បន្ទាប់ពីមានការផ្សព្វផ្សាយតាមរយៈសារព័ត៌មានក្នុងស្រុកជាបន្តបន្ទាប់អំពីការលំបាកក្នុងការស្វែងរកមូលនិធិរបស់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលជាមន្ទីរពេទ្យមិនស្វែងរកប្រាក់ចំនេញ​ មានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូប អស់រយៈពេលជាង២០ឆ្នាំ ហើយបច្ចុប្បន្នត្រូវការជំនួយជាច្រើនទៀត ដើម្បីផ្តល់សេវាថែទាំសុខភាពដល់កុមារកម្ពុជាប្រកបដោយគុណភាព​ ក្តីមេត្តាករុណានិងឥតគិតកម្រៃ លោក អ៊ីវ គឹមសួរ ជាគ្រូបង្វឹកអាជីវកម្មមកពី ActionCOACH បានផ្តួចផ្តើម រៀបចំព្រឹត្តិការណ៍មួយមានឈ្មោះថា “តោះ! ដើរឡើងភ្នំបូកគោដើម្បីសុខភាពកុមារ” ដែលព្រឹត្តិការណ៍នេះជាឆ្នាំទី២ហើយ ដែលត្រូវបានបង្កើតឡើងដោយមានកិច្ចសហប្រតិបត្តិការណ៍ពីមន្ទីរពេទ្យកុមារអង្គរ ក្រោមការឧបត្ថម្ភធំពីក្រុមហ៊ុនចំនួនពីរគឹ ក្រុមហ៊ុនថ្នាំពណ៌ជាតិ ខាំផែន និងភេសជ្ជៈប៉ូវកំលាំង ខារ៉ាបាវ រួមសហការឧបត្ថម្ភដោយ​ Global Top Star Industrial Co., LTD ឧបត្ថម្ភទីតាំងដោយ​ THANSUR SOKHA Hotel និង Ganesha Kampot Resort រួមជាមួយបណ្តាក្រុមហ៊ុនចូលរួមឧបត្ថម្ភផ្សេងៗទៀតដូចជា​ សាប៊ូ ក្លិន, គិរីសួគ៏ ហ្វាម, ហាងនំប៉័ង3A ព្រមទាំងក្រុមហ៊ុនផ្សេងៗ​ជាច្រើនទៀតដែលបានចូលរួម ទាំងថវិកា និងសម្ភារៈ។ ជាងនេះទៅទៀត កម្មវិធីនេះក៏ទទួលបាននូវការគាំទ្រពីសំណាក់សាលាខេត្តកំពត មន្ទីរទេសចរណ៍ខេត្ត និងអជ្ញាធរមូលដ្ឋាន នៅទីនោះផងដែរ ដោយរំពឹងទុកថានឹងមានអ្នកចូលរួមព្រឹត្តិការណ៏ដើរឡើងភ្នំចំនួនប្រមាណជា ១០០ នាក់ និងប្រមូលថវិកាឲ្យបានយ៉ាងហោចណាស់ចំនួន១ម៉ឺនដុល្លារ។

ព្រឹត្តិការណ៍សប្បុរសធម៌មួយនេះ គឺជាព្រឹតិ្តការណ៍លើកដំបូងមួយដែលនឹងប្រព្រឹត្តិទៅមានរយៈពេលពីរយប់ បីថ្ងៃ គឺចាប់ពីរសៀល ថ្ងៃទី ០៩ ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបំផុសសកម្មភាពលំហាត់ប្រាណ ពង្រីកបណ្តាញធុរកិច្ច បង្កើតសេចក្តីរីករាយ ជួបជុំជាមួយគ្រួសារ និងមិត្តភក្តិ ព្រមទាំងរៃអង្គាសថវិកាជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលកំពុងតែ ប្រឈមនឹងការ ធ្លាក់ចុះយ៉ាងខ្លាំងនូវជំនួយសប្បុរសធម៌នៅក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិត កម្រៃ ដល់កុមារកម្ពុជា។ ជាងនេះទៅទៀតតាមរយៈព្រឹត្តិការណ៍មួយនេះ យើងក៏មានបំណង លើកស្ទួយផ្សព្វផ្សាយទីកន្លែងទេសចរណ៍ ដ៏ស្រស់ត្រកាលភាគនិរតី នៃប្រទេស រួមទាំងបង្ហាញឲ្យមានការចូលរួមថែរក្សាបរិស្ថានស្អាត និងបង្ហាញអំពីសេចក្តីសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជាផងដែរ។

