ៏ត្រចះត្រចង់របស់ក្រុមអត្តពលិកកីឡារាំកម្ពុជា ហើយក៏ជាកម្លាំងចិត្ត សម្រាប់កីឡាករ-កីឡាការិនី ក៏ដូចជាសហព័ន្ធ ក្នុងការត្រៀមខ្លួនឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