ភ្នំពេញ៖ អាស៊ាន មិនអនុញ្ញាតឲ្យ លោក វ៉ូឡូឌីមៀ ហ្សេលិនស្គី ប្រធានាធិបតីអ៊ុយក្រែន ធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ខាងមុខនេះឡើយ។ នេះបើតាមការបញ្ជាក់់របស់ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ពាក់ព័ន្ធនឹងការស្នើសុំរបស់ប្រធានាធិបតីអ៊ុយក្រែន ដើម្បីថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន ត្រូវបានអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បញ្ជាក់ថា រឿងដែលឆ្លងកាត់នូវការសម្រេចដោយកុងសង់ស៊ីសពីសមាជិកអាស៊ានទាំងអស់ ហើយម្យ៉ាងក្នុងនាមជាភ្ញៀវរបស់ប្រធានអាស៊ាន គឺអាចត្រឹមចូលរួមក្នុងពិធីបើកកម្មវិធីដែលមិនពាក់ព័ន្ធនឹងកិច្ចប្រជុំ​ប៉ុណ្ណោះ។

«ដូច្នេះនៅក្នុងករណីនេះ យើងមិនមានស្ថានភាពហ្នឹងទេ ដូច្នេះគាត់នឹងមិនអាច ថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីអ្វីមួយនៅកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឡើយ»។ នេះបើតាមការបញ្ជាក់របស់ លោក គង់ ភោគ។

លោកបានបញ្ជាក់ដែរថា ក្នុងនាមប្រធានអាស៊ាន យើងនឹងខិតខំជួយឱ្យអស់លទ្ធភាព ដើម្បីបុព្វហេតុសន្តិភាព ហើយអាស៊ានក៏នឹងអាចធ្វើជាអ្នកសម្របសម្រួលដើម្បីសន្តិភាពអ៊ុយក្រែន ប្រសិនបើមានការស្នើសុំពីភាគីពាក់ព័ន្ធ។

សូមបញ្ជាក់ថា ក្នុងជំនួបតាមទូរស័ព្ទលើកដំបូងជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន កាលពីរសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន បានស្នើសុំពី សម្តេចតេជោ ហ៊ុន សែន ដើម្បីថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពេលបើកកិច្ចប្រជុំកំពូលអាស៊ាន ផងដែរ៕