អ្នកចូលរួមមានជម្រើសពីរក្នុងការចូលរួម ទីមួយ គឺត្រូវបង់ចំនួន ១២០ ដុល្លារ សម្រាប់មនុស្សពេញវ័យ និងកុមារអាយុចាប់ពី ១២ឆ្នាំឡើង និងទីពីរ ២៥០ ដុល្លារ សម្រាប់កញ្ចប់គ្រួសារដែលមានមនុស្សពេញវ័យពីរនាក់ និងកុមារអាយុក្រោម ១២ ឆ្នាំ ២នាក់ ដោយអ្នកចូលរួមនឹងទទួលបានដូចជា អាវយឺតអនុស្សាវរីយ៍ អាហារ ទឹកញ៉ាំ ទីកន្លែងស្នាក់នៅតង់ស្នាក់នៅសម្រាប់មនុស្សពីរនាក់និងជាពិសេសការបង្កើតអនុស្សាវរីយ៍ជាមិត្តភាព។ កម្មវិធីទំាំងមូលគឺចាប់ផ្តើមចេញដំណើរពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ក្រុងកំពតនៅ ពេលរសៀលថ្ងៃទី ០៩ ខែធ្នូ និងការដើរឡើងភ្នំគឺចាប់ផ្តើមពីម៉ោង ៥ព្រឹក ថ្ងៃទី ១០ ខែធ្នូ​ នៅទីតាំងជើងភ្នំនៃឧទ្សានជាតិព្រះមុនីវង្សភ្នំបូកគោ ដើម្បីដើរឡើងតាមផ្លូវថ្នល់ក្នុងរយៈចំងាយ ៣១ គម​ ដោយបញ្ចប់នៅទីតាំងផ្លូវបំបែកនៅលើភ្នំ បន្ទាប់មកអ្នកចូលរួមនឹងធ្វើការសម្រាកដោយបោះតង់នៅក្បែរមាត់បឹងនៅលើកំពូលភ្នំ ដែលជាទីកន្លែងមួយប្រកបដោយទេសភាពដ៏ស្រស់ត្រកាល អមនឹងអាកាសធាតុត្រជាក់ក្នុងរដូវរំហើយ ព្រមទាំងមានកម្មវិធីជប់លៀង BBQ និងកម្មវិធីកំសាន្តផ្សេងៗថែមទៀតផង។ នៅពេលព្រឹកថ្ងៃទី ១១ ខែធ្នូ អ្នកចូលរួមនឹងជួបជុំគ្នាស្រស់ស្រូបអាហារពេលព្រឹក និងវិលត្រលប់មកកាន់ទីក្រុងភ្នំពេញវិញជាកិច្ចបញ្ចប់ព្រឹត្តិការណ៍។ លោក អ៊ីវ គឹមសួរ ព្រមទាំងគណៈកម្មការរៀបចំកម្មវិធីមានសុទិដ្ឋិនិយមយាំងមុតមាំថាតាមរយៈកម្មវិធីមួយនេះ បងប្អូនសាធារណៈជន ព្រមទាំងស្ថាប័នផ្សេងៗនឹងចូលរួមឲ្យបានច្រើនកុះករ ព្រោះវាជាចំណែកមួយដើម្បីលើកស្ទួយវិស័យទេសចរណ៍ បង្កើនការហាត់ប្រាណដើម្បីសុខភាពនៅក្នុងប្រទេសកម្ពុជា និងជាពិសេសគឺបានជួយដល់ការងារមនុស្សធម៌តាមរយៈមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ។

ចុះឈ្មោះដើម្បីចូលរួមកម្មវិធីតាមរយៈ៖ https://docs.google.com/…/18iNSN8mWGIVxHn2D4w5IuFn…/edit

ពត៏មានបន្ថែមអំពីកម្មវិធី​ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 015 718 888 / 089 269 589

ឬគេហទំព័រហ្វេសបុក៖ https://www.facebook.com/Climb-Bokor-Mountain-for-Childrens-Health-102503668298860