​ភ្នំពេញ៖ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលទៅដល់ប្រជាពលរដ្ឋទូទំាងប្រទេសស្វែងរកមើលព័ត៌មានចាក់វ៉ាក់សំាងកូវីដ១៩ ធនាគារជាតិនៃកម្ពុជានិងក្រសួងសុខាភិបាលចុះMOUស្តីពី«កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់តំណភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគង»កាលពីថ្ងៃទី២១ខែតុលាឆ្នំា២០២២នេះ។

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថាថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ឱ្យធ្វើជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់តំណភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគង” រវាង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងធនាគារជាតិនៃកម្ពុជា។

លោកជំទាវ បន្តថា ចាប់តំាងពីដើមឆ្នាំ២០២០ ពិភពលោកបានជួបប្រទះនឹងការរាតត្បាតជំងឺកូវីដ-១៩ ដែលធ្វើឱ្យសេដ្ឋកិច្ចសកលបានប្រឈមនឹងកំណើនអវិជ្ជមានជាលើកទី២ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨-២០០៩។ នៅចំពោះមុខបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលបានឆ្លើយតបយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ តាមរយៈការដាក់ចេញនូវវិធានការសុខាភិបាលបានទាន់ពេលវេលា និងបានអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលធ្វើឱ្យសម្រេចបាននូវភាពស៊ាំសហគមន៍ក្នុងកម្រិតខ្ពស់ក្នុងរយៈពេលដ៏ខ្លី និងប្រកបដោយប្រសិទ្ធភាព។ បន្ទាប់ពីការថយចុះនៃការឆ្លងរាលដាលនៃជំងឺនេះ សកម្មភាពសេដ្ឋកិច្ចរាប់ទាំង ពាណិជ្ជកម្មអន្តរជាតិ ផលិតកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ បានចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរៗទៅតាមតម្រូវការជាក់ស្តែង ដែលនេះបាន និងកំពុងឆ្លុះបញ្ចំាងពីការបន្សាំខ្លួន ទៅនឹងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

ទន្ទឹមនេះ វិបត្តិជំងឺកូវីដ-១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។ នេះជាបទពិសោធន៍ និងជាវិញ្ញាសារថ្មីមួយសម្រាប់ប្រទេសនីមួយៗ ក្នុងការបង្កើនភាពរឹងមាំ និងបានជំរុញការទូទាត់បែបឌីជីថលឱ្យមានសន្ទុះយ៉ាងឆាប់រហ័ស ក្នុងនោះបច្ចេកវិទ្យាឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការពង្រីក និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែខិតជិតប្រជាពលរដ្ឋលើគ្រប់វិស័យ រួមមានជាអាទិ៍៖ វិស័យធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងវិស័យសុខាភិបាល ជាដើម។ ជាក់ស្តែង បច្ចេកវិទ្យាឌីជីថល ក៏បានក្លាយជាកម្លាំងចលករដ៏មានសក្តានុពលជាទីបំផុត ក្នុងការជំរុញកំណើនសេដ្ឋកិច្ចទាំងក្នុងក្របខណ្ឌតំបន់ និងសកល។

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាក៏បានអភិវឌ្ឍប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង មានមុខងារជួយសម្រួលដល់ប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងគ្រឹះស្ថាន ក្នុងគោលដៅ ១/-បង្កើនប្រសិទ្ធភាពក្នុងប្រព័ន្ធទូទាត់ ២/-លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ៣/-សម្រួលប្រតិបត្តិការទូទាត់ជាប្រាក់រៀល និង៤/-ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលនៃបដិវត្តឧស្សាហកម្មទី៤ ស្របតាមបរិបទសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន។
ជាមួយគ្នានេះផងដែរ

ដើម្បីសម្រួលដល់តម្រូវការ និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ធនាគារជាតិនៃកម្ពុជា និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរៀបចំឱ្យមានក្របខណ្ឌកិច្ចសហប្រតិបត្តិការ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់តំណភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគង»។ អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណង ពង្រីកវិសាលភាពនៃការទទួលបាននូវព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់បុគ្គល តាមរយៈការប្រើប្រាស់ប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា ជាមួយតំណភ្ជាប់ប្រព័ន្ធកត់ត្រាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងសុខាភិបាល។ គំនិតផ្តួចផ្តើមនេះ ពិតណាស់ គឺនឹងរួមចំណែកជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍ថ្មីៗ។ ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនឹងទទួលបានភាពងាយស្រួលជាងមុន ក្នុងករណីភ្លេចយកប័ណ្ណចាក់វ៉ាក់សាំងមកតាមខ្លួន ពួកគាត់អាចប្រើប្រាស់ប្រព័ន្ធបាគង ដើម្បីស្វែងរកព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់ខ្លួនបានយ៉ាងស្រួលផងដែរ។

លោកជំទាវ ជា សិរី សង្កត់ធ្ងន់ថា«ខ្ញុំពិតជាមានក្តីសង្ឃឹមយ៉ាងមុតមាំថាពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាដែលប្រព្រឹត្តទៅនៅថ្ងៃនេះ នឹងក្លាយជាសមិទ្ធផលដ៏មានសារៈសំខាន់ថ្មីមួយ រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងសុខាភិបាល ដែលសរបញ្ជាក់ឱ្យឃើញថា សាមគ្គីភាព គឺ ជាកំលំាង ហើយស្ថាប័នទាំងពីរនឹងបន្តពង្រឹងកិច្ចសហការល្អជាប្រពៃណីជាមួយគ្នា ដើម្បីធ្វើឱ្យការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលកាន់តែប្រសើរឡើង ក៏ដូចជាជំរុញការប្រើប្រាស់ប្រព័ន្ធកត់ត្រាការចាក់វ៉ាក់សាំងកូវីដ-១៩ កាន់តែមានភាពងាយស្រួល និងប្រកបដោយប្រសិទ្ធភាព។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថា «អនុស្សរណយោគយល់នៅពេលនេះធ្វើឡើងក្នុងគោលបំណង៖១)-បង្កើតកិច្ចសហប្រតិបត្តិការល្អរវាង(គ.វ.ក.១៩)និងធនាគារជាតិនៃកម្ពុជាដើម្បីពង្រីកវិសាលភាពនៃការទទួលបាននូវព័ត៌មានចាក់វ៉ាក់សំាងកូវីដ១៩ ឱ្យកាន់តែទូលំទូលាយនិងងាយស្រួលសម្រាប់អតិថិជនដែលបានប្រើប្រាស់ប្រព័ន្ធបាគងរបស់ធនាគារជាតិកម្ពុជា។២)-លើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធបាគង តាមរយៈការចូលរួមមើលព័ត៌មានចាក់វ៉ាក់សំាងកូវីដ១៩ដើម្បីរួមចំណែកជួយជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍ថ្មីៗនៃផ្នែកប្រព័ន្ធទូទាត់បាគងនិង៣)-បន្ថែមលើការប្រើប្រាស់ប្រព័ន្ធកត់ត្រាចាក់វ៉ាក់សំាងកូវីដ១៩និងផ្តល់ភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋនៅពេលដែលពួកគាត់ចូលប្រើប្រាស់ប្រព័ន្ធបាគង ក៏អាចចូលស្វែងរកព័ត៌មានចាក់វ៉ាក់សំាងកូវីដ១៩របស់ខ្លួនបាន»៕