ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានាថ្ងៃទី០៨ និងទី០៩ ខែវិច្ឆិកានេះ នាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម ផាម មិញជិញ បានវាយតម្លៃខ្ពស់ដល់កម្ពុជា ដែលបន្តគាំទ្រ និងមិនរើសអើងចំពោះប្រជាជនដើមកំណើតវៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជានារយៈពេលកន្លងមក…។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីវៀតណាម បានអះអាងសាជាថ្មីនូវការត្រៀមខ្លួនរបស់វៀតណាម ក្នុងការគាំទ្រកម្ពុជា និងឡាវ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា ឡាវ វៀតណាម (CLV-DTA) និងជំរុញការអនុវត្តផែនការសកម្មភាពតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ឡាវ វៀតណាម ដល់ឆ្នាំ២០៣០។ នេះបើតាមសេចក្តីថ្លែងការរវាងកម្ពុជា និងវៀតណាម។ សេចក្តីថ្លែងការណ៍ដដែល បានបន្តឱ្យដឹងថា កម្ពុជា និងវៀតណាម បានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការពង្រឹងការតភ្ជាប់រវាងប្រទេសទាំងពីរ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក៏ដូចជាស្ថាប័ន និងគោលនយោបាយដែលរួមបញ្ចូលទាំងការពន្លឿន ការបញ្ចប់ផែនការមេស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០៣០។

បន្ថែមលើនេះ ភាគីទាំងពីរ បានអះអាងសាជាថ្មីនូវការប្ដេជ្ញាក្នុងការបន្តពង្រឹង និងអភិវឌ្ឍបន្ថែមទៀត នូវចំណងមិត្តភាពរវាងវៀតណាម និងកម្ពុជា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានស៊ីជម្រៅ និងទូលំទូលាយ ខណៈភាគីទាំងពីរពេញចិត្តចំពោះការអភិវឌ្ឍប្រកបដោយផ្លែផ្កា នៃទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ…៕