ក្រុមបាល់ទះជម្រើសជាតិកម្ពុជា គ្រោងនឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិបារាំង ឬក្រុមបាល់ទះយុវជនបារាំងអាយុក្រោម២១ឆ្នាំ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីមានជំនួប រវាងប្រមុខថ្នាក់ដឹកនាំសហព័ន្ធ នៃប្រទេសទាំងពីរកាលពីថ្មីៗ។

ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតមានប្រសាសន៍ថា កាលពីថ្ងៃទី២៧ ខែតុលាកន្លងទៅ ឯកឧត្តមបានជួបពិភាក្សាការងារជាមួយឯកឧត្តម Eric Tanguy ប្រធានសហព័ន្ធកីឡាបាល់ទះបារាំង តាមប្រព័ន្ធ Zoom។ កិច្ចប្រជុំនេះ ភាគីបារាំង បានបង្ហាញនូវឆន្ទៈជួយលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជា តាមរយៈការផ្លាស់ប្ដូរប្រតិភូ ផ្លាស់ប្ដូរបច្ចេកទេស និងឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នាពេលអនាគតផងដែរ។

ប្រមុខសហព័ន្ធកីឡាបាល់ទះកម្ពុជាដដែលបន្ដថា ៖”ដើម្បីឆ្លើយតបទៅនឹងការត្រៀមខ្លួនរបស់កម្ពុជា ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ឯកឧត្តមប្រធានសហព័ន្ធកីឡាបាល់ទះបារាំង បានទទួលយកសំណូមពររបស់កម្ពុជា រៀបចំការប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិ ឬក្រុមយុវជនអាយុក្រោម២១ឆ្នាំរបស់បារាំង ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេសល្អៗ”៕